តិកតុកគឺជាបណ្តាញសង្គមដែលត្រូវបានង្កើតឡើងដោយក្រុមហ៊ុនចិនឈ្មោះថា ByteDance កាលពីឆ្នាំ២០១៦។ ការជជែកពិភាក្សាគ្នាទៅលើគុណសម្បត្តិ និងគុណវិប្បត្តិរបស់បណ្តាញសង្គមមួយនេះនៅតែបន្តកើតឡើង។
Newsroom Cambodia បានធ្វើការសម្ភាសន៍ជាមួយយុវជនមួយចំនួននៅក្នុងរាជធានីភ្នំពេញ ដោយបានជ្រើសរើសទីតាំងចំនួន២ កន្លែងទីមួយនៅម្តុំមុខព្រះបរមរាជវាំង និងទីពីនៅសាកលវិទ្យាល័យជាតិគ្រប់គ្រង។
យុវជនម្នាក់ឈ្មោះ ត្រា អាយុ២៨ឆ្នាំ បានថ្លែងប្រាប់ Newsroom Cambodia ថា ការលេងតិកតុកអាចល្អ ឬមិនល្អអាស្រ័យទៅលើយើងខ្លួនឯងផ្ទាល់។ លោកបានបន្ថែមថា លោកខ្លួនឯងលេងតិកតុកគ្រាន់តែជាការសប្បាយតែប៉ុណ្ណោះ។ លោកបញ្ជាក់ថាក្មេងៗមិនគួរលេងតិកតុកនោះទេ ពីព្រោះយើងមិនអាចហាមឲ្យអ្នកលេងដទៃទៀត មិនឲ្យបង្ហោះវីដេអូដែលមិនល្អនោះទេ។
យុវជនម្នាក់នេះបាននិយាយថា៖ «សម្រាប់តិកតុក បើយើងលេងល្អ វាល្អ វាអាស្រ័យទៅលើខ្លួនយើងផ្ទាល់។ រាល់ថ្ងៃ លេងតិកតុក២ ទៅ ៣ ដងក្នុងមួយថ្ងៃដែរ ពេលយើងទំនេរពីការងារ ជួនកាលទៅមួយសប្តាហ៍អីយើងអាចថតម្តងទៅ សម្រាប់ការកំសាន្តដើម្បីសប្បាយចិត្តខ្លួនឯង។ យើងធ្វើទៅយើងពេញចិត្តហើយ យើង Post ទៅ។ បើតាមខ្ញុំគិតមើលកូនក្មេង កុំសូវឲ្យលេងតិកតុកអី វាអត់សូវល្អដែរ ព្រោះអីតិកតុកឥលូវ យើងមិនអាចហាមនរណាម្នាក់មិនឲ្យគេថតនេះថតនោះបានទេ។»
កញ្ញា សេងហុង អាយុ១៩ឆ្នាំ មានស្រុកកំណើតនៅខេត្តកំពង់ចាម យល់ឃើញថា តិកតុកក៏ អាចផ្តល់ប្រយោជន៍ដល់អ្នកប្រើប្រាស់ដែរ ប្រសិនបើអ្នកប្រើប្រាស់ចេះប្រើប្រាស់វាក្នុងផ្លូវល្អ ដូចជាការចែករំលែកចំណេះដឹង ពាក់ព័ន្ធនឹងបញ្ហាសុខភាពជាដើម។ ប៉ុន្តែបើអ្នកប្រើប្រាស់ តិកតុកច្រើនពេកនោះ វាជាការខ្ជះខ្ជាយពេលវេលាទៅវិញ។
កញ្ញាថា៖ «ចំពោះខ្ញុំ តិកតុក វាល្អបើសិនយើងប្រើវាក្នុងន័យថា យើងចង់ស្វែងយល់ពី អ្វីមួយដូចជា ចែករំលែកចំណេះដឹងពាក់ព័ន្ធនឹងសុខភាព ឬក៏ទាក់ទងនឹងការហាត់ប្រាណ ឬមួយក៏ ជាប្រភេទព័ត៌មានដែលថ្មីៗ។ តែបើថាយើងប្រើលក្ខណៈថាយើងសប្បាយច្រើនពេក វាអត់ល្អសម្រាប់អនាគតរបស់យើងដែរ វាខាតពេល។ ខ្ញុំមើលខ្លះដែរបង ប៉ុន្តែខ្ញុំអត់ចេះលេង ទេ។»
យុវតីម្នាក់នេះបានបន្ថែមថា ៖ «ភាគច្រើនគឺការរាំ ការរាំបែបស្តាយថ្មីៗ និយាយរួមគាត់លេងជា Vlog អីហ្នឹង ការថតភាគច្រើនគឺបែបហ្នឹង។ ចំពោះមាតិកាបែបចំណេះដឹង វាអត់សូវសំបូរ ដូចនេះទេ ព្រោះថាយុវជនយើងភាគច្រើនគាត់ចូលចិត្តខាងសប្បាយខាងអីច្រើនជាង ពេលចឹងវាអត់សូវសំបូរ Content ទាក់ទងនឹងចំនេះដឹងថ្មីៗឬមួយទាក់ទងនឹងព័ត៌មានអីទេ តែមិនមែនថាវាអត់ទេបង បើសិនជាយើងតាមដាន វារាងឧស្សាហ៍ឃើញ តែបើយើងអត់ទេ វាភាគច្រើនឃើញតែការរាំ ការច្រៀងអីចឹង។»
កញ្ញា ស្រីណាត ជានិស្សិតឆ្នាំទី៤ សិក្សាជំនាញទេសចរណ៍ នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង បានយល់ឃើញថា បណ្តាញសង្គមតិកតុកមានគុណសម្បត្តិផង និងគុណវិបត្តិផង និយាយទៅ គុណសម្បត្តិ និងគុណវិបត្តិគឺប្រហាក់ប្រហែលគ្នា។ ដោយសារកញ្ញាបានទទួល បទពិសោធន៍ខ្លះៗ ពីតិកតុក ក្នុងការប្រើប្រាស់ជាប្រយោជន៍ កញ្ញាក៏អាចប្រើប្រាស់វានៅក្នុងការ បំបាត់ការអផ្សុកផងដែរ។ ផ្ទុយទៅវិញកញ្ញាក៏ទទួលបាននូវវីដេអូខ្លះដែលជារឿងមិនសូវល្អ និងមិនស័ក្តិសមនៅក្នុងការបង្ហោះនៅក្នុងបណ្ដាញសង្គមតិកតុកដែរ។
កញ្ញាថា៖ «ខ្ញុំអាចនិយាយបានថាប្រព័ន្ធហ្នឹងវាមានទាំងផលល្អនិងផលអាក្រក់។ ខ្ញុំអាចនិយាយបានថាផលល្អនិងផលអាក្រក់គឺប្រហាក់ប្រហែលគ្នា ដោយសារអីអ្នកខ្លះ គេយកប្រព័ន្ធហ្នឹងទៅផ្សព្វផ្សាយអ៊ីចឹង អ្នកខ្លះទៀតគេអាចប្រាប់ពីបទពិសោធន៍របស់គេ ដូចខ្ញុំរាល់ថ្ងៃខ្ញុំសម្រកគីឡូអីចឹង យើងអាចស្រាវជ្រាវបានក្នុងហ្នឹងគេធ្វើអីគេខ្លះ។ ឬក៏យើង អាចប្រើតិកតុកនិងពេលខ្លះយើងអផ្សុកពេកអីចឹង យើងអាចអូសមើលលេងបាន។
«វាក៏មាន ផលអាក្រក់ដែរបើយើងមនុស្សធំយើងអត់អីទេ យើងអាចដឹងបាន ថាវីដេអូណាគួរមើល វីដេអូណាមិនគួរមើល វីដេអូណាគួរចែករំលែកនិងវីដេអូណាអត់គួរចែករំលែក។ តែសម្រាប់ក្មេង ពេលគាត់អូសឃើញទៅគាត់ចេះតែរៀនថែម សូម្បីតែមនុស្សធំខ្លះ ពេលខ្លះគាត់ ឃើញវីដេអូអត់ល្អក៏គាត់ចែករំលែកដែរ គាត់គិតថាគាត់ចែករំលែកទៅល្អ តែពេលគាត់ចែក ទៅវាអត់ល្អព្រោះអី ក្មេងគាត់អត់ដឹងថាវីដេអូហ្នឹងគេធ្វើទៅល្អឬអាក្រក់ទេ។»
លោក វីរៈ ដែលជានិស្សិតឆ្នាំទី២ នៅសកលវិទ្យាល័យជាតិគ្រប់គ្រងក៏បានបញ្ចេញជាយោបល់ស្រដៀងគ្នាដែរថា ពេលខ្លះគាត់មើលឃើញរឿងល្អៗ ឯពេលខ្លះទៀតក៏មិនល្អដែរ។ ក្នុងនោះដែរលោកក៏បានផ្តល់ជាមតិដល់សាធារណៈជនថា គួរតែព្យាយាមតាមដានព័ត៌មានល្អៗ រឿងល្អៗឲ្យបានច្រើន។
លោកថា៖ «តិកតុកមានផលល្អមួយចំនួន នឹងផលអាក្រក់មួយចំនួនគាត់បានយល់ ឃើញថាគឺអាស្រ័យទៅលើអ្នកប្រើប្រាស់ បើយើងមើលតិកតុកខ្លះយើងបានជួបនៅរឿងល្អ មេរៀនល្អៗជាច្រើនហើយមួយទៀត អ្នកខ្លះគាត់លេងតិកតុកដើម្បីទទួលបានកាចាប់អារម្មណ៍ លេងទៅជ្រុលជ្រួស មិនសមរម្យសម្រាប់ក្មេងគាត់មើលទៅវាអត់សមរម្យ។»
បន្ថែមពីលើនេះលោកថា៖ «សម្រាប់ខ្ញុំយល់ឃើញថាយើងគួរតែ ព្យាយាម follow ឬក៍ព្យាយាមមើលព័ត៍មានដែលគេ ផុសនៅក្នុងតិកតុក រឿងល្អៗ និងរឿងអប់រំ អោយច្រើន។»
ឈ្មោះ ហោ យូរទ្បុង ដែលបានបញ្ចប់ថ្នាក់បរិញ្ញាប័ត្រនៅសកលវិទ្យាល័យជាតិគ្រប់គ្រង បច្ចុប្បន្នលោកកំពុងបម្រើការងារនៅ សាកលវិទ្យាល័យជាតិគ្រប់គ្រងបានយល់ឃើញថា៖ «តិកតុក មានទាំងផលល្អ និងផលអាក្រក់ ចំពោះផលល្អព័ត៏មានបានចេញផ្សាយទៅលើតិកតុកឆាប់រហ័ស ដែលធ្វើអោយក្មេងៗឆាប់ ទទួលបានព័ត៌មានបានលឿន ចំពោះផលអាក្រក់វិញយុវវ័យលេងមិនបានដឹងថាគោលដៅ គាត់លេងដើម្បីអ្វី គាត់គ្រាន់លេងដើម្បីកម្សាន្ដអារម្មណ៏។»
លោកបាននិយាយថា៖ «តិកតុក មានទាំងផលល្អ និងផលអាក្រក់ ចំពោះផលល្អព័ត៏មានបានចេញផ្សាយទៅលើតិកតុក ឆាប់រហ័ស ដែលធ្វើអោយក្មេងៗឆាប់ ទទួលបានព័ត៏មានលឿន ចំពោះផលអាក្រក់វិញយុវវ័យលេងមិនបានដឹងថាគោលដៅ គាត់លេងដើម្បីអ្វី គាត់គ្រាន់លេងដើម្បីកម្សាន្ដអារម្មណ៏។»
លោក ស័ក្ក អាយុ៤១ឆ្នាំបានឆ្លើយប្រាប់ Newsroom Cambodia ថា បណ្ដាញសង្គមមានភាព ទូលំទូលាយពេក និងគ្មានដែនកំណត់ដែលជាកត្តា ប្រឈមសម្រាប់ យុវជនក៏ដូចជាក្មេងៗ ពួកគាត់អាចប្រឈមមុខនឹងការទទួលបានព័ត៌មានមិនល្អនានា។
លោកថា៖ «វាទូលំទូលាយពេកអ៊ីចឹងហើយ វាប៉ះពាល់សង្គមមួយចំនួនដោយសារថា ប្រព័ន្ធនៃការផ្សព្វផ្សាយតិកតុកហ្នឹងវាគ្រាន់តែជាការសប្បាយបើយើងចេះស្តាប់ឲ្យខ្លីទៅដែលការសប្បាយទេគឺវាមិនមានព្រំដែន។ អ៊ីចឹងរាល់អាកប្បកិរិយាល្អឬមិនល្អ ដែលតែងតែមានផុសនៅ លើតិកតុកហ្នឹងទាំងអស់។
«ប៉ុន្តែបើតាមខ្ញុំយល់គួរតែមានជាប្រព័ន្ធផ្សព្វផ្សាយមួយ ដែលផ្សាយ តែរឿងល្អៗ ភាពសប្បាយដើម្បីមិនឲ្យមានការប៉ះពាល់ដល់សង្គមជាតិ នេះគ្រាន់តែជាការគិត ឃើញរបស់ខ្ញុំទេ។ ចំណែកខ្លួនខ្ញុំក៏ខ្ញុំបានត្រឹមតែមើលដែរប៉ុន្តែគ្រាន់តែខ្ញុំមិនមើលអ្វី ដែលមិនល្អ ដែលធ្វើឲ្យប៉ះពាល់អារម្មណ៍និងប៉ះពាល់ដល់សង្គមជាតិទេ។
«ចំពោះខ្ញុំ ខ្ញុំមិនដែលបាន ទៅថតបង្ហោះឬក៏ពាក់ព័ន្ធនឹងការលេងអីផ្សេងៗទេខ្ញុំគ្រាន់តែអូសធម្មតា មើលឃើញល្អ ហើយយើងក៏មើលទៅ ឃើញមិនល្អយើងក៏អូសរំលងទៅ។ ប៉ុន្តែសម្រាប់ក្មេងៗដែលគាត់មិនទាន់ មានការយល់ដឹងខ្លាំងមើលទៅវាអាចប៉ះពាល់ដល់អារម្មណ៍ការគិតនិងទង្វើផ្សេងផ្សេងរបស់គាត់៕»