គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត កំពុងរៀបចំបញ្ជីឈ្មោះដែលពុំធ្លាប់មាន នៅក្នុដំណើរការបោះឆ្នោតសម្រាប់ប្រទេសកម្ពុជា ដើម្បីសម្គាល់អ្នកណាដែលបានទៅបោះឆ្នោត និងមិនបានទៅ ដើម្បីផ្ទៀងផ្ទាត់នៅពេលក្រោយ ក្រោមលក្ខខណ្ឌបេក្ខជនចង់ឈរឈ្មោះឱ្យបោះឆ្នោត ឱ្យស្របតាមច្បាប់បោះឆ្នោត ដែលទើបឆ្លងកាត់ការធ្វើវិសោធនកម្ម ទៅតាមការចង់បានរបស់លោក ហ៊ុន សែន។
គ.ជ.ប ឱ្យដឹងថា ការសម្រេចបែបនេះ នៅបន្ទាប់ពីទទួលបានការយល់ស្រប និងការផ្តល់យោបល់ដើម្បីកែសម្រួលពីសំណាក់ភាគីពាក់ព័ន្ធមានចំនួន៣៨ ស្ថាប័ន ក្នុងនោះមានទាំងស្ថាប័នជាតិ អង្គការសង្គមស៊ីវិល និងគណបក្សនយោបាយទាំង១៨ដែលបានចូលរួមប្រកួតប្រជែង សម្រាប់ការបោះឆ្នោត នាខែកក្កដាខាងមុខ។
លោក សោម សូរីដា អគ្គលេខាធិការរង គ.ជ.ប ឱ្យដឹងថា មានតែលេខាធិការនៅក្នុងគណៈកម្មការការិយាល័យបោះឆ្នោតទេទើបមានសិទ្ធិ ធិក ឬហៅថាគ្រីស ឈ្មោះអ្នកបានទៅបោះឆ្នោតក្នុងបញ្ជីវត្តមានអ្នកមានឈ្មោះបោះឆ្នោតនៅអាណត្តិទី៧នេះ។
លោកបន្តថា បន្ទាប់ពីគណៈកម្មការការិយាល័យបោះឆ្នោត បានបញ្ចប់ការរាប់សន្លឹកឆ្នោតនោះ ប ញ្ជីឈ្មោះអ្នកបានបោះឆ្នោតនឹងត្រូវដាក់ក្នុងកញ្ចប់មួយដាច់ដោយឡែកពីសម្ភារៈផ្សេងៗក្នុងការិយាល័យបោះឆ្នោត និងដាក់បញ្ជូនជាបន្តបន្ទាប់រហូតមកដល់ទីស្នាក់ការ គ.ជ.ប។ក្រៅពីនេះ ក្រុមការងារបច្ចេកទេសរបស់ គ.ជ.ប នឹងដកស្រង់ឈ្មោះប្រជាពលរដ្ឋដែលបានបោះឆ្នោតក្នុងទិន្នន័យមួយដើម្បីផ្ទៀងផ្ទាត់ជាមួយលក្ខខណ្ឌរបស់បេក្ខជនចង់ឈរឈ្មោះឱ្យគេបោះឆ្នោតដែលបានកំណត់ក្នុងច្បាប់បោះឆ្នោតថ្មី។
លោកបន្តថា៖«ហើយបញ្ជីនេះនឹងក្លាយទៅជាឯកសារ ដើម្បីផ្ទៀងផ្ទាត់អំពីលក្ខខណ្ឌរបស់បេក្ខជន»។
លោក សម គន្ធាមី នាយកប្រតិបត្តិនៃអង្គការ និចហ្វិក មានប្រសាសន៍ថា បែបបទថ្មីនេះនឹងបង្កលក្ខណៈស្មុគស្មាញបន្ថែមទៀតដល់គណៈកម្មការការិយាល័យបោះឆ្នោត។លោក សម គន្ធាមី យល់ឃើញថា លេខាធិការក្នុងគណៈកម្មការការិយាល័យបោះឆ្នោតដែលមានសិទ្ធិ ធិកឈ្មោះ ប្រជាពលរដ្ឋបានបោះឆ្នោតនេះគួរមានការធានាថាជាបុគ្គលមិនស្ថិតក្រោមចំណុះគណបក្សនយោបាយណាមួយ។
លោកបន្តថា៖ «[លេខាធិការ]អត់មានប្រកាន់គណបក្សណា ជាមនុស្សឯករាជ្យ»។
បដិសេធនឹងការយល់ឃើញរបស់អង្គការមិនមែនរដ្ឋាភិបាល ដែលឃ្លាំមើលពីដំណើរបោះឆ្នោតនេះ អគ្គលេខាធិការរង គ.ជ.ប លោក សោម សូរីដា បញ្ជាក់ថា នៅក្នុងច្បាប់ពុំបានកំណត់ថា លេខាធិការក្នុងគណៈកម្មការការិយាល័យបោះឆ្នោតត្រូវនៅដាច់ដោយឡែកពីគណបក្សនយោបាយនោះទេ។ជាងនេះទៀត កាលពីបោះឆ្នោតសកលពេលកន្លងទៅ ប្រជាពលរដ្ឋ និងលេខាធិការក្នុងគណៈកម្មការការិយាល័យបោះឆ្នោតមានសិទ្ធិធិក(Tick)ឈ្មោះអ្នកបានបោះឆ្នោតដូចគ្នាដោយសរុបចំនួន២ ធិកសម្រាប់ឈ្មោះម្នាក់។ ប៉ុន្តែ លោកថា មានប្រជាពលរដ្ឋមួយចំនួនបាន ធិកឈ្មោះខុសកន្លែងជាឈ្មោះរបស់ខ្លួនទើប គ.ជ.ប សម្រេចឱ្យលេខាធិការម្នាក់គត់មានសិទ្ធិក្នុងការធិក និងណែនាំឱ្យប្រជាពលរដ្ឋផ្ទៀងផ្ទាត់ឈ្មោះជាមុនសិន។
លោកបន្តថា៖«យើងនឹងពង្រឹងមន្រ្តី (លេខាធិការ) របស់យើងនៅពេលដែលចុះបណ្ដុះបណ្ដាលហ្នឹងគឺលេខាធិការអ្នកធិក ហើយត្រូវណែនាំអ្នកបោះឆ្នោតឱ្យពិនិត្យមើលការធិករបស់លេខាធិការ»។
ដោយឡែក អ្នកនាំពាក្យគណបក្សភ្លើងទៀន លោក គីមសួរ ភីរិទ្ធ និយាយថា គ.ជ.ប ពុំបានសុំយោបល់ពីគណបក្សលោកនោះទេ ដោយសារគណបក្សពុំបានចូលរួមប្រកួតប្រជែងបោះឆ្នោតខាងមុខនេះ។លោកបន្តថា ក្នុងនាមជាបក្សក្រៅរដ្ឋាភិបាលគឺពុំមានយោបល់អ្វីនោះទេ ដោយសារច្បាប់បោះឆ្នោតថ្មីនេះបានអនុម័តរួចរាល់ហើយ។
លោកបន្តថា៖«ខ្ញុំគ្រាន់តែថាគណបក្សភ្លើងទៀនបានចេញសេចក្ដីថ្លែងការណ៍ពាក់ព័ន្ធការធ្វើវិសោធនកម្មរួចហើយ។ ចឹងខ្ញុំអត់ចង់មានអីយោបល់ទៀតទេ ពីព្រោះអីវាអត់ប្រយោជន៍ ចំណាយពេលអត់ប្រយោជន៍សម្រាប់ការងារអស់ហ្នឹង។
វិសោធនកម្មច្បាប់បោះឆ្នោតថ្មីនេះ ត្រូវបានព្រះមហាក្សត្រ ប្រកាសឱ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៣។
វិសោធនកម្មច្បាប់ស្ដីពីការបោះឆ្នោតនេះ បានកែច្បាប់បោះឆ្នោតចំនួន៤ គឺច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ, ច្បាប់ស្ដីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់, ច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា និងច្បាប់ស្ដីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។វិសោធនកម្មច្បាប់ទាំងនេះបានដាក់បន្ថែមនូវលក្ខខណ្ឌមួយចំនួនសម្រាប់ប្រជាពលរដ្ឋដែលចង់ឈរឈ្មោះឱ្យគេបោះឆ្នោត។
ច្បាប់បោះឆ្នោតដែលទើបផ្តល់សេចក្តីទុកចិត្ត និងដាក់ឱ្យប្រើប្រាស់ថ្មីៗ គឺច្បាប់បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ តម្រូវឱ្យពលរដ្ឋដែលចង់ឈរឈ្មោះឱ្យគេបោះឆ្នោត បានទៅបោះឆ្នោតសកលនៅលើកចុងក្រោយ។ក្រៅពីនេះ ច្បាប់ស្ដីពីវិសោធនកម្មច្បាប់បោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តវិញ បានតម្រូវឱ្យពលរដ្ឋដែលចង់ឈរឈ្មោះឱ្យគេបោះឆ្នោតបានទៅបោះឆ្នោតសកលចំនួន២លើកជាប់គ្នា។
ច្បាប់នេះក៏បានកំណត់ថា ជនណាឬគណបក្សនយោបាយដែលរារាំង ឬញុះញង់ប្រជាពលរដ្ឋមានសិទ្ធិបោះឆ្នោតមិនឱ្យទៅបោះឆោ្នត និងណែនាំ ឬញុះញង់ឱ្យអ្នកបោះឆ្នោតបំផ្លាញ ឬធ្វើឱ្យខូចសន្លឹកឆ្នោត ត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត ឬលុបបេក្ខភាពរបស់សាមីខ្លួន ឬគណបក្សនយោបាយ ហើយដកសិទ្ធិមិនឱ្យឈរឈ្មោះបោះឆ្នោតរយៈពេល៥ឆ្នាំ ឬគណបក្សនយោបាយអាចត្រូវដកសិទ្ធិមិនឱ្យចូលរួមការបោះឆ្នោត៥ឆ្នាំយ៉ាងតិច។
ដោយឡែកច្បាប់ស្ដីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ក៏បានតម្រូវឱ្យពលរដ្ឋបានបោះឆ្នោតជាសកលលើកចុងក្រោយដែរ។
ទោះបីជាវិសោធនកម្មច្បាប់បោះឆ្នោតថ្មីនេះបានបន្តទៅមុខដោយរលួនពុំមានការរាំងស្ទះក៏ដោយ គេសង្កេតឃើញមាន គណបក្សចំនួន២ គឺគណគណបក្សភ្លើងទៀន និងគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានបង្ហាញក្ដីបារម្ភពីការកាត់បន្ថយសិទ្ធិពលរដ្ឋខ្មែរតិចជាងមុន ក្រោយច្បាប់នេះចូលជាធរមាន។
ទន្ទឹមនឹងនេះ ក្រុមអង្គការសង្គមស៊ីវិលចំនួន២៤ស្ថាប័ន ក៏ធ្លាប់បានស្នើឱ្យព្រឹទ្ធសភា និងក្រុមប្រឹក្សាធម្មនុញ្ញ ពន្យាពេលធ្វើវិសោធនកម្មច្បាប់បោះឆ្នោតថ្មី រហូតបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តឆ្នាំ២០២៣ បិទបញ្ជប់។ការទាមទារនេះ ដើម្បីឱ្យមានពេលគ្រប់គ្រាន់សម្រាប់ពិភាក្សាពីផលប៉ះពាល់ដល់ដំណើរការប្រជាធិបតេយ្យ សេរីភាពនៃការបញ្ចេញមតិ និងសិទ្ធិបោះឆ្នោត ជាដើម៕