រដ្ឋសភាជាតិបានអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោតទាំងមូលដោយមានចំនួន ១១១សំឡេងដែលសេចក្តីព្រាងច្បាប់នេះមានប្រាំបីមាត្រា។
អង្គសភាក៏បានអនុម័តលើសេចក្តីព្រាងច្បាប់ទាំងមូលស្តីពីការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលឱ្យក្រុមហ៊ុនខ្មែរ អេឡិកទ្រីខល ផៅវ័រសម្រាប់គម្រោងអភិវឌ្ឍវារីអគ្គិសនីស្ទឹងឬស្សីជ្រុំកណ្តាល ផ្គួបគ្នាជាមួយគម្រោងអភិវឌ្ឍវារីអគ្គិសនីស្ទឹងវាលថ្មកំបុត ខេត្តកោះកុង ចំនួន ១០៧សំឡេង ដែលសេចក្តីព្រាងច្បាប់នេះមានបីមាត្រា។
អង្គសភាក៏អនុម័តលើសេចក្តីព្រាងច្បាប់ទាំងមូលស្តីពីការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលឱ្យក្រុមហ៊ុនឡាក់ឃី សូឡា ផៅវ័រសម្រាប់គម្រោងអភិវឌ្ឍស្ថានីយផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ ខេត្តព្រៃវែង ចំនួន ១០៧សំឡេង ដែលសេចក្តីព្រាងច្បាប់នេះមានបីមាត្រា។
ទន្ទឹមនឹងនេះអង្គសភាបានអនុម័តលើសេចក្តីព្រាងច្បាប់ទាំងមូលស្តីពីការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលឱ្យក្រុមហ៊ុន ស្មេថេក ខូអិលធីឌី សម្រាប់គម្រោងអភិវឌ្ឍស្ថានីយផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ ខេត្តពោធិ៍សាត់ ចំនួន ១០៦សំឡេង ខេត្តស្វាយរៀង និងខេត្តកំពង់ឆ្នាំង ចំនួន ១០៥សំឡេង ដែលសេចក្តីព្រាងច្បាប់នេះមានបីមាត្រា។
ដូចគ្នានេះដែរអង្គសភាក៏អនុម័តលើសេចក្តីព្រាងច្បាប់ទាំងមូលស្តីពីការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលឱ្យក្រុមហ៊ុនស្ទឹង មេទឹក ហាយដ្រូផៅវ័រសម្រាប់គម្រោងអភិវឌ្ឍវារីអគ្គិសនីស្ទឹង មេទឹក ខេត្តកោះកុង ចំនួន ១០៥សំឡេង ដែលសេចក្តីព្រាងច្បាប់នេះមានបីមាត្រា។
គួររំឭកថាគម្រោងអភិវឌ្ឍថាមពលអគ្គិសនីនេះ ផ្តល់ប្រយោជន៍យ៉ាងធំធេងក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ កាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ព្រមទាំងធានាទាំងអត្រាថ្លៃសមរម្យ គុណភាព សុវត្ថិភាពនៃប្រភពអគ្គិសនី និងនាំមកនូវបច្ចេកទេសថ្មី ផ្តល់ការងារជូនប្រជាពលរដ្ឋ ទាំងក្នុងពេលសាងសង់ និងដំណើរការ៕