មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តព្រះវិហារ បានច្រានចោលជុំវិញការផ្សព្វផ្សាយរបស់ម្ចាស់គណនីហ្វេសប៊ុក ឈ្មោះ Sisowath Sithiden ដែលបានបង្ហោះពាក់ព័ន្ធការបំផ្លិចបំផ្លាញរូបចម្លាក់ថ្មីៗ នៅជញ្ជាំងប្រាសាទបន្ទាយក្នុង នៅក្នុងតំបន់ប្រាសាទបាកាន (ព្រះខ័ន) ស្ថិតនៅភូមិតាសែង ឃុំរណសិរ្ស ស្រុកសង្គមថ្មី ខេត្តព្រះវិហារ ធ្វើឱ្យមហាជនទូទាំងប្រទេសមានការយល់ច្រលំ។
យោងតាមលិខិតបដិសេធរបស់ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តព្រះវិហារ ចេញនៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៣ បញ្ជាក់ថា រូបចម្លាក់ដែលម្ចាស់គណនីខាងលើបានយកទៅផ្សព្វផ្សាយនោះគឺ ជារូបភាពដែលបានដាប់បំផ្លាញតាំងពីទស្សវត្សទី៩០មកម្ល៉េះ មិនមែនជាការដាប់បំផ្លាញនាពេលថ្មីៗនេះទេ។
លិខិតបដិសេធដដែលបន្តថា នាពេលបច្ចុប្បន្ននេះ តំបន់ប្រាសាទបាកាន (ព្រះខ័ន) ត្រូវបានទទួលការគាំពារ និងអភិរក្ស ដោយមានកំលាំងអភិរក្ស និងប៉ូលីសបេតិកភណ្ឌ ដែលឈរជើងប្រចាំការនៅទីនោះ មិនក្រោមពី៣០នាក់ឡើយ។
គួរបញ្ជាក់ផងដែរថា ម្ចាស់គណនីឈ្មោះ Sisowath Sithiden បានសរសេរនៅលើគេហទំព័ររបស់ខ្លួនថា «សម័យនេះហើយនៅមានអ្នកលួចគាស់យករូបចម្លាក់យកទៅទៀត ឱខ្មែរអើយខ្មែរ ហេតុអ្វីក៏វេទនាយ៉ាងនេះគ្រាន់តែខ្ញុំឃើញរូបនេះហើយ ស្លុតចិត្តខ្លាំងណាស់ (រូបចម្លាក់នៅប្រាសាទបាកាន ព្រះខ័នកំពង់ស្វាយ) ពាក្យចចាមរ៉ាមថា មានការបំផ្លាញកាន់តែច្រើនទៅៗហើយ សូមអាជ្ញាធរនិងក្រសួងពាក់ព័ន្ធជួយបកស្រាយបំភ្លឺផង ក្នុងនាមខ្ញុំជាប្រជាពលរដ្ឋពិតជាព្រួយបារម្ភខ្លាំងណាស់ដែលជាកេរ្តិដំណែលមរតកដូនតា បើអ្នកជាឈាមខ្មែរជួយស៊ែរម្នាក់មួយទៅវាមិនខាតពេលទេ ប្រាសាទបាកាន-ព្រះខ័នកំពង់ស្វាយ»៕