គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត (គ.ជ.ប)​ បានប្រកាសពី​វិធានការ​យ៉ាង​ម៉ឺងម៉ាត់​បំផុត​ចំពោះ​យុទ្ធនា​​ការ​ណា​ដែល​បាន​រំលោភ​បំពាន​លើ​មាត្រា​ ១៤២​ នៃ​ច្បាប់​ ​ស្ដីពី​ការ​បោះឆ្នោត​ ជ្រើសរើស​តំណាង​រាស្ត្រ​​ ត្រូវ​ផាក​ពិន័យ​ជា​ប្រាក់​ ពី​​ ៥០០០០០០ (ប្រាំ​លាន​រៀល) ទៅ ២០០០០០០០​ (ម្ភៃ​លាន​រៀល)​ និង​ទោស​ព្រហ្មទណ្ឌ​ផ្សេងទៀត។

តាមសេចក្ដីប្រកាស​ព័ត៌មាន​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត ចេញថ្ងៃទី៦ ខែមិថុនា ចំពោះ​សកម្ម​ភាព​ទុច្ចរិត​ណា​ដែល​រំលោភ​បំពាន​លើ​មាត្រា​ ១៤២​ នៃច្បាប់​ ​ស្ដីពី​ការបោះឆ្នោត​ ជ្រើសរើស​តំណាង​រាស្ត្រ រួមមាន៖ រារាំង​ប្រជាពលរដ្ឋ​ដែលមាន​សិទ្ធ​បោះឆ្នោត​មិន​ឱ្យ​ទៅបោះឆ្នោត​ ធ្វើ​ឱ្យ​មាន​ការ​ភាន់ច្រឡំ​នាំឱ្យ​បាត់បង​ទំនុក​ចិត្ត​លើ​ការ​បោះឆ្នោត​ បង្កការរំខាន​​ មិន​ឱ្យ​ដំណើរ​ការបោះឆ្នោត​បានរលូន គឺ​ត្រូវផាក​ពិន័យជាប្រាក់​ពី​​ ៥០០០០០០(ប្រាំលានរៀល) ទៅ ២០០០០០០០​ (ម្ភៃ​លាន​រៀល​) ដោយពុំទាន់គិត​ដល់ទោស​ព្រហ្មទណ្ឌ​ផ្សេងទៀត។

គ.ជ.ប​ អំពាវ​នាវ​ដល់​បុគ្គល​ទាំងឡាយ​ដែល​មាន​ចេតនា​ទុច្ចរិត ត្រូវ​បញ្ឈប់​ជាបន្ទាន់​នូវ​សកម្មភាព ដែល​ផ្ទុយ​ពី​ខ្លឹម​សារ​នៃ​ច្បាប់​ហើយ​ប្រជាពលរដ្ឋ​កម្ពុជា​គ្រប់រូប​ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​ផ្លូវការ ​ឆ្នាំ២០២២ សូម​អញ្ជើញ​ទៅ​ចូលរួម​បោះឆ្នោត​ឱ្យ​បាន​ទាំង​អស់​គ្នា។​

​«គ.ជ.ប សង្ឃឹមនិង​ជឿ​ជាក់​ថា​ គណបក្ស​នយោបាយ​ បេក្ខជន​ អ្នកគាំទ្រ​គណបក្ស​នយោបាយ រួម​ទាំង​អ្នក​គ្រប់គ្រង​បណ្ដាញ​​ផ្សព្វផ្សាយ​ព័ត៌មាន​គ្រប់​ប្រភេទ​នឹង​អនុវត្ត​តាម​ការ​អំពាវនាវ​នេះ​ឱ្យ​មានប្រសិទ្ធភាព។»

គូ​បញ្ជាក់​ផង​ថា ក្រុម​ប្រតិកម្មព័ត៌មាន គ.ជ .ប បានកត់សម្គាល់ឃើញថា​ មាន​បុគ្គលមួយចំនួន​បាន​ធ្វើ​យុទ្ធនាការ​តាមរយៈ ខិត្តប័ណ្ណ រូបភាព ឬ ស្ប៉ត​ឃោសនា​នានា​ តាម​​បណ្ដាញ​ព័ត៌មាន​សង្គម​​ ដោយ​អំពាវ​នាវ​ ឱ្យប្រជាពលរដ្ឋ​ គូសសន្លឹកឆ្នោតចោល មិន​ឱ្យ​ទៅ​បោះឆ្នោត​ ជ្រើស​រើស​តំណាងរាស្ត្រ​នីតិកាល​ទី​៧នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ព្រោះ​គ្មាន​គណបក្ស​ ភ្លើងទៀត៕