កសិករមួយចំនួន បានលើកឡើងពីផលលំបាកនាពេលបច្ចុប្បន្នក្នុងការប្រកបការងារដោយសារតែការចំណាយកាន់តែច្រើនទៅៗ លើថ្លៃជី ថ្លៃប្រេង កម្លាំងពលកម្ម និងការជួលដីជាដើម។ កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៣ សិក្ខាកាមព័ត៏មាននៃ Newsroom Cambodia បានសម្ភាសជាមួយកសិករមួយចំនួន។ លោកចត់ សុជាតិ អាយុ៥១ឆ្នាំ ជាម្ចាស់ចំការត្រាវ ស្ថិតនៅឃុំកោះឧកញ៉ាតី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បានលើកឡើងពីបញ្ហាការនាំចូលបន្លែពីវៀតណាមមកច្រើន ស្របពេលដែលបន្លែក្នុងស្រុកយើងត្រូវប្រមូលផល ដែលជាហេតុនាំឱ្យទីផ្សារមិនសូវល្អ ហើយតម្លៃក៏ធ្លាក់ចុះ។ លោកបញ្ជាក់ថា «បញ្ហាខ្ញុំអ្នកដាំ រត់លែងចង់រួចដែរ ព្រោះការចំណាយវាច្រើន ហើយដាំឆ្នាំខ្លះក៏បាន ឆ្នាំខ្លះ ក៏មិនសូវបាន»។ លោកបន្តថា «បើយើងបិទបន្លែពីវៀតណាមខ្លះ ចាំឱ្យផលិតរបស់យើងអស់ ចាំនាំរបស់គេចូលមិនអីទេ តែពិបាកតែពេលដែលយើងដល់ គេដល់ដែរ ហើយខាងវៀតណាម គេមានគ្រប់រដូវជាងយើង យើងមានតែមួយរដូវទេ ហើយត្រូវចាំ៦ខែទើបអាចប្រមូលផលបាន»។ លោកហន ហួរ អាយុ ៤២ឆ្នាំ មុខរបរកសិករ ១៤ឆ្នាំជាង ជាអ្នករស់នៅតំបន់នោះបានលើកឡើងពីការចំណាយទុនច្រើនក្នុងការដាំដុះ ហើយត្រូវរងចាំរយៈពេលយូរទើបអាចប្រមូលផលបានមកវិញ។ លោកបញ្ជាក់ថា «ការធើ្វកសិកម្មរបស់យើងចំនេញតិច ហើយ១ឆ្នាំ បានតែម្តងទេ (ដំណាំត្រាវ) គឺដាំខែ១១ និងប្រមូលផលខែ៦»។ លោកបន្តថា «យើងប្រើរបស់ច្រើនដូចជាប្រេង ជី កម្មករ ជួលដីទាំងអស់គឺត្រូវប្រើទន់ច្រើន ហើយម្ចាស់ចំការខ្លះគាត់មានដើមទុន មិនខ្ចីធនាគារបន្ថែមទេ ចំណែកខ្ញុំត្រូវខ្ចីធនាគារព្រោះដើមទុន មិនគ្រប់»។ លោកគីម ផឺង អាយុ ៦៨ ឆ្នាំ ជាកសិករ និងជាអ្នករត់កង់បីផង រស់នៅតំបន់នោះបានលើកឡើងពីភាពជោគជ័យរបស់កសិករក្នុងការដាំដុះតែមិនទាន់ទទួលបានជំនួយបច្ចេកទេសពីស្ថាប័នពាក់ព័ន្ធនៅឡើយ។ លោកបញ្ជាក់ថា «ការធើ្វកសិកម្មរបស់អ្នកភូមិគាត់បានជោគជ័យរាល់ឆ្នាំ ទិន្នផល និងផលចំនេញចូលរាល់ឆ្នាំ ចំណែកការងារផ្នែកបច្ចេកទេសផ្សេងៗ គាត់(កសិករ) រៀបចំខ្លួនឯងទាំងអស់ មិនមានស្ថាប័នពាក់ព័ន្ធណាមួយជួយទេ»។ លោកបន្តថា «ប៉ុន្តែត្រូវជួលដី ជួលកម្មករ ធ្វើការងារជាច្រើន ពេលខ្វះលុយគាត់គឺ ចងការធនាគារយកមកប្រើប្រាស់»។ កសិករម្នាក់ទៀតវ័យ ៣៧ឆ្នាំ សុំមិនបញ្ចេញឈ្មោះ លោកបានលើកឡើងពីការប្រែប្រួលទិន្នផល និងតម្លៃនៃការលក់ចេញទៅអោយឈ្មួញ។ លោកបញ្ជាក់ថា «ការប្រមូលផលបាន មិនទៀងទេ ជួនទៅដាំល្អផលច្រើន ជួនទៅមិនសូវល្អក៏បានផលតិចតាមហ្នឹង»។ លោកបន្តថា «សម្រាប់ឆ្នាំ២០២២ ធៀបជាមួយឆ្នាំ២០២៣ តម្លៃលក់បានប្រហែលគ្នា តែជី ប្រេងឡើងថ្លៃ ធាតុអាកាសប្រែប្រួល អញ្ចឹងហើយការធ្វើក៏មិនសូវបានដែរ»។ កសិករវ័យ ៤២ឆ្នាំម្នាក់ សុំមិនបញេ្ចញឈ្មោះ លោកស្រីបានលើកឡើងថា «ខ្ញុំធើ្វកសិកម្មនៅតំបន់នេះច្រើនឆ្នាំដែរមកហើយ ផលពិបាកនៃការធើ្វ អាចចំនេញ អាចខាត»។ លោកស្រីបន្តថា «នេះជាកម្លាំងញើសឈាមខ្លួនឯងសុទ្ធតែម្តង មិនមានខាងសា្ថប័នណាមួយមកជួយទេហើយធ្វើគឺត្រូវជួលដីគេ ជួលកម្មករខ្លះ ជួលត្រាក់ទ័រសម្រាប់ភ្ជូរដី ការចំណាយច្រើន»៕