ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍( ក.ប.ទ) បានសម្រេចបណ្តេញតំណាងក្រុមហ៊ុន Facebook ចេញពីកម្ពុជា និងបញ្ឈប់រាល់សកម្មភាពទំនាក់ទំនងជាមួយរដ្ឋាភិបាល និងកិច្ចសហការដៃគូក្នុងវិស័យឯកជននៅកម្ពុជា ចាប់ពីថ្ងៃទី៣០ ខែមិថុនា ២០២៣ តទៅ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក.ប.ទ កាលពីថ្ងៃសុក្រ ទី៣០ ខែមិថុនា ឆ្នាំ២០២៣ កន្លងទៅនេះ ដោយហេតុឃើញភាពមិនប្រក្រតីនៃសេវារបស់ក្រុមហ៊ុនហ្វេសប៊ុក (Facebook) សម្រាប់អ្នកប្រើប្រាស់នៅកម្ពុជា ដូចជា ការបង្កើតគណនីកន្លែងបន្លំ ហានិភ័យលើទិន្នន័យឯកជន ការប្រើប្រាស់ និងការប្រមូលទិន្នន័យឯកជន ការផ្សព្វផ្សាយព័ត៍មានក្លែងក្លាយ កង្វះគណនេយ្យភាព និងតម្លាភាព និងការជ្រៀតជ្រែកចូលកិច្ចការនយោបាយរបស់ប្រទេសជាអាទិ៍។

«ដូច្នេះ ក.ប.ទ សម្រេចបណ្តេញតំណាងក្រុមហ៊ុនហ្វេសប៊ុកចេញពីកម្ពុជា និងបញ្ឍប់រាល់សកម្មភាព ដូចជាភាពជាអ្នកតំណាងរបស់ក្រុមហ៊ុន ទំនាក់ទំនងជាមួយរដ្ឋាភិបាល និងកិច្ចសហការដៃគូក្នុងវិស័យឯកជននៅព្រះរាជាណាចក្រកម្ពុជាចាប់ពីថ្ងៃចេញសេចក្តីប្រកាសនេះតទៅ។»

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅយប់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ បានចេញសារសម្លេងពិសេសក្នុងបណ្តាញសង្គមតេលេក្រាម(Telegram)ថា មិនបិទបណ្តាញសង្គម Facebook នៅកម្ពុជានោះទេ។

លោកបានលើកឡើងថា៖ «ខ្ញុំគ្រាន់តែបិទ Facebook របស់ខ្ញុំចោលតែប៉ុណ្ណោះ ដើម្បីកុំឱ្យមានការជជជែកវែកញែកតទៅទៀត ទាក់ទិនជាមួយនឹងបញ្ហា រឿងពាក្យសម្តីខ្លះ ដែលគេយកធ្វើជាកម្មវត្ថុ នៃការពិចារណា នៃក្រុមហ៊ុនហ្វេសប៊ុកតែប៉ុណ្ណោះ តែខ្ញុំមិនល្ងង់រហូតទៅដល់បិទ Facebook ដែលប្រជាជនមានតម្រូវការទំនាក់ទំនង ហើយទទួលយកនូវព័ត៌មាននេះ»។

លោកបានបន្តទៀតថា៖ «ហេតុផលដែលខ្ញុំរំលាយចោល គឺខ្ញុំមានហេតុផលរបស់ខ្ញុំ ម្ខាងគឺអាខោនក្លែងក្លាយវាច្រើន ម្ខាងទៀតត្រូវការពារវាជាប្រចាំខ្លាច Hacker ឯម្ខាងទៀតគឺមានបញ្ហាចំរុងចំរាស់ លើបញ្ហាខ្លះ ដែលមានចរិកជានយោបាយ»។

លោកបានបន្ថែមថា៖ «ហ្វេសបុកក៏បានទទួលផលប្រយោជន៍ពីកម្ពុជាច្រើនណាស់ យើងអាចមានវិធានការត្រឹមកំរិត មិនឱ្យមានតំណាងក្រុមហ៊ុនហ្វេសបុកនៅកម្ពុជាតែប៉ុណ្ណោះ ក៏ប៉ុន្តែយើងក៏មិនល្ងង់រហូតដល់បិទហ្វេសបុក ដែលជាបណ្តាញសង្គមមួយសម្រាប់ប្រជាជនប្រើប្រាស់ រាប់ទាំងអ្នកលក់អនឡាញ រឺអ្នកត្រូវការមើលសភាពការណ៍ពីក្នុងស្រុក ពីកន្លែងមួយទៅកន្លែងមួយ ដែលទំនាក់ទំនងតាម Facebook នោះទេ»។

លោកបានបញ្ជាក់ជាថ្មីទៀតថា៖ «ខ្ញុំមិនល្ងង់រហូតដល់ថ្នាក់បិទដង្ហើមប្រជាពលរដ្ឋនោះទេ ក៏ប៉ុន្តែខ្ញុំក៏មិនល្ងង់រហូតឱ្យក្រុមហ៊ុន Facebook មកយកលុយពីប្រជាជនខ្មែរតាមទំនើងចិត្ត ហើយដាក់តំណាងនៅកម្ពុជា ខ្ញុំមិនចាំបាច់ឱ្យពួកគេមានតំណាងនៅកម្ពុជាទេ គឺឱ្យគេមានទំនាក់ទំនងដូចកាលពីពេលមុន មុន Facebook មានលេងនៅកម្ពុជាមុនពេលមានតំណាង ដូច្នេះមិនបាច់មានតំណាងនៅកម្ពុជាទៀតទេ ត្រឹមតែប៉ុណ្ណឹង នេះគ្រាន់តែជាវិធានការនៃការគិតចំពោះមុខតែប៉ុណ្ណោះ»។

សូមបញ្ចាក់ថា គណនីFacebook របស់លោកហ៊ុន សែន បានជូនដំណឹងពីការលុបចោលលែងប្រើប្រាស់កាលពីថ្ងៃទី២៩ ខែមិថុនា ២០២៣។ ហើយលោកសូមការយោគយល់ពីអ្នករាប់អានតាម Facebook និងសូមបង្វែរមកភ្ជាប់ជាមួយ Telegram វិញដើម្បីទទួលព័ត៌មាន និងយោលបល់របស់លោក៕