សមាគម ខ្មែរ ថាវរៈ បានចេញសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣ បង្ហាញពីការដឹងកំហុស ថាសមាគមនេះមាននិន្នាការប្រឆាំងរដ្ឋាភិបាលតាមរយៈសកម្មភាពផ្សេងៗរបស់ខ្លួនកន្លងមក។

តាមរយៈខ្លឹមសារសេចក្តីថ្លែងការណ៍រួមរបស់សមាគមខ្មែរ ថាវរៈ ដែលមានកញ្ញា ហឿនស្រីនិច ជាសហស្ថាបនិកនោះបាននិយាយថាភ្ញាក់ខ្លួន ដឹងកំហុស​ និងបានសារភាពថាកន្លងមក កញ្ញា និងក្រុមការងារមាននិន្នាការប្រឆាំងរដ្ឋាភិបាល ដោយបានបង្កើតជាចលនាសង្គមផ្សេងៗដើម្បីយកលេសវាយប្រហាររាជរដ្ឋាភិបាល។

តាមរយៈសេចក្តីថ្លែងការណ៍ដដែលនេះ កញ្ញាហឿន ស្រីនិច្ច​ និងសហការីទាំងអស់បានមូលមតិគ្នាក្នុងការរៀបចំនិងបង្កើតសមាគមរបស់ខ្លួនឡើងវិញ​ ដោយធ្វើការស្នើចុះបញ្ជីតាមច្បាប់ និងបទបញ្ញត្តិនានាឲ្យបានត្រឹមត្រូវ។ បន្ថែមពីលើនេះ សមាគម ខ្មែរ ថាវរៈ ដែលប្រកាសថានឹងបើកឡើងវិញនេះ នឹងចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីធ្វើសកម្មភាពវិជ្ជមានផ្សេងៗនៅក្នុងសង្គម។

គួររំឮកថា កាលពីថ្ងៃទី៧​ ខែកញ្ញា ឆ្នាំ២០២០ ក្រសួងមហាផ្ទៃបានចេញសេចក្តីប្រកាសព័ត៌មានមួយ ដើម្បីជូនជាដំណឹង ក៏ដូចជាស្នើឲ្យអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធចាត់វិធានការទៅតាមផ្លូវច្បាប់ទៅលើក្រុមយុវជន ខ្មែរ ថាវរៈ និងក្រុមយុវជនមាតាធម្មជាតិ ដែលបានធ្វើសកម្មភាពដោយមិនមានអង្គការចាត់តាំងច្បាស់លាស់ និងមិនបានចុះឈ្មោះក្នុងបញ្ជីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាលនៅក្រសួងមហាផ្ទៃ៕