រដ្ឋាភិបាលកម្ពុជាបានចេញអនុក្រឹត្យ ចុះថ្ងៃទី៦ មិថុនាឆ្នាំ២០២៣ កែសម្រួលអត្រាពន្ធគយ អត្រាអាករពិសេស និងអត្រាអាករនាំចេញលើមុខទំនិញមួយចំនួន។
អនុក្រឹត្យនោះបញ្ចុះអត្រាពន្ធគយពី ៣៥% មក ១៥% លើមុខទំនិញនាំចូលរួមមាន រុក្ខជាតិរស់សម្រាប់ផលិតឱសថ អាហារកែច្នៃ និងគ្រឿងសង្ហារឹមមួយចំនួន ចំនួន៣២៧បន្ទាត់ពន្ធ ពី៣៥% មក ៧%លើមុខទំនិញនាំចូលរួមមានក្រមួនទន្តពេទ្យ ឧបករណ៍បំភ្លឺ ឬឱ្យសញ្ញាសម្រាប់ទោចក្រយានជាដើម ចំនួន២១ បន្ទាត់ពន្ធ។
អនុក្រឹត្យក៏បញ្ចុះអត្រាពន្ធគយ ពី១៥% មក ៧%លើមុខទំនិញ ផ្កា សម្ភារៈជាងប្រើប្រាស់ដោយដៃ ចង្កៀងសូឡា ជាដើមចំនួន២៦៥បន្ទាត់ពន្ធ ពី១៥% មក ០% លើសំបកធញ្ញជាតិ សៀកចល័តជាដើម ៣៧បន្ទាត់ពន្ធ និងពី៧% មក ០% លើរុក្ខជាតិសម្រាប់ដាំដុះ កំព្យូទ័រលើតុជាដើមចំនួន ៣៥បន្ទាត់ពន្ធ។
ដំឡើងអត្រាពន្ធគយ នាំចូលពី៧% ទៅ១៥% លើមុខទំនិញដូចជា ដំណាប់ ចាហួយ និងល្បាយខាប់នៃផ្លែឈើ ជាដើមចំនួន៨៦ បន្ទាត់ពន្ធ ពី០% ទៅ១៥% លើម៉ាស៊ីនសំលៀង និងម៉ាស៊ីនចាក់ពុម្ពផលិតប្លាស្ទិច 3Dជាដើម ចំនួន៥បន្ទាត់ពន្ធ ពី០% ទៅ៧% លើមុខទំនិញ ថ្មឆ្នួន មិនទាន់កែច្នៃជាដើម ចំនួន ៨បន្ទាត់ពន្ធ ។
បញ្ចុះអត្រាអាករពិសេសលើមុខទំនិញមួយចំនួនពី៥៥% មក៥០% ចំនួន៨ បន្ទាត់ពន្ធ ពី៥០% មក៤៥% ចំនួន៨២ បន្ទាត់ពន្ធ ពី៥០% មក៤០% ចំនួន៨២ បន្ទាត់ពន្ធ ពី៤០% មក៣០% ចំនួន៨២ បន្ទាត់ពន្ធ ពី៤០% មក១០% ចំនួន២ បន្ទាត់ពន្ធ ពី៣០% មក២៥% ចំនួន៧ បន្ទាត់ពន្ធ ពី៣០% មក១០% ចំនួន៤ បន្ទាត់ពន្ធ ពី២៥% មក២០% ចំនួន៤ បន្ទាត់ពន្ធ ពី២៥% មក១៥% ចំនួន២ បន្ទាត់ពន្ធ ពី២៥% មក១០% ចំនួន៨៦ បន្ទាត់ពន្ធ។
បញ្ចុះអត្រាអាករពិសេសលើមុខទំនិញមួយចំនួនពីពន្ធ ពី២៥% មក០% ចំនួន៦០បន្ទាត់ពន្ធ ពី២០% មក១៥% ចំនួន២ បន្ទាត់ពន្ធ ពី២០% មក១០% ចំនួន១១បន្ទាត់ពន្ធ ពី២០% មក០% ចំនួន៥ បន្ទាត់ពន្ធ ពី១៥% មក១០% ចំនួន៨ បន្ទាត់ពន្ធ ពី១៥% មក០% ចំនួន២២បន្ទាត់ពន្ធ ពី១០% មក៥% ចំនួន៨ បន្ទាត់ពន្ធ និងពី១០% មក០% ចំនួន៥១ បន្ទាត់ពន្ធ។
តំឡើងអត្រាអាករពិសេសលើមុខទំនិញនាំចូលពី១៥% ទៅ២៥% លើសំបកកង់រថយន្តថ្មី ចំនួន ១៣បន្ទាត់ពន្ធ ពី១០% ទៅ២៥% លើគ្រឿងបន្លាស់រថយន្តមួយចំនួន ចំនួន ៩បន្ទាត់ពន្ធ ពី១០% ទៅ១៥% លើភេសជ្ជៈប៉ូវកម្លាំងចំនួន១ បន្ទាត់ពន្ធ ពី០% ទៅ២៥% លើរ៉ែមួយចំនួន និងសំបកកង់សម្រាប់រថយន្ត ចំនួន២៤ បន្ទាត់ពន្ធ នៃតារាងពន្ធគយកម្ពុជាឆ្នាំ២០២២។
ដំឡើងអត្រាអាករលើមុខទំនិញនាំចេញពីពី២០% ទៅ២៥% លើរ៉ែលោហៈធាតុគ្រប់ប្រភេទ ចំនួន២៥បន្ទាត់ពន្ធ ពី១៥% ទៅ២៥% លើខ្សាច់ ១បន្ទាត់ពន្ធ ពី១០% ទៅ២៥%លើ រ៉ែ ដីឥត និងដីស ជាដើម ៣៧បន្ទាត់ពន្ធ និងពី១០% ទៅ២០%លើសមាសធាតុរ៉ែមួយចំនួន ចំនួន៣១ បន្ទាត់ពន្ធ នៃតារាងពន្ធគយកម្ពុជា ឆ្នាំ២០២២៕