តាមរយៈសារសំឡេង លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៣ បានអបអរសាទរនឹងព័ត៌មានថា គណបក្សនយោបាយថៃ ដែលទើបជាប់ឆ្នោតថ្មីៗនេះ នឹងមិនបណ្តេញពលករខ្មែរចេញពីប្រទេសនោះទេ។
លោកហ៊ុន សែន បាននិយាយថា មុននេះលោកបានបង្ហាញពីកង្វល់ ស្ដីអំពីគណបក្សឆ្ពោះទៅមុខនេះមានបំណង បណ្ដេញកម្មករឡាវ និងកម្មករ កម្ពុជាចេញពីប្រទេសថៃ។
«តែម្សិលមិញមានការបញ្ជាក់យ៉ាងជាក់លាក់ថា គឺអត់មានទេគេនឹង សម្រួលឱ្យថែមទៀតផង។ បើដូច្នេះគឺយើងលែងកង្វល់ជាមួយនឹងការចាកចេញរបស់កម្មករ កម្មការនីរបស់យើងដែល កំពុងធ្វើការក្នុងប្រទេសថៃ។»
លោកហ៊ុន សែន បានថ្លែងសារនេះក្នុងឱកាសដែលលោកបានអញ្ជើញ ជាអធិបតីភាពចុះសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបជិត ២ម៉ឺននាក់មកពីរោង ចក្រសហគ្រាសចំនួន៥ កំពុងដំណើរការអាជីវកម្មនៅក្នុងស្រុក កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
លោកហ៊ុន សែន ក៏បានថ្លែងអំណរគុណចំពោះការបញ្ជាក់របស់ភាគីថៃ ហើយលោកក៏បាន សម្តែងការពេញចិត្តចំពោះព័ត៌មាន ដែលបានបកស្រាយថានឹងមិនមានបញ្ហាបណ្តេញពលករ ពលការិនី កម្ពុជាចេញពីប្រទេសថៃនេះ។
លោកហ៊ុន សែន បានបង្ហាញក្ដីសង្ឃឹមថាកិច្ច សហប្រតិបត្តិការលើវិស័យទាក់ទងនឹងកម្មករអន្តោប្រវេសន៍ ដែលជាកិច្ចព្រមព្រៀងក្នុងក្រប ខ័ណ្ឌអាស៊ាន គឺត្រូវបានទទួលការការពារ និងដោះស្រាយ។
គួរបញ្ជាក់ផងដែរថា បច្ចុប្បន្នពលករខ្មែរដែលកំពុងធ្វើការនៅប្រទេសថៃមាន ប្រមាណ ១,២ លាននាក់ ក្នុងចំណោមពលករក្រៅស្រុកសរុប៕