គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសកាលពីពេលថ្មីៗនេះថា រដ្ឋាភិបាលបានបន្តសុពលភាពអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មី ដើម្បីឱ្យអ្នកដែលបានចុះឈ្មោះបោះឆ្នោតរួចហើយ នៅតែបោះឆ្នោតបានឆ្នាំនេះ បើទោះបីជា​អត្តសញ្ញាណប័ណ្ណគាត់ហួសសុពលភាពក៏ដោយ។

យោងតាមសេចក្តីជូនដំណឹងរបស់ គ.ជ.ប ចេញនៅថ្ងៃទី២៤ មិថុនា ឆ្នាំ២០២៣ បញ្ជាក់ថា អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មី ដែលអស់សុពលភាពប្រើប្រាស់ក្នុងឆ្នាំ២០២២ និងឆ្នាំ២០២៣ ត្រូវបានបន្តសុពលភាពសម្រាប់ប្រើប្រាស់ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ស្របតាមអនុក្រឹត្យលេខ១៣២ អនក្រ.បក ចុះថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ របស់រាជរដ្ឋាភិបាលកម្ពុជា។

សេចក្តីជូនដំណឹងដដែលបានបន្តថា ចំពោះប្រជាពលរដ្ឋមិនទាន់មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬមិនទាន់ទទួលបាន ឬបាត់ ឬខូច ឬកែតម្រូវ ប្រញាប់ទៅស្នើសុំឯកសារបញ្ជក់ អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត (ឯ.អ) ពីគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត ហើយការចេញ ឯ.អ មានរយៈពេល ៣០ថ្ងៃ ពីថ្ងៃទី២២ ខែមិថុនា ដល់ ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង ៥:៣០ នាទីល្ងាច។

គួរបញ្ជាក់ផងដែរថា សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ៕