អគ្គនាយកដ្ឋានពន្ធដារបានរំលឹកការប្រកាសបង់ពន្ធលើអចលនទ្រព្យ និង/ ឬពន្ធលើដីធ្លីមិនបានប្រើប្រាស់សម្រាប់ឆ្នាំ២០២៣ នឹងត្រូវបិទបញ្ចប់នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ខាងមុខនេះ។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ អគ្គនាយកដ្ឋានពន្ធដារសង្កេតឃើញថាម្ចាស់អចលនទ្រព្យមួយចំនួននៅមិនទាន់បានបំពេញកាតព្វកិច្ចប្រកាសបង់ពន្ធលើអចលនទ្រព្យ និងពន្ធលើដីធ្លីមិនបានប្រើប្រាស់នៅឡើយ។

អគ្គនាយកដ្ឋានពន្ធដារបានក្រើនរំលឹកដល់ម្ចាស់អចលនទ្រព្យទាំងអស់ ដែលមិនទាន់បានបំពេញកាតព្វកិច្ចបង់ពន្ធ ឱ្យមកប្រកាសពន្ធឱ្យទាន់ពេលវេលាត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ នៅអគ្គនាយកដ្ឋានពន្ធដារ ឬសាខាពន្ធដារខេត្ត-ខណ្ឌដែលអចលនទ្រព្យស្ថិតនៅ ឬគ្រប់ធនាគារពាក់ព័ន្ធជាដើម។

គួរបញ្ជាក់ថា ចំពោះការខកខានមិនបានដាក់លិខិតប្រកាសបង់ប្រាក់ពន្ធទាន់ពេលវេលា ម្ចាស់អចលនទ្រព្យនឹងត្រូវរងនូវទណ្ឌកម្មរដ្ឋបាល តាមច្បាប់ស្តីពីសារពើពន្ធជាធរមាន៕