គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានអំពាវនាវដល់ម្ចាស់អាជីវកម្មទាំងអស់ជួយបង្កលក្ខណៈងាយស្រួល និងអនុញ្ញាតឱ្យនិយោជិត កម្មករ-កម្មការិនី បានធ្វើដំណើរទៅបោះឆ្នោត នៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣នេះ។

យោងតាមសេចក្តីអំពាវនាវរបស់ គ.ជ.ប ដែលបានចុះផ្សាយនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៣ បានបញ្ជាក់ថា ថ្ងៃអាទិត្យ ទី២៣ ខែកក្តដា ឆ្នាំ២០២៣ ខាងមុខនេះ គឺជាថ្ងៃដែលប្រជាពលរដ្ឋត្រូវទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧។

អនុលោមតាមច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២២ មានសិទ្ធិបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ។

ក្នុងសេចក្តីអំពាវនាវនេះក៏បានបន្ថែមថា ដើម្បីឱ្យប្រជាពលរដ្ឋប្រើសិទ្ធិរបស់ខ្លួនស្របច្បាប់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សូមអំពាវនាវចំពោះគ្រប់ម្ចាស់សហគ្រាសក្រុមហ៊ុន រោងចក្រ សណ្ឋាគារ ភោជនីយដ្ឋាន និងគ្រឹះស្ថានទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា សូមជួយបង្កលក្ខណៈងាយស្រួល និងអនុញ្ញាតឱ្យនិយោជិត កម្មករ-កម្មការិនី បានធ្វើដំណើរទៅបោះឆ្នោត តាមពេលកំណត់ នៅតាមឃុំ សង្កាត់ ដែលពួកគាត់បានចុះឈ្មោះបោះឆ្នោត។

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សង្ឃឹមយ៉ាងមុតមាំថា គ្រប់ម្ចាស់សហគ្រាសក្រុមហ៊ុន រោងចក្រ សណ្ឋាគារ ភោជនីដ្ឋាន និងគ្រិះស្ថានទាំងអស់ នឹងបង្កលក្ខណៈងាយស្រួលដល់និយោជិត កម្មករ-កម្មារិនីបានទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ជាកំណត់៕