លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន នាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ បានប្រកាសថារូបលោក នឹងត្រូវផ្អាកការជួបជាមួយកម្មការិនីកម្មករ ត្រឹមថ្ងៃបើកយុទ្ធនាការបោះឆ្នោត ប៉ុន្ដែលោកនឹងបន្តចុះជួបជាមួយកម្មការិនីកម្មករចាប់ពី៥ ទៅ១០ កន្លែងទៀត នៅតាមរោងចក្រដើម្បីចង់ដឹងពីសុខទុក្ខ ក្រោយការបោះឆ្នោត ឬក្រោយរាជរដ្ឋាភិបាលថ្មីកើតឡើង។

លោកហ៊ុន សែន ប្រកាសបែបនេះនៅពេលចុះជួបសំណេះសំណាលជាមួយកម្មការិនីកម្មករ ប្រមាណជិត២ម៉ឺននាក់ នៅរោងចក្រឡឺក្រោន ស៊ូ អ៊ិនដាសស្ត្រី (LECROWN SHOES INDUSTRY) ដែលស្ថិតនៅក្នុងភូមិរវៀង ឃុំខ្នុរដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាម។

លោកហ៊ុន សែនបានអះអាងថាមូលហេតុដែលរូបលោកសុំផ្អាកការចុះជួបសំណេះសំណាលនេះ ពីព្រោះបើនៅបន្តជួបកម្មករនៅតាមរោងចក្រពេលយុទ្ធនាការបោះឆ្នោតនោះ នឹងមានការផាកពិន័យជាក់ជាមិនខាន ព្រោះខុសច្បាប់មិនអនុញ្ញាតឱ្យនោះទេ៕