បច្ចុប្បន្នប្រជាជនកម្ពុជាកំពុងប្រឈមចំពោះព័ត៌មានក្លែងក្លាយ ដែលបានចែកចាយនៅលើបណ្ដាញសង្គមដូចជា Facebook, TikTok, Instagram ជាដើម។ ជាក់ស្ដែងក្នុងអំឡុងពេលមួយខែចុងក្រោយនេះ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាកម្ពុជា បានច្រានចោលការផ្សព្វផ្សាយព័ត៌មានមិនពិត ចំពោះករណីចាប់ក្មេងវះយកអវយវ: ការបង្ហោះព័ត៌មានប្រមាថអាយុជីវិតកូនស្រីម្នាក់ និងការក្លែងបន្លំតាមប្រព័ន្ធទូរសព្ទ(SMS Scam)។ ទាំងនេះជាចំណុចរសើបសម្រាប់អ្នកលេងបណ្ដាញសង្គម។

ខាងក្រោមនេះគឺជាបទសម្ភាសន៍ពីប្រជាពលរដ្ឋដែលរស់នៅក្នុងរាជធានីភ្នំពេញ បានសម្ដែងមតិមកកាន់ Newsroom Cambodia។

លោកសុភី រុន ជាប្រជាពលរដ្ឋរស់នៅទីក្រុងភ្នំពេញបានយល់ឃើញពីព័ត៌មានក្លែងក្លាយនៅក្នុងបណ្ដាញសង្គមត្រូវបានផ្សព្វផ្សាយលឿន ហើយជាពិសេសនៅក្នុងបណ្ដាញសង្គមទៀតសោតរឹតតែជះឥទ្ធិពលខ្លាំងទៅដល់មនុស្សទូទៅទាំងក្មេងទាំងចាស់ដែលបានឃើញ។

លោកសុភី រុន។ រូបភាព៖ ស៊ឹង ចិនសែ

ជាក់ស្ដែងទៀតប្រសិនបើពួកគេទទួលបានព័ត៌មានក្លែងក្លាយដោយមិនបានដឹងពីប្រភពច្បាស់លាស់ និងមិនបានគិតពិចារណាមុននឹងនាំគ្នាចែកចាយបន្ត វាគឺជារឿងដែលធ្វើឲ្យមានការភាន់ច្រឡំចំពោះអ្នកដែលកាន់ ឬផ្សព្វផ្សាយនូវព័ត៌មានពិត ធ្វើឲ្យមានការប៉ះពាល់ សុខសុវត្ថិភាព ឬផលប្រយោជន៍ជនរងគ្រោះដែលគ្នាមិនបានដឹង។

លោកបានបន្ថែមទៀតថា៖ «ចំពោះព័ត៌មានក្លែងក្លាយគឺមានជនមួយក្ដាប់តូចរស់នៅដើម្បីតែ បំភ្លៃព័ត៌មានក្នុងសង្គម ហើយចែកចាយលើបណ្ដាញសង្គម វាមិនមែនជារឿងលេងសើច ពេលខ្លះវាជាផ្នត់គំនិតរបស់ពួកគេតែម្ដង ចង់បំប៉ោងព័ត៌មាននោះ ឱ្យសុសសាយទៅក្នុងសង្គម ដើម្បីជាផលប្រយោជន៍ របស់ពួកគេផ្ទាល់ខ្លួន ដោយមិនបានខ្វល់ពីសង្គមពិតប្រាកដ និងផ្នត់គំនិតសុខសន្តិភាព របស់ប្រជាពលរដ្ឋទូទៅទេ»។

យុវជនឈុង ហួត ជានិស្សិតឆ្នាំទី២ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញវិចិត្រសិល្បៈ បានយល់ឃើញថា៖ ព័ត៌មានក្លែងក្លាយនៅលើបណ្ដាញសង្គម នៅពេលណាដែលចេញផ្សាយហើយគឺ នាំឲ្យសង្គមរញ៉េរញ៉ៃ បង្កភាពវឹកវរ និងគិតខុសលើគ្នានៅពេលណាដែលបានទទួលព័ត៌មានមិនពិត។

ប្រភពបន្ថែមទៀតថា៖ «មុននឹងជឿលើព័ត៌មានអ្វីមួយគឺយើងត្រូវដឹង ឬមើលអំពីប្រភពច្បាប់ដើម្បីឱ្យច្បាស់លាស់ និងមើលពីកាលបរិច្ឆេទផងដែរ»។

កញ្ញាចន្នី អាយុ១៧ឆ្នាំ បច្ចុប្បន្នបម្រើការងារនៅក្រុមហ៊ុនមួយកន្លែង បានចូលរួមមតិផ្ទាល់ខ្លួនត្រង់ៗថា៖ នៅពេលទទួលបាននូវព័ត៌មានដែលមិនពិត គឺធ្វើឱ្យគាត់ច្របូកច្របល់ គាត់ភ័យខ្លាច ខាតពេលវេលា និងការងារ ខាតបង់ប្រាក់ចំណូលទៀតផង។

កញ្ញាក៏មានសំណូមពរ៖ «សូមឱ្យពួកគេបញ្ឈប់នូវទង្វើទាំងអស់នេះ ព្រោះវាមិនមានប្រយោជន៍អ្វីទេ ក្រៅពីទោសទណ្ឌនោះទេ»។

កញ្ញាម៉ានីន អាយុ២២ឆ្នាំ បច្ចុប្បន្នជានិស្សិតនៃមហាវិទ្យាល័យមួយ កញ្ញាបានសម្ដែងការព្រួយបារម្មពីឥទ្ធិពលព័ត៌មានក្លែងក្លាយនៅលើប្រព័ន្ធបណ្ដាញសង្គមបច្ចុប្បន្ន ដែលមនុស្សមួយចំនួនគាត់នៅផ្ទះ ហើយគាត់តាមដានដំណឹង និងព័ត៌មានតែតាមទូរសព្ទដៃ ដូចនេះវាអាចធ្វើមានការយល់ច្រលំ ជាមួយព័ត៌មានពិត វាធ្វើឱ្យមានចលាចល ព្រួយបារម្ភ តក់ស្លុត ភ័យខ្លាច ហេតុនេះនាំឱ្យប៉ះពាល់ដល់ផលប្រយោជន៍សង្គមជាច្រើន។

កញ្ញា ម៉ានីន អាយុ២២ឆ្នាំ បច្ចុប្បន្នជានិស្សិត។ រូបភាព៖ ស៊ឹង ចិនសែ

កញ្ញាបានបន្តថា «សូមអាជ្ញាធរដែលពាក់ព័ន្ធ និងក្រសួងនានាមេត្តាយកចិត្តទុកដាក់ចំពោះរឿងនេះ ឱ្យបានលឿន រហ័សផង»។

ព្រះតេជព្រះគុណ ចម្រើន សុផា ព្រះជន្ម ២៥វស្សា ដែលទើបតែបញ្ចប់ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្ត្រសេដ្ឋកិច្ច នៅទីក្រុងភ្នំពេញ បានយល់ឃើញចំពោះការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយលើបណ្ដាញសង្គម ជាព័ត៌មានមិនពិត មិនមានមូលដ្ឋាន ឬប្រភពច្បាស់លាស់។ បើទោះបីវាជាសេរីភាពនៃការបញ្ចេញមតិក៏ពិតមែន តែពួកគេមិនគួរផ្សាព្វផ្សាយនោះទេ ព្រោះវាបានជះឥទ្ធិពលដល់សង្គមជាតិទាំងមូល ជាពិសេសយុវជន និងក្មេងៗ វាជារូបភាពបំពុល បំប៉ោងស្ថានការណ៍ ឱ្យវឹកវរក្នុងសង្គម។

ព្រះអង្គមានដីការបន្ថែមទៀតថា «ការផ្សព្វផ្សាយព័ត៌មានតែងតែមានផលវិជ្ជមានខ្លះ និងអវិជ្ជមានខ្លះ ដូចនេះគួរកុំបណ្ដោយឱ្យមានបញ្ហានេះកើតឡើងកាន់តែច្រើន គួរតែរឹតបន្តឹងច្បាប់នៃការផ្សព្វផ្សាយចំពោះព័ត៌មានដែលមានផលប៉ះពាល់ និង ជួយជម្រុញនូវការផ្សព្វផ្សាយព័ត៌មានពីបណ្ដាស្ថាប័នសារព័ត័មានផ្សេងៗ ដែលជួយជាប្រយោជន៍ដល់សង្គម ជាពិសេសត្រូវផ្ដើមចេញពីយើងខ្លូនឯងផ្ទាល់ដើម្បីបញ្ឈប់នូវការផ្សព្វផ្សាយ និងចែកចាយព័ត៌មានមិនពិត»។

ព្រះតេជព្រះគុណ ចម្រើន សុផា។ រូបភាព៖ ស៊ឹង ចិនសែ

កញ្ញា ឆោម វឌ្ឍនា អាយុ២២ឆ្នាំ ជានិស្សិតនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញបានសំដែងមតិស្រដៀងៗគ្នាដែរថា៖ យើងគួរកុំឆាប់ជឿស្លុង និងការផ្សព្វផ្សាយពីម្ចាស់គណនីណាមួយដែលគ្មានប្រវត្តិ ការបរិច្ឆេទ ទីកន្លែង អត្តសញ្ញាណត្រឹមត្រូវ នោះវាបណ្ដាលឱ្យយើងងាយនឹងរងគ្រោះ។

កញ្ញាបន្ថែមថា «ចំពោះព័ត៌មានពិតយើងគួរជួយផ្សព្វផ្សាយបន្ត ប្រសិនបើជាករណីដែលក្លែងក្លាយ យើងគួរបន្ថែមមតិខាងលើថាជាព័ត៌មានមិនពិត»។

យោងតាមស្ថិតិដែលបានបង្ហាញដោយក្រុមស្រាវជ្រាវ Nepoleon Cate បានឱ្យដឹងថា គិត្រឹមខែមិថុនា ឆ្នាំ២០២០ ចំនួនអ្នកប្រើFacebook នៅកម្ពុជាបានកើនឡើងដល់ ១០,៨៧២,០០០នាក់ ដែលស្មើនឹង ៦៤.៥ភាគរយនៃប្រជាជនទាំងអស់។

កញ្ញា ឆោម វឌ្ឍនា អាយុ២២ឆ្នាំ។ រូបភាព៖ ស៊ឹង ចិនសែ

គួរបញ្ជាក់ផងដែរថា គិតត្រឹមពាក់កណ្ដាលឆ្នាំ ២០២០ នេះ ចំនួនអ្នកប្រើប្រាស់ Facebook សរុបនៅជុំវិញពិភពលោកបានកើនឡើងដល់ជាង ២.៦ពាន់លាននាក់ ដោយក្នុងនោះ ឥណ្ឌាជាប្រទេសទី១ ដែលមានចំនួនអ្នកប្រើ Facebook ច្រើនជាងគេរហូតដល់ជាង ២៨០លាននាក់ ខណៈ សហរដ្ឋអាមេរិកឈរនៅលេខរៀងទី២ មានត្រឹមតែ ១៩០លាននាក់ប៉ុណ្ណោះ៕