ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចេញសេចក្តីណែនាំស្ដីពីការទប់ស្កាត់នូវការផលិត ការផ្សព្វផ្សាយ ឬការចែកចាយ ស្នាដៃវីដេអូ និងមាតិកាកម្សាន្ត គ្រប់ទម្រង់ដែលមានផលប៉ះពាល់ចំពោះវប្បធម៌ ប្រពៃណីជាតិ ព្រមទាំងតម្លៃស្ត្រីខ្មែរ និងកុមារ។
យោងតាមសេចក្តីណែនាំរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចេញនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ បានបញ្ជាក់ថា ដើម្បីបញ្ចៀសបាននូវផលប៉ះពាល់ទាំងឡាយ ក្រសួងសូមធ្វើការណែនាំ និងសូមបញ្ឈប់ជាបន្ទាន់នូវការផលិត ការផ្សព្វផ្សាយ ឬការចែកចាយស្នាដៃវីដេអូ និងមាតិកាកម្សាន្តដែលមានចរិតលក្ខណៈអាសអាភាស ស្រើបស្រាល ហិង្សា អសីលធម៌ ចាប់ពីថ្ងៃចេញសេចក្ដីណែនាំនេះតទៅ។
សេចក្តីណែនាំដដែលបន្តថា ក្នុងករណីដែលបុគ្គល ឬក្រុមណាមួយ នៅបន្តប្រព្រឹត្តសកម្មភាពអវិជ្ជមានក្រសួងនឹងធ្វើការសហការជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ស្របតាមបទបញ្ញត្តិ ច្បាប់ដែលមានជាធរមាន។
គួររលឹកផងដែរថា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានសង្កេតឃើញថា អ្នកផលិតវីដេអូ អ្នកបង្កើត សង្គមមួយចំនួន បានធ្វើការផលិតវីដេអូ បង្កឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណីជាតិ ពិសេសតម្លៃស្ត្រី និងកុមារ៕