ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានកំណត់អំពីលក្ខខណ្ឌ បែបបទ និងនីតិវិធី នៃការផ្តល់ប្រាក់បំណាច់ឆ្នាំសម្រាប់រយៈពេលព្យាបាលជំងឺ ប្រាក់បំណាច់មាតុភាព និងវិភាជន៍បូជាសព ក្នុងរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានជាកាតព្វកិច្ច។

យោងតាមប្រកាសរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចុះថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ សមាជិកបេឡាជាតិរបបសន្តិសុខសង្គម(ប.ស.ស) មានសិទ្ធិទទួលបំណាច់ប្រចាំថ្ងៃសម្រាប់រយៈពេលសម្រាកព្យាបាលជំងឺលុះត្រាតែកន្លែងដែលបំពេញការងារបានចុះបញ្ជីនៅ ប.ស.ស ហើយបានបង់វិភាគទាន ២ខែជាប់គ្នា ក្នុងរយៈពេលចុងក្រោយ គិតមកទល់ខែមានជំងឺ ឬគ្រោះថ្នាក់ក្រៅពីហានិភ័យការងារ និងបានអាក់ខានការងារចាប់ពី ៨ថ្ងៃឡើងទៅ។

ប្រាក់បំណាច់ប្រចាំឆ្នាំសម្រាប់រយៈពេលសម្រាកព្យាបាលជំងឺ ផ្តល់ជូនគិតចាប់ពីថ្ងៃដំបូងនៃការចូលសម្រាកព្យាបាលឡើងទៅ ហើយការទាមទារប្រាក់ត្រូវធ្វើឡើងដោយអ្នកជំងឺ ឬជនរងគ្រោះ ឬអ្នកតំណាងតាមរយៈទម្រង់នៃការទាមទារប្រាក់បំណាច់ប្រចាំថ្ងៃសម្រាប់រយៈពេលសម្រាកព្យាបាលជំងឺ ដោយភ្ជាប់មកជាមួយនឹងឯកសារពាក់ព័ន្ធ។

សមាជិក ប.ស.ស ដែលមានគភ៌ចាប់ពី ២៦សប្តាហ៍ឡើង មានសិទ្ធិទទួលប្រាក់បំណាច់មាតុភាពផងដែរ ចំណែកឯការទាមទារប្រាក់បំណាច់មាតុភាព ត្រូវធ្វើឡើងដោយសាមីខ្លួន ឬអ្នកតំណាងតាមរយៈកម្មវិធីសមាជិក ប.ស.ស ឬតាមទម្រង់នៃការទាមទារប្រាក់បំណាច់មាតុភាព។

វិភាជន៍បូជាសពផ្នែកថែទាំសុខភាព ត្រូវកំណត់ស្មើនឹង ២លានរៀល។ សមាជិក ប.ស.ស ដែលនៅមានសុពលភាពប្រើប្រាស់សេវាព្យាបាល និងថែទាំវេជ្ជសាស្ត្រ ហើយមរណភាពដោយមូលហេតុក្រៅពីហានិភ័យការងារ មានសិទ្ធិទទួលបានវិភាជន៍បូជាសព ហើយសិទ្ធិវន្ត ឬអ្នកចាត់ចែងបូជាសព ត្រូវជូនដំណឹងមក ប.ស.ស យ៉ាងយូរ ២សប្តាហ៍ គិតពីពេលទទួលមរណភាព និងត្រូវបំពេញទម្រង់ទាមទារវិភាជន៍បូជាសពដោយភ្ជាប់ឯកសារពាក់ព័ន្ធមួយចំនួន។

គួរបញ្ជាក់ថា សិទ្ធិទាមទារប្រាក់បំណាច់ប្រចាំថ្ងៃសម្រាប់ព្យាបាលជំងឺ ប្រាក់បំណាច់មាតុភាព និងវិភាជន៍បូជាសព ត្រូវអស់សុពលភាពត្រឹមរយៈពេលមួយឆ្នាំ គិតចាប់ពីពេលចូលសម្រាកព្យាបាល ឬសម្រាលកូន ឬមរណភាពរបស់សាមីខ្លួន។ ក្នុងករណីប្រធានសក្តិ សាមីជនឬអ្នកតំណាងអាចទាមទារជាប្រាក់អវសិដ្ឋបាន៕