កសិករ​មួយចំនួន​ ​បានលើកឡើងពីផលលំបាកនាពេលបច្ចុប្បន្នក្នុងការប្រកបការងារដោយសារតែការចំណាយកាន់តែច្រើនទៅៗ លើថ្លៃជី ថ្លៃប្រេង កម្លាំងពលកម្ម  និងការជួលដីជាដើម។

កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៣ ​សិក្ខាកាមព័ត៏មាននៃ Newsroom Cambodia បាន​សម្ភាស​ជា​មួយកសិករមួយចំនួន។​

លោកចត់ សុជាតិ អាយុ៥១ឆ្នាំ ជាម្ចាស់ចំការត្រាវ ស្ថិត​នៅ​ឃុំ​កោះឧកញ៉ាតី​ ស្រុក​ខ្សាច់​កណ្តាល​ ខេត្ត​កណ្តាល​ បាន​លើកឡើងពីបញ្ហាការនាំចូលបន្លែពីវៀតណាមមកច្រើន​ ស្រប​ពេល​ដែល​បន្លែ​ក្នុង​ស្រុក​យើង​ត្រូវ​ប្រមូលផល ​ដែល​ជា​ហេតុ​នាំ​ឱ្យ​ទី​ផ្សារ​មិន​សូវ​ល្អ​ ហើយ​តម្លៃ​ក៏​ធ្លាក់​ចុះ​។​

លោកបញ្ជាក់ថា «បញ្ហាខ្ញុំអ្នកដាំ រត់លែងចង់រួចដែរ ព្រោះការចំណាយវាច្រើន ហើយ​ដាំ​ឆ្នាំ​ខ្លះ​ក៏​បាន​ ឆ្នាំ​ខ្លះ​ ក៏​មិនសូវបាន​»​។​

លោកបន្តថា «បើយើងបិទបន្លែពីវៀតណាមខ្លះ ចាំឱ្យផលិតរបស់យើងអស់ ​ចាំ​នាំ​របស់​គេ​ចូល​មិន​អីទេ តែ​ពិបាក​តែ​ពេលដែលយើងដល់ គេដល់ដែរ ហើយខាងវៀតណាម គេមានគ្រប់រដូវជាងយើង យើង​មាន​តែ​មួយ​រដូវ​ទេ ​ហើយត្រូវចាំ៦ខែទើបអាចប្រមូលផលបាន»។

លោកហន ហួរ អាយុ ៤២ឆ្នាំ មុខរបរកសិករ ១៤ឆ្នាំជាង ជា​អ្នក​រស់​នៅ​តំបន់​នោះ​បាន​លើក​ឡើង​ពី​កា​រ​ចំណាយ​ទុន​ច្រើន​ក្នុង​ការ​ដាំដុះ ហើយ​ត្រូវ​រង​ចាំ​រយៈ​ពេល​យូរ​ទើប​អាច​ប្រមូល​ផល​បានមកវិញ។

លោកបញ្ជាក់ថា «ការធើ្វកសិកម្មរបស់យើងចំនេញតិច ហើយ១ឆ្នាំ បានតែម្តងទេ (ដំណាំត្រាវ) គឺ​ដាំ​ខែ១១ ​និង​ប្រមូលផល​ខែ៦​»។

លោកបន្តថា «យើងប្រើរបស់ច្រើនដូចជាប្រេង ជី កម្មករ ជួលដីទាំងអស់គឺត្រូវប្រើទន់ច្រើន ហើយ​ម្ចាស់​ចំការ​ខ្លះ​គាត់​មាន​ដើម​ទុន ​មិន​ខ្ចី​ធនាគារ​បន្ថែម​ទេ​ ចំណែក​ខ្ញុំ​ត្រូវ​ខ្ចី​ធនាគារ​ព្រោះ​ដើម​ទុន ​មិន​គ្រប់»។

លោកគីម ផឺង អាយុ ៦៨ ឆ្នាំ ជាកសិករ និងជាអ្នករត់កង់បីផង រស់​នៅ​តំបន់​នោះ​បាន​លើក​ឡើង​ពី​ភាព​ជោគ​ជ័យ​របស់​កសិករ​ក្នុងការដាំដុះតែ​មិន​ទាន់​ទទួល​បាន​ជំនួយ​បច្ចេកទេស​ពីស្ថាប័ន​ពាក់​ព័ន្ធ​នៅ​ឡើយ​។​

លោកបញ្ជាក់ថា «ការ​ធើ្វ​កសិកម្ម​របស់​អ្នក​ភូមិ​គាត់​បាន​ជោគជ័យ​រាល់​ឆ្នាំ​ ទិន្នផល និង​​ផល​ចំនេញ​​​ចូល​​រាល់​​​ឆ្នាំ​​ ចំណែក​ការងារ​ផ្នែក​បច្ចេកទេស​ផ្សេងៗ គាត់(កសិករ) ​រៀប​​ចំខ្លួនឯង​ទាំង​អស់ មិន​មាន​ស្ថាប័ន​ពាក់ព័ន្ធ​ណា​មួយ​ជួយ​ទេ»​។

លោក​បន្ត​ថា​ «ប៉ុន្តែ​ត្រូវជួល​ដី ជួលកម្មករ ធ្វើ​ការងារ​ជា​ច្រើន​ ពេល​ខ្វះ​លុយ​គាត់​គឺ​ ចង​ការ​ធនាគារ​យក​មក​ប្រើ​ប្រាស់​»​។

កសិករម្នាក់ទៀតវ័យ ៣៧ឆ្នាំ សុំមិនបញ្ចេញឈ្មោះ លោក​បាន​លើក​ឡើងពីការប្រែប្រួលទិន្នផល និង​តម្លៃ​នៃ​ការ​លក់​ចេញ​ទៅ​អោយ​ឈ្មួញ​។​

​លោកបញ្ជាក់ថា «​ការប្រមូលផលបាន មិនទៀងទេ ជួនទៅដាំល្អផលច្រើន ជួន​ទៅ​មិន​សូវ​ល្អ​ក៏​បាន​ផល​តិច​តាម​ហ្នឹង​»។

លោកបន្តថា «សម្រាប់ឆ្នាំ២០២២ ធៀបជាមួយឆ្នាំ២០២៣ តម្លៃលក់បានប្រហែលគ្នា តែជី ប្រេងឡើងថ្លៃ ធាតុ​អាកាស​ប្រែប្រួល អញ្ចឹងហើយការធ្វើក៏មិនសូវបានដែរ»។

កសិករ​វ័យ ៤២ឆ្នាំ​ម្នាក់ សុំមិនបញេ្ចញឈ្មោះ លោក​ស្រី​បាន​លើក​ឡើង​ថា​ «​ខ្ញុំ​ធើ្វ​កសិកម្ម​នៅ​តំបន់​នេះ​ច្រើនឆ្នាំដែរមកហើយ ផល​ពិបាក​នៃការ​ធើ្វ​ អាច​ចំនេញ​ អាច​ខាត​»​។

លោក​ស្រី​បន្ត​ថា​ «នេះ​ជា​កម្លាំង​ញើស​ឈាម​ខ្លួនឯង​សុទ្ធ​តែ​ម្តង​ មិនមានខាងសា្ថប័នណាមួយមក​ជួយ​ទេ​ហើយធ្វើគឺ​ត្រូវ​ជួលដីគេ ជួលកម្មករខ្លះ ជួលត្រាក់ទ័រសម្រាប់ភ្ជូរដី ការចំណាយច្រើន»៕