លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ពីសមិទ្ធផលនានា ដែលសម្រេចបានក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ និងនយោបាយគាំពារសុខភាពសង្គមសម្រាប់ប្រជាជនកម្ពុជា នាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣នេះ។
ក្នុងជំនួបជាមួយនិងកម្មកររោងចក្រសហគ្រាស១១ ក្នុងខេត្តកណ្តាល លោកហ៊ុន សែន បានសរសើរនូវការសម្រេចបានការចាក់វ៉ាក់សាំងកូវីដ-១៩ របស់និយោជិតបានដោយជោគជ័យ និងការឧត្ថម្ភប្រាក់ដល់មន្ត្រីរាជការ មន្ត្រីកម្មសិក្សា ជាប់កិច្ចសន្យាទាំងអស់ លើកិច្ចគាំពារស្រ្តីមានផ្ទៃពោះរហូតដល់កុមារអាយុក្រោម២ឆ្នាំ ដូចកម្មការីរោងចក្រដែរ។
លោកបន្ថែមថា រីឯស្រ្តីជាកងទ័ព ក៏មានការឧត្ថម្ភផងដែរ តែត្រូវពិភាក្សាបន្ថែមនាពេលខាងមុខ នេះបើយោងតាមផេកផ្លូវការលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
ជាងនេះទៅទៀត បន្ទាប់ពីមានបទពិសោធន៍នៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩ មករដ្ឋាភិបាលបានកសាងមន្ទីរពេទ្យ «តេជោសន្តិភាព» អាចផ្ទុកអ្នកជំងឺបាន ១ម៉ឺននាក់ ដែលលោកហ៊ុន សែន បានផ្តល់ជូននូវការព្យាបាលដោយឥតគិតថ្លៃសម្រាប់កម្មករ កម្មការិនី ក្រោយពេលមន្ទីរពេទ្យសាងសង់រួចរាល់។
លោកក៏បានលើកឡើងដែរថា នាពេលបច្ចុប្បន្នការផ្ទុះឡើងវិញនូវជំងឺអេដស៍នៅកម្ពុជាក៏ជាកត្តាចម្បងមួយដែរ ក៏លោកបានអំពារនាវដល់អ្នកស្រឡាញ់ភេទត្រូវមានការប្រុងប្រយ័ត្នខណៈការឆ្លងជំងឺនេះកើតចេញពីបុរសស្រឡាញ់បុរសដូចគ្នា។
គួរបញ្ជាក់ថា គោលនយោបាយគាំពារសង្គមត្រូវបានរាជរដ្ឋាភិបាលដាក់ចេញជាបន្តបន្ទាប់ ដើម្បីសុខមាលភាពរបស់ប្រជាពលរដ្ឋកម្ពុជា៕