គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)បានអំពាវនាវដល់អាជ្ញាធរមូលដ្ឋានឱ្យយកចិត្ដទុកដាក់ជំរុញ និងពង្រឹងការចេញឯកសារពាក់ព័ន្ធជូនដល់ពលរដ្ឋសម្រាប់ការបោះឆ្នោតជ្រើសតំណាងរាស្ត្រនីតិកាលទី៧ នៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះឱ្យបានទាន់ពេលវេលា។

យោងតាមសេចក្តីអំពាវនាវរបស់គ.ជ.បដែលបានចេញកាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ បានអំពាវនាវឱ្យពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតឆ្នាំ២០២២ ទាំងអស់ ត្រៀមខ្លួន និងត្រៀមអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ( អ.ខ) ដែលមានសុពលភាព ឬឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត (ឯ.អ) ដើម្បីចូលរួមបោះឆ្នោតឱ្យបានគ្រប់ៗគ្នា។

ចំណែកប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត២០២២ ដែលប្រើឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការចុះឈ្មោះបោះឆ្នោត ហើយមិនទាន់មាន អ.ខ ឬ អ.ខ បានអស់សុពលភាព ឬមិនទាន់ទទួលបាន ឬខូច ឬកែតម្រូវ សូមប្រញាប់រួសរាន់ស្នើសុំ ឯ.អ ពីគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត និងត្រូវបញ្ជាក់សុពលភាពដោយអាជ្ញាធរឃុំ សង្កាត់ ដែលខ្លួនត្រូវទៅបោះឆ្នោតឱ្យបានទាន់ពេលវេលា។

ការចេញ ឯ.អ មានរយៈពេល ៣០ថ្ងៃ ចាប់ពីថ្ងៃទី២២ ខែមិនថុនា និងត្រូវបញ្ឈប់នៅថ្ងៃសុក្រ ទី២១ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង ៥: ៣០ នាទីល្ងាច។

ក្នុងសេចក្តីអំពាវនាវនេះក៏បានអំពាវនាវដល់ប្រធានគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត មេឃុំ ចៅសង្កាត់ និងមេភូមិ ត្រូវធ្វើការផ្សព្វផ្សាយសេចក្តីអំពាវនាវនេះឱ្យបានទូលំទូលាយ ដើម្បីជំរុញឱ្យពលរដ្ឋមកស្នើរសុំ ឯ.អ បានទាន់ពេលវេលា ដោយឥតគិតថ្លៃ។

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតសង្ឃឹមយ៉ាងមុតមាំថា គណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត និងមេឃុំ ចៅសង្កាត់ នឹងយកចិត្តដាក់ជំរុញ និងពង្រឹងការចេញ ឯ.អ ជូនដល់ប្រជាពលរដ្ឋនៅក្នុងឃុំ សង្កាត់របស់ខ្លួន៕