លោកនាយករដ្ឋមន្រ្តីហ៊ុន សែនបានលុបទំព័រហ្វេសប៊ុករបស់ខ្លួន ហើយព្រមានបិទហ្វេសប៊ុកចោលមិនឱ្យប្រើប្រាស់នៅកម្ពុជាបាន បន្ទាប់ពីក្រុមហ៊ុនហ្វេសប៊ុកបានផ្អាកទំព័រហ្វេសប៊ុករបស់លោកមិនឱ្យដំណើរការបាន នៅយប់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ ។
យោងតាមសារព័ត៌មាន AKP ចេញថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ ផ្សាយថា លោកហ៊ុនសែន បានព្រមានបិទហ្វេសប៊ុកចោលមិនឱ្យប្រើប្រាស់នៅកម្ពុជារយៈខ្លី ឬជាស្ថាពរ ដើម្បីប្រដៅពួកប្រឆាំងក្រៅស្រុក ហើយជំនួសវិញដោយប្រើ ទីកតុក (Tik Tok) តេឡេក្រាម (Telegram) Whatsapp ឬ វាយប័រ (Viber) សម្រាប់ទំនាក់ទំនង និងសំណេះសំណាល ជាមួយប្រជារាស្ត្រវិញ។
គួរបញ្ជាក់ថា ទំព័រហ្វេសប៊ុកលោកហ៊ុន សែនបានលុបចេញពីហ្វេសប៊ុក ដោយលោកបានមានប្រសាសន៍ថា៖ «យប់មិញពូបានសម្រេចលុបចោល ហ្វេសប៊ុក ដែលមានមនុស្ស១៤លាននាក់ ហើយឃើញពួកប្រឆាំងក្រៅប្រទេសកំពុងសប្បាយចិត្ត»។ លោកថា សម្រាប់ការទំនាក់ទំនងជាមួយប្រជាពលរដ្ឋនៅតែបន្តតាមវិធីសាស្ត្រផ្សេងទៀតបាន៕