រដ្ឋាភិបាលកម្ពុជាបានចេញសេចក្តីសម្រេចបង្កើតគណៈកម្មការអន្តរក្រសួង ដើម្បីដំណើរការអនុវត្តគម្រោងផ្លូវនាវាចរណ៍ព្រែកជីកហ្វូណនតេជោ ចុះថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣។

យោងតាមសេចក្តីសម្រេចលេខ៤២ ស.ស.រ មានសមាសភាព ៣៥រូបដែលត្រូវបានតែងតាំងជាគណៈកម្មការអន្តរក្រសួងដែលមានលោកស៊ុន ចាន់ថុល ជាប្រធាន និងលោកសុខ ចិន្តាសោភា ជាអនុប្រធាន គណកម្មការអន្តរក្រសួងមានតួនាទី និងភារកិច្ចពិនិត្យ និងផ្តល់យោបល់ពីនីតិវិធី ជំរុញដំណើរការអនុវត្តគម្រោងឱ្យមានគុណភាព ប្រសិទ្ធភាព និងស្វែងរកដៃគូវិនិយោគគម្រោងនេះ ដើម្បីសម្រេចជាស្ថាពរ។

ទន្ទឹមនឹងនេះគណៈកម្មការអន្តរក្រសួង មានសិទ្ធិបង្កើតអនុគណៈកម្មការ និងលេខាធិការដ្ឋានបច្ចេកទេស ដើម្បីសម្រួលកិច្ចការងារផ្សេងៗមួយចំនួនទៀតផងដែរ។

គួរបញ្ជាក់ផងដែរថា «គម្រោងព្រែកជីកហ្វូណនតេជោ » គឺតភ្ជាប់ពីព្រែកតាកែវនៃដៃទន្លេមេគង្គទៅសមុទ្រខេត្តកែប ដើម្បីរួមចំណែកពន្លឿនវិស័យដឹកជញ្ជូនតាមផ្លូវទឹកកម្ពុជាកាន់តែមានប្រសិទ្ធភាព ធ្វើឱ្យថ្លៃដឹកជញ្ជូនទាប និងធានាចីរភាព នៃកំណើនសេដ្ឋកិច្ច៕