ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រកាសលើកលែងពន្ធលើអចលនវត្ថុចំពោះអចលនទ្រព្យក្នុងក្រុងឧដុង្គម៉ែជ័យ នៃខេត្តកំពង់ស្ពឺ ក្រុងអរិយក្សត្រ និងក្រុងសំពៅលូន នៃខេត្តកណ្តាល និងក្រុងបូកគោ នៃខេត្តកំពតរហូតដំណាច់ឆ្នាំ២០២៣។
យោងតាមប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣ ម្ចាស់អចលនទ្រព្យទាំងអស់ដែលស្ថិតក្នុងក្រុងឧដុង្គម៉ែជ័យ នៃខេត្តកំពង់ស្ពឺ ក្រុងអរិយក្សត្រ និងក្រុងសំពៅលូន នៃខេត្តកណ្តាល និងក្រុងបូកគោ នៃខេត្តកំពត ពុំមានកាតព្វកិច្ចដាក់លិខិតប្រកាស និងបង់ពន្ធលើអចលនទ្រព្យរហូតដល់ដំណាច់ឆ្នាំ២០២៣។
អចលនទ្រព្យដែលបង់ពន្ធរួច ប្រាក់បង់ពន្ធនោះអាចធ្វើឥណទានយោងសម្រាប់យកទៅកាត់កងពន្ធលើអចលនទ្រព្យសម្រាប់ឆ្នាំបន្តបន្ទាប់បាន។
គួររំឮកថាម្ចាស់អចលនទ្រព្យទាំងអស់ដែលស្ថិតក្នុងក្រុងនេះ ត្រូវមានកាតព្វកិច្ចចុះបញ្ជីអចលនទ្រព្យនៅសាខាពន្ធដារខេត្តដែលអចលនទ្រព្យស្ថិតនៅ ឬនៅនាយកដ្ឋានពន្ធចលនទ្រព្យ និងអចលនទ្រព្យនៃអគ្គនាយកដ្ឋានពន្ធដារ៕