គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) កាលពីថ្ងៃទី៥ ខែកក្តដា ២០២៣ បានសម្រេចកែសម្រួលបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣(ប.ន.ត.រ) ស្របតាមច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត។

យោងតាមសេចក្តីសម្រេចរបស់ (គ.ជ.ប) ដែលបានចុះផ្សាយតាមតាមទំព័រហ្វេសប៊ុក នៅថ្ងៃទី៥ កក្តដា ២០២៣ បានបញ្ជាក់ឱ្យដឹងថា៖ «ដើម្បីមានសិទ្ធិឈរឈ្មោះជាបេក្ខជនបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ប្រជាពលរដ្ឋម្នាក់ៗត្រូវមាន សញ្ជាតិខ្មែរពីកំណើត អាយុ២៥ (ម្ភៃប្រាំ) ឡើងទៅគិតដល់ថ្ងៃបោះឆ្នោត។ មានសិទ្ធិបោះឆ្នោត និងមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ហើយបានអនុវត្តសិទ្ធិបោះឆ្នោតដោយបានបោះឆ្នោតជាសកលចំនួន២ (ពីរ) លើកចុងក្រោយជាប់គ្នា ដែលរៀបចំឡើងដោយគ.ជ.ប លើកលែងតែករណីដែលការមិនអាចអនុវត្តសិទ្ធិបោះឆ្នោតនេះមានមូលហេតុសមស្រប បេក្ខជនត្រូវមានលំនៅឋាន ឫទីសំណាក់ក្នុងព្រះរាជាណាចក្រកម្ពុជា ហើយមានការតែងតាំងពីគណបក្សនយោបាយដែលបានចុះបញ្ជីឈរឈ្មោះបោះឆ្នោត»។

យ៉ាងណាមិញបញ្ញត្តិដែលមានចែងខាងលើនេះពុំមានអានុភាពដល់បញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ឡើយ។

ក្នុងសេចក្តីសម្រេចក៏បានបញ្ជាក់ផងដែរចំពោះអ្នកដែលមិនបានអនុវត្តសិទ្ធិបោះឆ្នោត ដោយមូលហេតុសមស្របដូចជា៖ «ស្ថិតនៅក្រៅប្រទេស នៅថ្ងៃបោះឆ្នោត ដោយសារជាប់បំពេញបេសកកម្មផ្លូវការ ឫបំពេញការសិក្សា ឫបំពេញការងារដែលមានកិច្ចសន្យាស្របច្បាប់ មានជម្ងឺដែលមិនអាចទៅបោះឆ្នោតបាននៅថ្ងៃបោះឆ្នោត ស្រីសម្រាលកូននៅថ្ងៃបោះឆ្នោត ត្រូវបានព្យូរសិទ្ធិបោះឆ្នោតជាបណ្តោះអាសន្នស្របតាមច្បាប់ជាធរមាន និងករណីប្រធានសក្តិ ឫអសន្តិសុខ ឫកាលៈទេសៈមានអាសន្ន ដែលអ្នកបោះឆ្នោតមិនអាចបោះឆ្នោតបានស្របតាមបទបញ្ញត្តិនៃ ប.ន.ត.រ» ហើយមានបំណងឈរឈ្មោះបោះឆ្នោត ត្រូវបញ្ជាក់ពីមូលហេតុ និងត្រូវមានឯកសារសំអាងត្រឹមត្រូវ និងច្បាស់លាស់ដល់ គ.ជ.ប៕