ក្នុងដើមឆ្នាំ២០២៣នេះ មានអត្រាការឆ្លងជំងឺគ្រុនឈាមចំនួន ៣,៤៣៩ករណី និងមានមនុស្សស្លាប់ ៥នាក់ ដែលជាតួលេខមានការកើនឡើង២ ដង បើធៀបនិងឆ្នាំ២០២២ ដែលមានករណីឆ្លងចំនួន១,៣៥៤ ហើយមានអ្នកស្លាប់ត្រឹមតែ៣ នាក់ប៉ុណ្ណោះ។

ការចម្លងបានចាប់ផ្តើមកើនឡើងតាមបណ្តារ ភូមិ ឃុំនិងទីប្រជុំជនខេត្តមួយចំនួន ដែលមានការដ្ឋានសំណង់ច្រើន និងប្រជាជនរស់នៅកុះករ។ នេះយោងតាមប្រព័ន្ធអង្កេតតាមដានជំងឺគ្រុនឈាមថ្នាក់ជាតិ។

យ៉ាងណាម៉ិញ លោកម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអំពាវនាដល់ប្រជាពលរដ្ឋគ្រប់រូប និងអាជ្ញាធរមូលដ្ឋាន ចូលរួមកាត់បន្ថយទប់ស្កាត់ការកកើតសត្វមូស ដោយប្រកាន់យកពាក្យស្លោក «ខ្ញុំនិងគ្រួសារខ្ញុំ ជាគ្រួសារគំរូ ព្រោះផ្ទះខ្ញុំ និងលំនៅដ្ឋានរបស់ខ្ញុំ គ្មានដង្កូវទឹក» ហើយបានទទូចដល់ប្រព័ន្ធផ្សព្វផ្សាយជួយផ្សាយអំពីបញ្ហាជំងឺគ្រុនឈាមនេះដល់ប្រជាពលរដ្ឋ និងមានវិធានទប់ស្កាត់នៅតាមមូលដ្ឋានរៀងៗខ្លួន។

បើតាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ភ្នាក់ងារចម្លង ដោយសារសត្វមូសខ្លាញីខាំ ដែលវាកើតឡើងពីពពួកដង្កូវទឹក ដូច្នេះដើម្បីទប់ស្កាត់ការផ្ទះឡើងជំងឺគ្រុនឈាមក្នុងសហគមន៍ ត្រូវមានការអនុវត្តន៍នូវវិធានការចំនួន៥ ចំនុចរួមមាន អាណាព្យាបាល មិតាបិតា និងយើងទាំងអស់គ្នា ត្រូវទុកដាក់រាល់វត្ថុដែលអាចដក់ទឹក ដូចជាថូផ្កា ចាន ឆ្នាំង សំបកកង់ឡាន ម៉ូតូ សំបកដប កំប៉ុងកាហ្វេជ័រជាដើម ទុកដាក់ឱ្យមានរបៀប កុំឱ្យមានទឹកដក់។

ម្ចាស់ការដ្ឋានសំណង់ និងកម្មករ/ការិនីទាំងអស់ត្រូវមានអនាម័យឱ្យបានស្អាតក្នុងបរិវេណក្នុងកន្លែងធ្វើការ លុបបំបាត់វត្ថុដក់ទឹក ថ្លុកការពារកុំឱ្យដក់ទឹក លុបបំបាត់ប្រភព និងទីជម្រកមូលខ្លាញី។

ម្ចាស់អាជីវកម្ម អាជីវករទាំងឡាយសូមទុកដាក់សំបកកង់ឡាន ម៉ូតូ ឱ្យមានសុវត្ថិភាព ចៀសផុតពីការដក់ទឹក និងត្រូវធ្វើអនាម័យផ្ទះសម្បែង ឱ្យមានពន្លឺចេញចូល ទុកដាក់របស់របរ សំលៀកបំពាក់ ក្នុងនិងក្រៅផ្ទះ ឱ្យសណ្តាប់ធ្នាប់ បំផ្លាញព្រៃស្តុកជុំវិញផ្ទះ។

បើមានករណីគ្រុនក្តៅខ្លួនខ្លាំងភ្លាមៗ លើសពី៣៨ អង្សារសេត្រូវប្រញាប់យកអ្នកជំងឺទៅរកសេវាពិនិត្យសាធារណៈ ឬមន្ទីរពេទ្យ ដែលនៅជិត សូមកុំសាកល្បងព្យាបាលគ្រុនក្តៅដោយខ្លួន ឯង៕