លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា រដ្ឋធម្មនុញ្ញកម្ពុជាមិនបានកំណត់ឱ្យមានការពិភាក្សា ឬពិគ្រោះយោបល់ ជាមួយអង្គការ សង្គមស៊ីវិលឡើយសម្រាប់ការបង្កើតច្បាប់ឬវិសោធនកម្មច្បាប់នានានៅកម្ពុជា។
នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣នេះ លោកហ៊ុន សែន បានថ្លែងក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយកម្មការិនីកម្មករ នៅខេត្តពោធិ៍សាត់ដែលមានចំនួនប្រមាណជា ៦,៨៦៨នាក់ លោកបានលើកឡើងថា មានបក្ស២ រួមជាមួយអង្គការមួយចំនួនបានចេញមកប្រតិកម្មជាមួយនឹងការធ្វើវិសោធនកម្មច្បាប់ដោយសារតែរដ្ឋាភិបាលធ្វើតែម្នាក់ឯងមិនបានពិគ្រោះយោបល់ជាមួយគណបក្ស និង សង្គមស៊ីវិល។
នៅក្នុងនោះ លោកបានលើកឡើងទៀតថា «លោកឯងកុំចង់តាំងគ្នាបួនប្រាំនាក់បង្កើតជាអង្គការដើម្បីមកប្រតិកមកម្មជាមួយរាជរដ្ឋាភិបាល។ ពួកអ្នកឯងស៊ីលុយបរទេសគ្រាន់តែតំណាងឱ្យមនុស្សប៉ុន្មាននាក់ដែលអ្នកឯងតែងតាំងគ្នាឯងទេ ហើយមកចេញជាសេចក្តីថ្លែងការណ៍ហើយសេចក្តីថ្លែងការណ៍នោះហើយមានអ្នកខ្លះគិតថា ធ្វើនេះខុសនីតិវិធីដោយមិនបានពិគ្រោះជាមួយសង្គមស៊ីវិល។»
សម្តេចតេជោបន្តថា «អញ្ចឹងទេខ្ញុំគ្រាន់តែប្រាប់អ្នកឯងថា រដ្ឋធម្មនុញ្ញមិន បានកំណត់ឱ្យរាជរដ្ឋាភិបាលទៅពិគ្រោះយោបល់ជាមួយនឹងអង្គការសង្គមស៊ីវិលនោះទេសូមកុំព្រហើន។»
លោកលើកឡើងថា នេះមិនមែនជាការបិទសិទ្ធិនោះទេ ប៉ុន្តែជាវិធានការច្បាប់ដើម្បីដំណើរការអនុវត្តសិទ្ធិរបស់ពលរដ្ឋ អញ្ចឹងលោកឯងមើលក្នុងច្បាប់នេះទៅ លោកឯងប្រហែលជាស្រង៉ាកចិត្តហើយ ព្រោះមិនមែនត្រឹមតែមិន ឱ្យអ្នកឯងឈរឈ្មោះបោះឆ្នោតប៉ុណ្ណោះទេ តែថែមទាំងផ្អាកសិទ្ធិធ្វើនយោបាយអ្នកឯងទៀតផង៕