រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈបានជូនដំណឹងអំពីការបើកប្រតិបត្តិការសេវាដឹកជញ្ជូននៅក្នុងរាជធានីភ្នំពេញតាមតម្រាយខ្សែរត់រហូតដល់ទៅ១៨ខ្សែ ដើម្បីចូលរួមកាត់បន្ថយការកកស្ទះចរាចរណ៍ ក៏ដូចជាកាត់បន្ថយគ្រោះថ្នាក់និងផលប៉ះពាល់បរិស្ថាន។ តាមរយៈសេចក្តីជូនដំណឹងរបស់រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈនៅថ្ងៃ៨ មិថុនា ឆ្នាំ២០២៣នេះ បានឲ្យដឹងថា ដើម្បីចូលរួមកាត់បន្ថយការកកស្ទះចរាចរណ៍ ក៏ដូចជាកាត់បន្ថយគ្រោះថ្នាក់ និងផលប៉ះពាល់បរិស្ថាន និងជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញនោះ រ.ដ.សបានបើកសេវាដឹកជញ្ជូនសាធារណៈរថយន្តក្រុងតាមតម្រាយខ្សែរត់ចំនួន ១៨ខ្សែ ដែលមានដូចជា ខ្សែទី១A ខ្សែទី១B ខ្សែទី២ ខ្សែទី៣ ខ្សែទី៤A ខ្សែទី៤B ខ្សែទី៥A ខ្សែទី៥ ខ្សែទី៦ ខ្សែទី៧ ខ្សែទី៨ ខ្សែទី៩ ខ្សែទី១០ ខ្សែទី១១A ខ្សែទី១១B ខ្សែទី១២A ខ្សែទី១២B និងខ្សែទី១៣ តាមរយៈសេចក្តីជូនដំណឹងរបស់ រ.ដ.ស កាលពីខែវិច្ឆិកា ឆ្នាំ២០២១ តម្រាយខ្សែរត់មានត្រឹម ៥ខ្សែប៉ុណ្ណោះដែលកាលនោះមាន ខ្សែទី១ ខ្សែទី២ ខ្សែទី៣ ខ្សែទី៤A និងខ្សែទី៤B៕