លោកនាយករដ្ឋមន្រ្តីហ៊ុន សែនបានលុបទំព័រហ្វេសប៊ុករបស់ខ្លួន ហើយព្រមានបិទហ្វេសប៊ុកចោលមិនឱ្យប្រើប្រាស់នៅកម្ពុជាបាន បន្ទាប់ពីក្រុមហ៊ុនហ្វេសប៊ុកបានផ្អាកទំព័រហ្វេសប៊ុករបស់លោកមិនឱ្យដំណើរការបាន នៅយប់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ ។

យោងតាមសារព័ត៌មាន​ AKP ចេញថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ ផ្សាយថា លោកហ៊ុនសែន បានព្រមានបិទហ្វេសប៊ុកចោលមិនឱ្យប្រើប្រាស់នៅកម្ពុជារយៈខ្លី ឬជាស្ថាពរ ដើម្បីប្រដៅពួកប្រឆាំងក្រៅស្រុក ហើយជំនួសវិញដោយប្រើ ទីកតុក (Tik Tok) តេឡេក្រាម (Telegram)​ Whatsapp ឬ វាយប័រ (Viber) សម្រាប់ទំនាក់ទំនង និងសំណេះសំណាល ជាមួយប្រជារាស្ត្រវិញ។

គួរបញ្ជាក់ថា ទំព័រហ្វេសប៊ុកលោកហ៊ុន​ សែនបានលុបចេញពីហ្វេសប៊ុក ដោយលោកបានមានប្រសាសន៍ថា៖ «យប់មិញពូបានសម្រេច​លុបចោល ហ្វេសប៊ុក ដែលមានមនុស្ស១៤លាននាក់ ហើយឃើញ​​ពួកប្រឆាំងក្រៅប្រទេសកំពុងសប្បាយចិត្ត»។ លោក​ថា សម្រាប់​ការទំនាក់ទំនងជាមួយប្រជាពលរដ្ឋ​នៅតែបន្តតាមវិធីសាស្ត្រផ្សេងទៀតបាន៕