លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញសារជាសំឡេងបង្គាប់ឱ្យក្រសួងពាក់ព័ន្ធ រារាំងគ្រប់លទ្ធភាពទាំងអស់ដើម្បីបំផ្លាញចោលជនខិលខូចដែលឈ្លៀតឱកាសពេលរដ្ឋាភិបាលជាប់រវល់នឹងការបោះឆ្នោត។
លោកហ៊ុន សែន បានថ្លែងថា៖ «ពួកខិលខូចបានចាប់ផ្តើមធ្វើសកម្មភាពក្នុងការទន្ទ្រាញកាប់យកដីធ្លីរបស់រដ្ឋដែលជាសម្បត្តិធនធានរបស់ជាតិ»។
លោកបន្ថែមថា៖ «ជារៀងរាល់ពេល ឱ្យតែមានការបោះឆ្នោត អំពើល្មើសច្បាប់ទាក់ទងនឹងការកាប់បំផ្លាញព្រៃឈើ និងកាប់ទន្ទ្រាញយកដីគឺតែងតែកើតមាន»។
លោកនាយករដ្ឋមន្ត្រីហ៊ុនសែន ក៏បានរំលឹកក្រសួងពាក់ព័ន្ធជាពិសេសក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទព្រមទាំងអាជ្ងាធរដែនដីគ្រប់លំដាប់ថ្នាក់ រារាំងដើម្បីបំផ្លាញចោលជនខិលខូចដែលឈ្លៀតឱកាសពេលរាជរដ្ឋាភិបាលជាប់រវល់នឹងការបោះឆ្នោត ហើយលួចទៅកាប់បំផ្លាញព្រៃឈើ។
លោក ហ៊ុន សែន អំពាវនាវចំពោះប្រជាពលរដ្ឋទាំងអស់មេត្តាគោរពច្បាប់ នឹងកុំបំពានយកដីរដ្ឋ។ លោក ហ៊ុន សែន លើកឡើងថាបញ្ហាទាំងអស់នេះគឺត្រូវពឹងផ្អែកទៅលើការខិតខំប្រឹងប្រែងរបស់អភិបាលខេត្តដែលមានព្រៃឈើទាំងនោះ។
លោក ហ៊ុន សែន បានអំពាវនាវដល់អ្នកមានអំណាច ប្រាក់កាសដែលឈរពីក្រោយខ្នងជនខិលខូច ឬប្រើជនខិលខូចទៅកាប់ទន្ទ្រាញព្រៃឈើ ឱ្យដកខ្លួនចេញជាបន្ទាន់។
លោកថា៖ «បើរកឃើញពាក់ព័ន្ធជាមួយមន្ត្រី ឬអ្នកមានប្រាក់ណាក៏ដោយ រាជរដ្ឋាភិបាលនឹងមិនអត់ឪន ហើយមិនលើកលែងរាល់សកម្មភាពនៅខាងក្រោយនោះទេ»។
លោកបញ្ជាក់ថា៖ «យើងមិនអាចយោគយល់រាល់សកម្មភាពទាំងឡាយណាដែលល្មើសច្បាប់ឡើង ហើយយើងត្រូវធ្វើកិច្ចការដើម្បីការពារធនធានធម្មជាតិ ព្រៃឈើ និងដីធ្លីរបស់រដ្ឋ»។
លោក ហ៊ុន សែន បានដាក់បញ្ជាយ៉ាងម៉ឺងម៉ាត់ ដើម្បីចាប់យកមេក្លោងដែលបំពានច្បាប់នោះមកផ្តន្ទាទោសតាមច្បាប់។
លោកបានថ្លែងបន្តថា «ត្រូវធ្វើការងារនេះជាបន្ទាន់ដោយមិនពន្យារពេល ហើយកិច្ចការនេះត្រូវធ្វើដូចភ្លៀងរលឹមមិនអាចឱ្យងើបឡើងសាជាថ្មីដើម្បីបំផ្លាញដល់ព្រៃឈើ និងដីធ្លីរបស់រដ្ឋនោះឡើយ»៕