រដ្ឋាភិបាលកម្ពុជាបានសម្រេចហាមឃាត់សមាជិកក្រុមប្រឹក្សាភិបាលត្រួតពិនិត្យនៃក្រុមហ៊ុន Meta ចំនួន ២២រូបមិនឱ្យចូលប្រទេសកម្ពុជា ហើយត្រូវចេញពីកម្ពុជាក្នុងរយៈពេល ៤៨ម៉ោង បើមានអ្នកកំពុងស្ថិតនៅក្នុងប្រទេស។នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសកម្ពុជា។
សេចក្តីថ្លែងការណ៍ខាងលើដែលចេញផ្សាយកាលពីថ្ងៃទី០៤ ខែកក្កដា កន្លងទៅបានបញ្ជាក់ថា អនុសាសន៍របស់ក្រុមប្រឹក្សាភិបាលត្រួតពិនិត្យនៃក្រុមហ៊ុន Meta Platforms Inc. ឱ្យផ្អាកទំព័រហ្វេសប៊ុកលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានលក្ខណៈនយោបាយ និងមានចេតនារារាំងប្រជាពលរដ្ឋខ្មែរមិនឱ្យទទួលបានព័ត៌មានពីថ្នាក់ដឹកនាំរបស់ពួកគេ។
លោកហ៊ុន សែន កាលពីល្ងាចថ្ងៃអង្គារ ក៏បានបង្ហាញមុខបុគ្គលទាំង ២២នាក់ខាងលើតាមរយៈបណ្តាញតេលេក្រាមរបស់លោកដោយផ្ជាប់សារថា មនុស្សទាំងនេះមិនអាចចូលប្រទេសកម្ពុជាបានអស់មួយជីវិត។
លោកបន្ថែមថា៖ «នេះជាលទ្ធផលដែលពួកអ្នកបង្កឡើងតាមរយៈនយោបាយជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជា»។
ក្នុងចំណោមបុគ្គល ២២នាក់នោះមានមន្ត្រីសំខាន់ៗដូចជា លោកស្រី Helle Thorning-Schmidt អតីតនាយករដ្ឋមន្ត្រីដាណឺម៉ាក លោកស្រី Tawakkol Karman ជាអ្នកកាសែតស្រ្តីដែលឈ្នះរង្វាន់ណូបែលសន្តិភាពកាលពីឆ្នាំ២០១១ ជាដើម។
កាលពីថ្ងៃទី៣០ ខែមិថុនា កន្លងទៅរដ្ឋាភិបាលកម្ពុជាក៏បានបណ្តេញតំណាងក្រុមហ៊ុនហ្វេសប៊ុកចេញពីកម្ពុជា និងបញ្ឈប់រាល់សកម្មភាព ដូចជា ទំនាក់ទំនងជាមួយរដ្ឋាភិបាលកម្ពុជា និងកិច្ចសហការដៃគូក្នុងវិស័យឯកជននៅកម្ពុជា។
ទាក់ទងនឹងបញ្ហានេះលោក អំ សំអាត នាយកទទួលបន្ទុកចាត់ការទូទៅអង្គការលីកាដូ បានប្រាប់ Newsroom Cambodia ថារដ្ឋាភិបាលបណ្តេញក្រុមប្រឹក្សាភិបាលត្រួតពិនិត្យនៃក្រុមហ៊ុន Meta នេះ វាប្រញាប់ប្រញាលពេកព្រោះទុករយៈពេលខ្លី ដោយក្រុមហ៊ុនហ្វេសប៊ុកក៏ជាក្រុមហ៊ុនវិនិយោគមួយដែរនៅកម្ពុជា។
លោកអំ សំអាត បញ្ជាក់ថា៖ «ការដែលបណ្តេញចេញនេះក៏វាអាចធ្វើឱ្យគេមើលឃើញថាវាពាក់ព័ន្ធជាមួយនឹងការវិនិយោគផ្សេងៗរបស់ក្រុមហ៊ុនបរទេសមួយចំនួនទៀត»។
គួររំលឹកផងដែរថា កាលពីថ្ងៃ២៩ ខែមិថុនា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសឈប់ប្រើ និងលុបទំព័រហ្វេសប៊ុកផ្លូវការរបស់លោកដែលមានអ្នកតាមដានប្រមាណ ១៤លាននាក់ ក្រោយក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Meta អំពាវនាវឱ្យព្យួរទំព័រហ្វេសប៊ុករបស់លោកនាយករដ្ឋមន្ត្រីរយៈពេល ៦ខែ ដោយហេតុផលថាវីដេអូមួយរបស់លោក បានបំពានវិធានរបស់ក្រុមហ៊ុន Meta ស្តីពីការគំរាមកំហែងហិង្សា៕