ការធ្វើវិសោធនកម្មច្បាប់បោះឆ្នោតដែលត្រូវបានរដ្ឋសភាអនុម័តកាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ គឺធ្វើឡើងក្នុងស្មារតីបន្តការលើកស្ទួយគុណតម្លៃលទ្ធិប្រជាធិបតេយ្យ និងដើម្បីទប់ស្កាត់សកម្មភាពដែលធ្វើឱ្យប៉ះពាល់ដល់ការបោះឆ្នោតរបស់ប្រជាពលរដ្ឋ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃ ចុះថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣។

កាលពីថ្ងៃពុធ ក្រសួងមហាផ្ទៃបានចេញសេចក្តីប្រកាសព័ត៌មានអំពីសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោតដែលរាជរដ្ឋាភិបាលបានផ្តួចផ្តើមរៀបចំឡើង និងត្រូវបានរដ្ឋសភាអនុម័តក្នុងសម័យប្រជុំពេញអង្គលើកទី៩ និតិកាលទី៦ កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣កន្លងទៅ។

បើតាមសេចក្តីប្រកាសព័ត៌មាន ការកែទម្រង់ «សិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត» ដូចមានចែងក្នុងសេចក្តីព្រាងច្បាប់ ត្រូវបានធ្វើឡើងស្របតាមស្មារតីនៃរដ្ឋធម្មនុញ្ញ ត្រង់វាក្យខណ្ឌទី៥ នៃមាត្រា ៣៤ ថ្មី (មួយ) ចែងថា«បទប្បញ្ញត្តិដកសិទ្ធិបោះឆ្នោត និងសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត ត្រូវកំណត់ក្នុងច្បាប់»។

ទន្ទឹមនឹងនេះ ការធ្វើវិសោធនកម្ម​ច្បាប់​បោះឆ្នោត គឺសំដៅទប់ស្កាត់សកម្មភាពដែលធ្វើឱ្យប៉ះពាល់ដល់សិទ្ធិបោះឆ្នោតរបស់ប្រជាពលរដ្ឋ ឬការធ្វើសកម្មភាពខូចដល់កិច្ចដំណើរការនៃការបោះឆ្នោត និងបំភិតបំភ័យ អុចអាល ញុះញុង់ ប្រជាពលរដ្ឋកុំឱ្យទៅបោះឆ្នោត។

សេចក្តីព្រាងច្បាប់នេះមិនបានធ្វើឱ្យប៉ះពាល់ដល់សិទ្ធិបោះឆ្នោតរបស់ប្រជាពលរដ្ឋនោះទេ ដោយ «ការទៅបោះឆ្នោត ឬមិនទៅបោះឆ្នោត» នៅតែជាសិទ្ធិរបស់ប្រជាពលរដ្ឋខ្មែរ ដែលត្រូវបានធានាដោយរដ្ឋធម្មនុញ និងក៏ពុំមែនជាកាតព្វកិច្ច ដូចការកំណត់នៅតាមបណ្តាប្រទេសប្រជាធិបតេយ្យសេរីមួយចំនួននោះដែរ។

ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃបានបញ្ជាក់ទៀតថាសេចក្តីព្រាងច្បាប់នេះ បានពង្រឹង និងលើកកម្ពស់ការទទួលខុសត្រូវរបស់ប្រជាពលរដ្ឋចំពោះជាតិ មាតុភូមិ និងប្រជាពលរដ្ឋ ក្នុងនាមប្រជាពលរដ្ឋល្អ និងជាគំរូល្អនៅក្នុងសង្គមប្រជាធិបតេយ្យ។

យ៉ាងណាមិញ គណបក្សភ្លើងទៀន កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ បានចេញសេចក្តីថ្លែងការណ៍ដែលបង្ហាញពីការយល់ឃើញជុំវិញការធ្វើវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោត ដោយប្រញាប់ប្រញាលនេះ។

ក្នុងសេចក្តីថ្លែងការណ៍បានសរសេរថា ការធ្វើវិសោធនកម្មច្បាប់ស្ដីពីការបោះឆ្នោត គឺដើម្បីកំណត់កាតព្វកិច្ចរបស់ប្រជាពលរដ្ឋខ្មែរ ដែលត្រូវឈរឈ្មោះឲ្យគេបោះឆ្នោត ទាំងការបោះឆ្នោតថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ គឺជាការកាត់បន្ថយសិទ្ធិ និងជាការបិទឱកាសនៃការឈរឈ្មោះបោះឆ្នោតរបស់ប្រជាពលរដ្ឋខ្មែរ។

គណបក្សភ្លើងទៀនបានយល់ឃើញថា ការធ្វើវិសោធនកម្មច្បាប់ស្ដីពីការបោះឆ្នោត ដោយប្រញាប់ប្រញាល់ និងដោយគ្មានការចូលរួមពិគ្រោះយោបល់ពីគ្រប់ភាគី ពាក់ព័ន្ធអាចបង្ក ផលវិបាក និងផលប៉ះពាល់ផ្សេងៗ ដល់ប្រជាពលរដ្ឋខ្មែរជាពិសេសអាចធ្វើឲ្យប្រជាពលរដ្ឋខ្មែរមួយចំនួន នឹងត្រូវបាត់បង់ឱកាសក្នុងការចូលរួមបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់អាណត្តិទី៦ ឆ្នាំ២០២៧ និងការបោះឆ្នោតជ្រើសតាំងដំណាងរាស្ត្រនីតិកាលទី៨ ឆ្នាំ២០២៨។

នៅក្នុងសេចក្តីថ្លែងការណ៍ដដែល គណបក្សភ្លើងទៀនក៏បានអំពាវនាវដល់ស្ថាប័ននីតិបញ្ញត្តិពិនិត្យពិចារណាចៀសវាងការអនុម័តលើវិសោធនកម្មច្បាប់ស្ដីពីការបោះឆ្នោត ដែលមិនស្របនឹងស្មារតីនៃកតិកាសញ្ញាអន្តរជាតិស្ដីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ និងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងមិនឆ្លុះបញ្ចាំង និងមិនសមស្របផលប្រយោជន៍ទូទៅរបស់ប្រជាពលរដ្ឋ។

សូមបញ្ជាក់ផងដែរថា គណបក្សភ្លើងទៀន ត្រូវបានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ចេញសេចក្តីសម្រេចបដិសេធការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ក្រោមមូលហេតុ គណបក្សភ្លើងទៀន មិនបានភ្ជាប់មកជាមួយនូវប្រកាសស្តីពីការចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ ដែលមានបញ្ជាក់នីត្យានុកូលកម្ម ដោយរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នៅការិយាល័យច្រកចេញចូលតែមួយ ឱ្យបានត្រឹមត្រូវស្របតាមកថាខណ្ឌទី២ និងចំណុចទី១ ក្នុងមាត្រា២៧ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ៕