មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា នឹងរៀបចំប្រារព្ធខួបគម្រប់ប្រាំពីរឆ្នាំនៃការមរណភាពរបស់លោកបណ្ឌិត កែម ឡី ដែលជាអ្នកវិភាគនយោបាយ និងជាអ្នកតស៊ូមតិ ដើម្បីលទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្សដ៏លេចធ្លោមួយរូបនៅកម្ពុជា។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ដែលចេញនៅព្រឹក ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ បញ្ជាក់ថា ក្នុងឱកាសរម្លឹកខួបគម្រប់ប្រាំពីរឆ្នាំនៃការមរណភាពរបស់លោកបណ្ឌិត កែម ឡី នេះ ម.ស.ម.ក នឹងរៀបចំព្រឹត្តិការណ៍មួយចំនួនក្នុងខែកក្កដា តទៅ។

សេចក្តីប្រកាសដដែលបានបន្តថា ព្រឹត្តិការណ៍ដែលនឹងរៀបចំនោះរួមមាន ថ្ងៃទី១៦ ខែមិថុនា ដល់ថ្ងៃទី០១ ខែកក្កដា សាធារណជនអាចចូលរួមប្រកួត ប្រជែងនិពន្ធ ឬតែងកំណាព្យបង្ហាញអំពីការនឹករឭកដល់លោកបណ្ឌិត កែម ឡី។

ថ្ងៃទី០៣ ដល់ថ្ងៃទី០៩ ខែកក្កដា ម.ស.ម.ក នឹងបង្ហោះសម្រង់សម្តីរបស់លោក បណ្ឌិត កែម ឡី នៅលើទំព័រហ្វេសប៊ុករបស់ ម.ស.ម.ក ថ្ងៃទី០៦ ខែកក្កដា ម.ស.ម.ក នឹងរៀបចំពិធីបុណ្យទក្ខិណានុប្បទាន ឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធលោកបណ្ឌិត កែម ឡី នៅការិយាល័យរបស់ ម.ស.ម.ក។

នៅថ្ងៃទី០៧ ខែកក្កដា ម.ស.ម.ក នឹងរៀបចំកម្មវិធីវិទ្យុពិភាក្សាលើប្រធានបទទាក់ទង នឹងយុទ្ធនាការ និងការនឹករឭកដល់លោកបណ្ឌិត កែម ឡី ព្រមទាំងមានការបង្ហោះវីដេអូ ស្តីពីដំណើររឿងខ្លីមួយមានចំណងជើងថា «ពាក្យពិត» នៅលើទំព័រហ្វេសប៊ុ ករបស់ ម.ស.ម.ក ។

សូមរំលឹកផងដែរថា លោកបណ្ឌិត កែម ឡី ត្រូវបានឃាតករបាញ់សម្លាប់ទាំងព្រឹកនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ នៅស្ថានីយប្រេងឥន្ធនៈមួយកន្លែងក្នុងរាជធានីភ្នំពេញ៕