លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣ បានស្នើអាជ្ញាធរវៀតណាមចាប់ខ្លួនលោក សម រង្ស៊ី បញ្ជូនមកម្ពុជា ប្រសិនបើគាត់ប្រើប៉ាស្ព័របារាំងដើម្បីឆ្លងចូល។
លោកហ៊ុន សែន បានស្នើបែបនេះទៅកាន់ឯកអគ្គរាជទូតនៃប្រទេសវៀតណាម ជាផ្លូវការតាមរយៈសារសម្លេង ដោយបើកចំហរថា បើលោក សម រង្ស៊ី ហ៊ានចូលមកប្រទេសវៀតណាម សូមវៀតណាមចាប់ខ្លួនលោក សម រង្ស៊ី ហើយបញ្ជូនមកកម្ពុជា។
នៅក្នុងសារសំឡេងដដែលនោះ លោក ហ៊ុន សែន បានបន្ថែមទៀតថា លោក សម សង្ស៊ី ចង់ប្រើប៉ាស្ព័រ បារាំងរបស់ខ្លួនចូលមកប្រទេស ថៃ ម៉ាឡេស៊ី និងវៀតណាម ក្នុងនាមជាអ្នកទេសចរណ៍។ លោក ហ៊ុន សែន ក៏បាននិយាយអំពីកិច្ចសហប្រតិបត្តិការខាងផ្លូវច្បាប់ រវាងកម្ពុជា និងវៀតណាម និងបានលើកឡើងថា បើភាគីវៀតណាមអនុញ្ញាតិអោយលោក សម រង្ស៊ី ចូលមកទឹកដីខ្លួនហើយមិនព្រមចាប់ខ្លួនតាមការស្នើសុំរបស់លោក កម្ពុជា និងវៀតណាមនឹងមានរឿងជាមួយគ្នា។
លោកហ៊ុន សែន បានថ្លែងដូច្នេះនៅក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ បាវិត និងបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេនេគង្គ និងផ្លូវតភ្ជាប់ក្បាលស្ពាន នៅខេត្តកណ្តាល។
គួរបញ្ជាក់ផងដែរថា លោក សម រង្ស៊ី បានទទួលការចោទប្រកាន់ពីតុលាការរបស់លោក ហ៊ុន សែន យ៉ាងច្រើនករណី និងមានដីការចាប់ខ្កួនលោកភ្លាមៗ ប្រសិនបើលោកហ៊ានឈានជើងចូលមកទឹកដី កម្ពុជា៕