លោកស្រី ចក់ សុភាព នាយិកាប្រតិបត្តិអង្កការសិទ្ធិមនុស្សកម្ពុជាបានលើកឡើងថា យុវជនគួរតែស្វែងយល់ពីសិទ្ធិឱ្យបានទូលំទូលាយ ទោះបីជារៀនខុសជំនាញសិក្សាក៏ដោយ ឬ ខុសអាជីពក្ដី ឬ នាថ្ងៃអនាគតបានក្លាយទៅជាចៅក្រម មេធាវី ក្រឡាបញ្ជី លោកស្រីជឿថាចំណេះដឹងនេះនឹងអាចយកទៅអនុវត្តប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ រួមទាំងចែករំលែកជាប្រយោជន៍ដល់សហគមន៍ទាំងមូល បន្ទាប់ពីខ្លួនឯង និងគ្រួសារ ក្នុងការជម្រុញការគោរពសិទ្ធិជំនុំជម្រះដោយយុត្តិធម៌។

លោកស្រីបានបញ្ជាក់ផងដែរថា «មានតែការទទួលបាននូវយុត្តិធម៌ សិទ្ធិសេរីភាពទេ ដែលជម្រុញឱ្យយើងមានសុខសន្តិភាពពេញលេញ»។

លោកស្រី ចក់ សុភាពបានមានប្រសាសន៏បែបនេះនៅក្នុងវគ្គបំពាក់បំប៉នស្ដីអំពីសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌ និងសង្កេតការណ៍សវនាការដែលធ្វើឡើងចាប់ពីថ្ងៃទី១៩ មិថុនា ដល់ ២១ មិថុនា ឆ្នាំ២០២៣ ស្ថិតនៅសណ្ឋាគារភ្នំពេញ ៥១ ក្បែរវិមានឯករាជ្យ រាជធានីភ្នំពេញ។

សិក្ខាកាមចូលរួមមានព្រះសង្ឃ ជនជាតិដើមភាគតិចទំពួន យុវជនតាមបណ្ដាខេត្ត នៃសាកលវិទ្យាល័យផ្សេងៗគ្នា។

គោលបំណងនៃកម្មវិធីនេះគឺដើម្បីឱ្យអ្នកចូលរួមទទួលបានចំណេះដឹងបន្ថែមអំពីគោលគំនិតនៃសិទ្ធិទទួលបានការជំនុំជម្រះដោយយុតិ្តធម៌ ក្នុងក្របខ័ណ្ឌច្បាប់ជាតិ និងអន្តរជាតិ ដែលធានាដល់សិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌ និងស្វែងយល់នូវការអនុវត្តជាក់ស្ដែងក្នុងតុលាការនៃប្រទេសកម្ពុជា។

លោកសូ វាសនា ជានិស្សិតរៀនឆ្នាំទី៤ ផ្នែកនីតិសាស្រ្ត នៃសាកលវិទ្យាល័យឯកទេសនៃកម្ពុជា និងជាមន្តី្រកិច្ចសន្យា នៅទីស្ដីការគណរដ្ឋមន្ត្រី ក្រោយវគ្គនេះ លោកទទួលបានចំណេះដឹងថ្មីបន្ថែមទៀត និងផ្ដល់សារៈសំខាន់ជាច្រើន ដែលផ្ដោតទៅលើសិទ្ធិការពារជនសង្ស័យ ក្នុងការជំនុំជម្រះ ជាក់ស្ដែងជនសង្ស័យទាំងនោះ ពួកគេក៏ជាជនរងគ្រោះផងដែរ ជាពិសេសអនីតិជន ដូចនេះពួកគេមានសិទ្ធិការពារខ្លួន សិទ្ធិទទួលបានមេធាវី សិទ្ធិមិនបង្ខំឱ្យសារភាព សិទ្ធិទទួលបានការជូនដំណឹង សិទ្ធិស្មើភាពគ្នាចំពោះច្បាប់ សិទ្ធិទទួលបានការកាត់សេចក្ដីក្នុងពេលសមស្រប សិទ្ធិទទួលបានការបកប្រែជាដើម មុនពេលនិងអំឡុងពេលសវនាការ។

អ្នកនាងណា មួយឡេង ជានិស្សិតផ្នែកច្បាប់ ឆ្នាំទី៣នៃសកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច បានថ្លែងពីសារៈសំខាន់នៃការអង្កេតការណ៍សវនាការ ក្នុងការត្រួតពិនិត្យវិសាលភាពនៃការអនុវត្តច្បាប់នៅក្នុងប្រទេសកម្ពុជា ក្នុងអង្គសវនាការផ្ទាល់ ថាតើការអនុវត្តន៍នីតិវីធីបានត្រឺមត្រូវតាមផ្លូវច្បាប់ដែរឬទេ។

អ្នកនាងណា មួយឡេង ជានិស្សិតផ្នែកច្បាប់

ក្នុងនោះ មួយឡេង បានសង្កេតឃើញថាក្នុងសវនាការមានការគោរព និងផ្ដល់សិទ្ធិចំពោះជនសង្ស័យបានល្អច្រើនហើយ។ បើតាមមួយឡេង ធ្លាប់បានសិក្សាកន្លងមក ដើម្បីកាត់សេចក្ដីមួយដែលមានយុត្តិធម៌ និងអព្យាក្រិត្យត្រឹមត្រូវ គឺត្រូវផ្អែកទៅលើភស្ដុតាង និងសក្ខីកម្មដែលមានស្រាប់។

មួយឡេងបានបន្ថែមទៀតថា «កាលណាប្រព័ន្ធយុត្តិធម៌ស្រុកខ្មែរមានភាពអព្យាក្រិត្យ ធ្វើឱ្យប្រជាជនមានភាពកក់ក្ដៅ ប្រៀបបានគ្រួសារមួយដែលមានអ្នកគ្រប់គ្រងពោពេញដោយព្រហ្មវិហាធម៌ទាំងបួន។‍‌»

លោកថន ធន់ អាយុ២៤ឆ្នាំ ជានិស្សិតផ្នែកប្រវត្តិវិទ្យា នៃសាកលវិទ្យាល័យហេង សំរិនត្បូងឃ្មុំ ថាពិតជាសប្បាយរីករាយ និងមានសារៈសំខាន់ច្រើនដែលបានចូលរួមក្នុងវគ្គនេះ លោកនឹងយកខ្លឹមសារទាំងអស់នេះផ្សព្វផ្សាយទៅក្នុងតំបន់ និងសហគមន៍របស់គាត់ក្នុងនាមជាសិក្ខាកាម។

លោកថន ធន់ អាយុ២៤ឆ្នាំ

ម៉្យាងវិញទៀតលោកសង្ឃឹមថាប្រជាពលរដ្ឋទាំងអស់គ្នាចូលរួមសិក្សាស្វែងយល់នូវច្បាប់មួយចំនួន ដើម្បីជាការការពារខ្លួន និងការគោរពនូវច្បាប់ ឬសិទ្ធិផ្សេងៗដែលមានចែង ចៀសវាងកុំឱ្យមានផលប៉ះពាល់ដល់ខ្លួនឯង អ្នកដទៃ។

យ៉ាងណាមិញ អង្គការសិទ្ធិមនុស្សប្រចាំកម្ពុជា ហៅការថា (CCHR) តែងតែបន្តយកចិត្តទុកដាក់ និងធ្វើសកម្មភាពយ៉ាងសកម្មលើវគ្គបំពាក់បំប៉នស្ដីអំពីសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌ និងសង្កេតការណ៍សវនាការ គ្រប់កាល:ទេស: និងមានការសហការណ៍គាំទ្រពីតុលាការផងដែរ ដែលផ្ដល់ឪកាសឱ្យ (CCHR) និងសិក្ខាកាមបានចូលរួមអង្កសវនាការផ្ទាល់។

ជាពិសេសអង្កការសិទ្ធិមនុស្សកម្ពុជាបានរៀបអ្នកឃ្លាំមើលសវនាការប្រចាំនៅសាលាឧទ្ធរណ៍ និងសាលាដំបូង តាមតំបន់រាជធានី ខេត្តមួយចំនួនផងដែរ ដើម្បីជាប្រយោជន៍ជនទូទៅ ឬជនងាយរងគ្រោះ និងជាការកែលំអឡើងវិញនូវភាពអវិជ្ជមានក្នុងសវនកា តុលាការឱ្យមានភាពប្រសើរឡើង៕