ប្រធានមន្ទីរទេសចរណ៍ រាជធានី ខេត្ត ត្រូវបានតម្រូវឱ្យចុះផ្សព្វផ្សាយ ដល់ម្ចាស់ ឬអ្នកគ្រប់គ្រងអាជីវកម្ម សេវាកម្មទេសចរណ៍ទាំងអស់ ក្នុងការរៀបចំបញ្ជីឈ្មោះបុគ្គលិករបស់ខ្លួនឱ្យបានគ្រប់គ្នា ដើម្បីស្នើទៅបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស.)។

តាមសេចក្ដីណែនាំក្រសួងទេសចរណ៍ ចេញថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ ណែនាំដល់ម្ចាស់អាជីវកម្មដែលប្រកបរបរលើ វិស័យសេវាកម្មទេសចរណ៍ រង្គសាល ឌីស្កូតែក ខារ៉ាអូខេ បៀរហ្កាឌិន កន្លែងម៉ាស្សា និងស្ប៉ា ត្រូវរៀបចំបញ្ជីឈ្មោះបុគ្គលិកបម្រើការក្នុងសេវាកម្សាន្តរបស់ខ្លួនឱ្យបានគ្រប់គ្នា និងត្រូវសហការជាមួយ រដ្ឋបាលរាជធានី ខេត្ត និងក្រុង ស្រុក ខណ្ឌ ដើម្បីផ្ទៀងផ្ទាត់ពីភាពត្រឹមត្រូវមុននឹងស្នើទៅបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស.)។

គូបញ្ជាក់ផងថា បុគ្គលិកបម្រើការក្នុងសេវាកម្សាន្តទេសចរណ៍ទាំងអស់ អាចទទួលអត្ថប្រយោជន៍ កញ្ចប់មូលនិធិសមធម៌សុខាភិបាលនេះ នៅតាមមូលដ្ឋានសុខាភិបាលសាធារណៈនៅទូទាំងប្រទេស ដោយឥតគិតថ្លៃ ស្របតាមសេចក្ដីប្រកាសព័ត៌មានរបស់រាជរដ្ឋាភិបាល លើរបបថែទាំសុខភាពតាមប្រព័ន្ធមូលនិធិសមធម៌សុខាភិបាល សម្រាប់បុគ្គលបម្រើការក្នុងសេវាកម្សាន្តទេសចរណ៍ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ៕