ក្រសួងសុខាភិបាល កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ បានប្រកាសថា អង្គការសុខភាពពិភពលោក (WHO) បានសម្រេចកូវីដ-១៩ បច្ចុប្បន្ននេះ នៅជាបញ្ហាសុខភាពដែលបានកើតឡើងហើយ និងនៅជាបន្តទៀត ក៏ប៉ុន្តែលែងបញ្ហអាសន្នសុខភាពសាធារណៈ ដែលជាកង្វល់អន្តរជាតិទៀតហើយ។
ក្រសួងបានអះអាងថា WHO បានប្រកាសបែបនេះកាលពីថ្ងៃទី ០៥ ខែឧសភា ឆ្នាំ២០២៣ ក្រោយពីកិច្ចប្រជុំលើកទី១៥ នៃគណៈកម្មការនិយ័តកម្ម អន្តរជាតិ ២០០៥ (IHR 2005) គ្រាអាសន្នសម្រាប់ការរាតត្បាតជំងឺកូវីដ-១៩ របស់ខ្លួននៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៣។
បន្ថែមលើសពីនេះ អង្គការសុខភាពពិភពលោក ក៏បានផ្ដល់នូវអនុសាសន៍ណែនាំមួយចំនួនជាបណ្តោះអាសន្ន ជូនដល់បណ្តាប្រទេសជាសមាជិកទាំងអស់ សម្រាប់ការគ្រប់គ្រងរយៈពេលវែងនៃវិបត្តិរាតត្បាតនៃវីរុសកូវីដ-១៩ នេះផងដែរ ដោយត្រូវគិតគូរពីផែនការយុទ្ធសាស្ត្រត្រៀមលក្ខណៈ និងឆ្លើយតបវិបត្តិកូវីដ-១៩ ឆ្នាំ២០២៣-២០២៥ ដោយនៅក្នុងដំណាក់កាលអន្តរកាល នេះផងដែរ។
គួរបញ្ចាក់ផងដែរថា ក្រសួងសុខាភិបាលក៏បានធ្វើការណែនាំដល់សាធារណជនទាំងអស់ចំនួន ៦ចំណុចដូចតទៅ៖ បន្តវិធានការ «៣ការពារ និង៣កុំ»។
ថ្វីត្បិតតែមានការប្រកាសបែបខាងលើនេះពីអង្គការសុខភាពពិភពលោក តែយើងទាំងអស់គ្នាត្រូវដឹងថា វីរុសកូវីដ-១៩ នៅមិនទៅណាឆ្ងាយពីយើងនៅឡើយទេ មិនត្រឹមតែប៉ុណ្ណោះ ការបំប្លែងខ្លួនថ្មីៗរបស់វានៅមានជាបន្តបន្ទាប់ ជាពិសេស ពពួកបំប្លែងថ្មីៗដូចជា BA.2, XBB, XBB.1.5, XBB.1.9.1, XBB.1.17.1 ជាដើម ដែលបានបង្ហាញច្បាស់ថា វីរុសកូវីដ-១៩ នៅតែបន្តមានវត្តមាននៅឡើយនៅលើសកលលោក នៅក្នុងតំបន់ និងនៅតាមបណ្តាប្រទេសនានាក្នុងនោះប្រទេសកម្ពុជា ក៏ជាប្រទេសមួយដែលទទួលរងនូវផលប៉ះពាល់ពីការចម្លងនៃវីរុសកូវីដ-១៩ បំប្លែងថ្មីៗនេះដែរ។
ដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ កុំភ្លេចខ្លួនឱ្យសោះ ពីលទ្ធភាពដែលអាចមានការបន្តចរាចរនូវពពួកវីរុសកូវីដ-១៩បំប្លែងថ្មីៗ ពីប្រទេសមួយ ទៅប្រទេសមួយ ដែលអាចបង្កលទ្ធភាពឱ្យមានការផ្ទុះឡើងសារជាថ្មីវិញនូវការរាតត្បាតក្នុងសហគមន៍ ប្រសិនបើ បុគ្គល ក្រុមគ្រួសារ និងសហគមន៍ មានការធ្វេសប្រហែស ហើយសូមបន្តអនុវត្តវិធានការការពារខ្លួន «៣ការពារ និង៣កុំ» ដោយការប្រុងប្រយ័ត្ន មានការវាយតម្លៃស្ថានភាពត្រឹមត្រូវសម្រាប់ការអនុវត្តន៍វិធានការការពារខ្លួន។
បន្តចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ ភាពស៊ាំបុគ្គល និងភាពស៊ាំសហគមន៍ អាចនឹងមានការថមថយចុះជាបណ្តើរៗបន្ទាប់ពីបានចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញនីមួយៗ រួចក្នុងគម្លាតពី ៦ខែឡើង ដែលតម្រូវឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវបន្តការយកចិត្តទុកដាក់ការពារខ្លួន ឱ្យបានហ្មត់ចត់ជាប់ជានិច្ច និងសូមអញ្ជើញទៅទទួលយកការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ៕