រដ្ឋាភិបាលបានសម្រេចផ្តល់ប្រាក់ឧបត្ថម្ភបន្ថែមជូនស្ត្រី នៃគ្រួសារមានប័ណ្ឌសមធម៌ និងស្ត្រីដែលជាសមាជិក ប.ស.ស ក្នុងអំឡុងពេលមានផ្ទៃពោះរហូតដល់កូនអាយុ ២ឆ្នាំដើម្បីជួយសម្រួលជីវភាពរបស់ប្រជាពលរដ្ឋកម្ពុជា។

យោងតាមសេចក្តីប្រកាសចុះថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៣ រដ្ឋាភិបាលសម្រេចដំឡើងការឧបត្ថម្ភបន្ថែម ជូនស្ត្រីនៃគ្រួសារមានប័ណ្ណសមធម៌ កម្មករនិយោជិតជាស្រ្តីដែលជាសមាជិក ប.ស.ស និងមន្ត្រីរាជការ មន្រ្តីកម្មសិក្សា និងមន្ត្រីជាប់កិច្ចសន្យាជាស្ត្រី ក្នុងអំឡុងពេលមានផ្ទៃពោះរហូតដល់កូនអាយុ ២ឆ្នាំ ដើម្បីគាំពារស្ត្រីមានផ្ទៃពោះ និងកុមារតូច និងជំរុញការអភិវឌ្ឍមូលធនមនុស្សកម្ពុជាផងដែរ។

កម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ គឺដំឡើងកម្រិតប្រាក់ឧបត្ថម្ភទ្វេដងសម្រាប់ពិនិត្យផ្ទៃពោះ ការសម្រាលកូន១ ការទទួលថ្នាំបង្ការសម្រាប់កុមារ រហូតដល់កូនមានអាយុ ២ឆ្នាំ ហើយសម្រាប់កូនភ្លោះនឹងមានការគិតគូរបន្ថែមផងដែរ។

លើសពីនេះ ចំពោះកម្មករនិយោជិតជាស្ត្រីដែលជាសមាជិក ប.ស.ស និងប្រើប្រាស់សេវាមូលដ្ឋានសុខាភិបាលសាធារណៈ គឺផ្តល់ជូនប្រាក់ឧបត្ថម្ភមុនសម្រាលសម្រាប់ពិនិត្យផ្ទៃពោះ ៤ដង និងពិនិត្យសុខភាពក្រោយសម្រាល និងយកកូនទៅចាក់ថ្នាំបង្ការរហូតដល់អាយុ ២ឆ្នាំចំនួន១០ដង ដូចផ្តល់ជូនស្ត្រីនៃគ្រួសារមានបណ្ណសមធម៌ដែរ។

ទន្ទឹមនឹងនេះ ក៏មានផ្តល់ប្រាក់ឧបត្ថម្ភមាតុភាពបន្ថែមជូនមន្ត្រីរាជការ មន្ត្រីកម្មសិក្សា និងមន្ត្រីជាប់កិច្ចសន្យាជាស្រ្តីដែលប្រើប្រាស់សេវានៅតាមមូលដ្ឋានសុខាភិបាលសាធារណៈ សម្រាប់ពិនិត្យផ្ទៃពោះ និងពិនិត្យសុខភាពក្រោយសម្រាលដូចទៅនឹងកម្មករនិយោជិតជាស្ត្រី ដែលជាសមាជិក ប.ស.ស ផងដែរ។

សេចក្តីប្រកាសព័ត៌មាននេះបន្ថែមថា ការដំឡើងកម្រិត និងផ្តល់ការឧបត្ថម្ភបន្ថែមជូនស្ត្រីនេះគឺ ដើម្បីសម្រួលជីវភាពរបស់ប្រជាពលរដ្ឋកម្ពុជា ជាពិសេសលើកទឹកចិត្តស្រ្តីមានផ្ទៃពោះ ឱ្យមកទទួលសេវាពិនិត្យសុខភាពសមស្របតាមនិយាមសុខាភិបាល។

អ្នកស្រី រ៉េត រ៉ាត ជាកម្មការិនីរោងចក្រអស់រយៈពេល ៩ឆ្នាំមកហើយ ដែលបច្ចុប្បន្នអ្នកស្រីមានកូនតូចទើបតែអាយុជាង ១ខួបថាការដែលរដ្ឋាភិបាលយកចិត្តទុកដាក់ និងជួយសម្រួលដល់ស្ត្រីផ្សេងទៀតដែលកំពុងរងការខ្វះខាតពិតជាល្អ ពីព្រោះមានស្ត្រីជាច្រើនដែលកំពុងជួបផលលំបាក និងមិនសូវមានចំណូល ប៉ុន្តែត្រូវការចំណាយទៅលើកូនរបស់ពួកគេ។

អ្នកស្រីថា «វាល្អសម្រាប់ស្ត្រីដែលមានជីវភាពខ្វះខាត ពេលគាត់ទៅពិនិត្យផ្ទៃពោះនឹងទទួលបានប្រាក់ឧបត្ថម្ភបន្ថែមពីមន្ទីរពេទ្យ […] ព្រោះមានស្ត្រីជាច្រើនដែលគាត់ពិបាកអឺ សម្រាប់ការរកចំណូល ហើយដល់ពេលចឹង គាត់ត្រូវការចំណាយទៅលើកូនទៅលើអី ដល់ពេលចេញមកចឹង គឺគាំទ្រស្ត្រីដែលគាត់មានកូន ជួយសម្រាលដល់គ្រួសារគាត់ខ្លះចា៎»

លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា (CLC) បានប្រាប់ Newsroom Cambodia ថានេះជារឿងល្អដែលរដ្ឋាភិបាលបានបង្កើនប្រាក់ឧបត្តម្ភដល់ស្ត្រីមានផ្ទៃពោះរហូតដល់កុមារអាយុ ២ឆ្នាំ ព្រោះវាអាចជួយសម្រួលដល់ជីវភាពរបស់ប្រជាពលរដ្ឋខ្លះផងដែរ។

លោកលើកឡើងថា៖ «គាត់ (ស្ត្រីមានផ្ទៃពោះ) ត្រូវចំណាយច្រើន ហើយគាត់មានហានិភ័យខ្ពស់ បើមានកម្មវិធីឧបត្ថម្ភអីចឹងៗ គាត់អាចកាត់បន្ថយការចំណាយរបស់គាត់បានច្រើន គាត់មិនបារម្ភខ្លាច អឺខាតបង់លុយអីទៀតទេបាទ»៕