គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសពីវិធានការយ៉ាងម៉ឺងម៉ាត់បំផុតចំពោះយុទ្ធនាការណាដែលបានរំលោភបំពានលើមាត្រា ១៤២ នៃច្បាប់ ស្ដីពីការបោះឆ្នោត ជ្រើសរើសតំណាងរាស្ត្រ ត្រូវផាកពិន័យជាប្រាក់ ពី ៥០០០០០០ (ប្រាំលានរៀល) ទៅ ២០០០០០០០ (ម្ភៃលានរៀល) និងទោសព្រហ្មទណ្ឌផ្សេងទៀត។
តាមសេចក្ដីប្រកាសព័ត៌មានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ចេញថ្ងៃទី៦ ខែមិថុនា ចំពោះសកម្មភាពទុច្ចរិតណាដែលរំលោភបំពានលើមាត្រា ១៤២ នៃច្បាប់ ស្ដីពីការបោះឆ្នោត ជ្រើសរើសតំណាងរាស្ត្រ រួមមាន៖ រារាំងប្រជាពលរដ្ឋដែលមានសិទ្ធបោះឆ្នោតមិនឱ្យទៅបោះឆ្នោត ធ្វើឱ្យមានការភាន់ច្រឡំនាំឱ្យបាត់បងទំនុកចិត្តលើការបោះឆ្នោត បង្កការរំខាន មិនឱ្យដំណើរការបោះឆ្នោតបានរលូន គឺត្រូវផាកពិន័យជាប្រាក់ពី ៥០០០០០០(ប្រាំលានរៀល) ទៅ ២០០០០០០០ (ម្ភៃលានរៀល) ដោយពុំទាន់គិតដល់ទោសព្រហ្មទណ្ឌផ្សេងទៀត។
គ.ជ.ប អំពាវនាវដល់បុគ្គលទាំងឡាយដែលមានចេតនាទុច្ចរិត ត្រូវបញ្ឈប់ជាបន្ទាន់នូវសកម្មភាព ដែលផ្ទុយពីខ្លឹមសារនៃច្បាប់ហើយប្រជាពលរដ្ឋកម្ពុជាគ្រប់រូបដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២២ សូមអញ្ជើញទៅចូលរួមបោះឆ្នោតឱ្យបានទាំងអស់គ្នា។
«គ.ជ.ប សង្ឃឹមនិងជឿជាក់ថា គណបក្សនយោបាយ បេក្ខជន អ្នកគាំទ្រគណបក្សនយោបាយ រួមទាំងអ្នកគ្រប់គ្រងបណ្ដាញផ្សព្វផ្សាយព័ត៌មានគ្រប់ប្រភេទនឹងអនុវត្តតាមការអំពាវនាវនេះឱ្យមានប្រសិទ្ធភាព។»
គូបញ្ជាក់ផងថា ក្រុមប្រតិកម្មព័ត៌មាន គ.ជ .ប បានកត់សម្គាល់ឃើញថា មានបុគ្គលមួយចំនួនបានធ្វើយុទ្ធនាការតាមរយៈ ខិត្តប័ណ្ណ រូបភាព ឬ ស្ប៉តឃោសនានានា តាមបណ្ដាញព័ត៌មានសង្គម ដោយអំពាវនាវ ឱ្យប្រជាពលរដ្ឋ គូសសន្លឹកឆ្នោតចោល មិនឱ្យទៅបោះឆ្នោត ជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៧នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ព្រោះគ្មានគណបក្ស ភ្លើងទៀត៕