លោកនាយករដ្ឋមន្រ្តីហ៊ុន សែនបានបើកការដ្ឋានគម្រោងសាងសង់ហេដ្ឋាចរនាសម្ព័នផ្លូវល្បឿនលឿនខ្សែទី២ភ្នំពេញ-បាវិត កាលពីព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣នេះ ជាអត្ថប្រយោជន៍សម្រាប់ប្រជាពលរដ្ឋកម្ពុជា និងវិស័យសេដ្ឋកិច្ចក្នុងតំបន់និងប្រទេសជិតខាង។
ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត គ្រោងនឹងចំណាយថវិកាវិនិយោគប្រមាណ ១,៣៥ពាន់លានដូលារអាមេរិក ដែលមានប្រវែង១៣៥,១០គីឡូម៉ែត្រ តភ្ជាប់ខេត្តចំនួនបីគឺ ខេត្តកណ្តាល ខេត្តព្រៃវែង និងខេត្តស្វាយរៀង។ ផ្លូវនេះនឹងរួមចំណែកដ៏សំខាន់ ក្នុងការធ្វើដំណើររបស់ប្រជាជន ការដឹកជញ្ជូនទំនិញ កសិឧស្សាហកម្ម ពាណិជ្ជកម្ម និងបម្រើដល់វិស័យទេសចរណ៍តភ្ជាប់ពីកម្ពុជាទៅកាន់វៀតណាមផងដែរ។
យោងតាមគេហទំព័រក្រសួងសាធារណការនិងដឹងជញ្ជូនបានឱ្យដឹងថា អាទិភាពផ្លូវល្បឿនលឿននៅកម្ពុជា អាចបម្រើសេវាកម្មដឹងជញ្ជូនធន់ធ្ងន់បានល្អជាងផ្លូវធម្មតា និងជាមូលដ្ឋានសម្រាប់ឧស្សាហកម្មទំនើបៗ។ គោលបំណងសាងសង់ផ្លូវល្បឿនលឿននេះ ដើម្បីសមាហរណកម្មតំបន់អាស៊ាននិងក្នុងតំបន់ក្នុងការតភ្ជាប់បណ្តាញដឹងជញ្ជូនឱ្យប្រសិទ្ធភាពនិងការអភិវឌ្ឍបែបសាកលភាវូបនីយកម្ម ការតភា្ជប់ពីក្រុងភ្នំពេញទៅតាមបណ្តាខេត្តនានា និងពង្រឹងនិងកែលម្អស្ថានភាពចរាចរណ៍នៅកម្ពុជា។
គួរបញ្ជាក់ថាផ្លូវល្បឿនលឿនភ្នំពេញ-បាវិតជាផ្លូវខ្សែទី២ តភ្ជាប់ពីក្រុងភ្នំពេញទៅក្រុងបាវិតខេត្តស្វាយរៀង ក្រោមការទម្រង់វិយោគ សាងសង់-ប្រតិបត្តិការ-ផ្ទេរ(BOT) និងការសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាននិងថ្នល់ចិន(CRBC)៕