អង្គការសង្គមស៊ីវិល បានស្នើសុំទម្លាក់ចោលឱ្យបានឆាប់នូវការចោទប្រកាន់ពីបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ដែលគ្មានមូលដ្ឋានច្បាស់លាស់ទៅលើសកម្មជនដីធ្លីចំនួន១០នាក់ មកពីសហគមន៍ចំនួន៣ នៅក្នុងខេត្តកោះកុង និងដោះលែងពួកគេដោយឥតលក្ខខណ្ឌ ដោយអះអាងថា សកម្មជនដីធ្លីទាំងនោះមិនបានប្រព្រឹត្តកំហុសអ្វីនោះទេ។
អង្គការសង្គមស៊ីវិល បានបន្ថៃមថាពួកគេគ្រាន់តែលើកឡើងពីទុក្ខកង្វល់ និងសម្ដែងមតិដោយអហិង្សា ដើម្បីការពារដីធ្លី និងក្រុមសមាជិកសហគមន៍របស់ពួកគេតែប៉ុណ្ណោះ។
យោងតាមសេចក្ដីថ្លែងការណ៍រួមរបស់សមាគមអាដហុក ចេញថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៣ បញ្ជាក់ថា សកម្មជនដីធ្លីចំនួន១០នាក់ ត្រូវបានចាប់ខ្លួន និងចោទប្រកាន់ពីបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ តាមបញ្ញត្តិមាត្រា ៤៩៤ និង ៤៩៥ នៃក្រមព្រហ្មទណ្ឌ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣។
ពួកគេ ៩នាក់ក្នុងចំណោមនោះ បច្ចុប្បន្នកំពុងស្ថិតនៅក្នុងការឃុំខ្លួនបណ្តោះអាសន្នរង់ចាំសវនាការនៅក្នុងពន្ធនាគារខេត្តកោះកុង។ ដោយសកម្មជនម្នាក់ទៀត ត្រូវបានដោះលែងឱ្យនៅក្រៅឃុំជាមួយនឹងលក្ខខណ្ឌដ៏តឹងរ៉ឹង។ ការចោទប្រកាន់នេះធ្វើឡើងបន្ទាប់ពីសកម្មជនដីធ្លីទាំងនោះព្យាយាមធ្វើដំណើរទៅរាជធានីភ្នំពេញ ដើម្បីដាក់ញត្តិទៅកាន់ក្រសួងយុត្តិធម៌។
សេចក្ដីថ្លែងការណ៍រួមដដែលបន្តថា សកម្មជនដីធ្លីទាំង១០នាក់ រួមមាន អ្នកស្រី ផាវ ញើង អ្នកស្រី ដេត ហ៊ូ អ្នកស្រី យិ គន្ធា លោក សុខ ជ័យ លោក ហេង ជ័យ អ្នកស្រី ទិន តាំង លោក ឡាំង ជៀវ អ្នកស្រី សេង លីន អ្នកស្រី យឿន ខ្មៅ និងអ្នកស្រី សួង ថេង។ អ្នកស្រី សួង ថេង គឺជាសកម្មជនតែម្នាក់គត់ដែលត្រូវបានដោះលែងឱ្យនៅក្រៅឃុំជាមួយនឹងលក្ខខណ្ឌដ៏តឹងរ៉ឹង។
គួរបញ្ជាក់ផងដែរថា អង្គការសង្គមស៊ីវិលចំនួន៥១ មកពីស្ថាប័នផ្សេងគ្នា ដែលបានស្នើសុំដើម្បីឱ្យបញ្ឈប់ការធ្វើទុក្ខបុកម្នេញទៅលើប្រជាពលរដ្ឋខែ្មរជាសកម្មជនដីធ្លី ដោយទម្លាក់ចោល ការចោទប្រកាន់ពីបទញុះញង់ប្រឆាំងនឹងពួកគេ និងដោះលែងពួកគេជាបន្ទាន់ដោយឥតលក្ខខណ្ឌពីការឃុំខ្លួនបណ្តោះអាសន្ននេះ៕