រដ្ឋបាលរាជធានីភ្នំពេញបានជូនដំណឹងស្តីពីការបញ្ចៀសចរាចរយានយន្តជាបណ្តោះអាសន្នក្នុងអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត នីតិកាលទី៧នៅថ្ងៃទី០៩ ខែកក្ដដា ឆ្នាំ២០២៣។

បើយោងតាមសេចក្តីជូនដំណឹង សាលាក្រុងភ្នំពេញបានបញ្ជាក់ជូនដល់ប្រជាពលរដ្ឋទាំងអស់ក្នុងរាជធានីឲ្យបានជ្រាបថា ក្នុងកំឡុងពេលយុទ្ធនាការឃោសនារបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត និតិកាលទី៧ មានគណបក្សចំនួន០២ ក្នុងចំណោមបក្សទាំង១៨ គឺគណបក្សប្រជាជនកម្ពុជា និងគណបក្សកសិករ ដែលបានស្នើសុំទៅគណៈកម្មការរៀបចំការបោះឆ្នោតរាជធានីភ្នំពេញ ដើម្បីធ្វើការជួបជុំសមាជិក និងដង្ហែក្បួនឃោសនារដើម្បីរកសម្លេងឆ្នោតក្នុងរាជធានីភ្នំពេញ។

សេចក្តីជូនដំណឹងដដែលបានបញ្ជាក់ទៀតថា គណបក្សបក្សប្រជាជនកម្ពុជានឹងរៀបចំជួបជុំសមាជិក សមាជិកានៅតាមទីតាំងក្នុងមូលដ្ឋាន ខណ្ឌទាំង១៤ ដោយមានអ្នកចូលរួមសរុបចំនួន ២៧,៨០៨នាក់ ក្នុងនោះមានរថយន្តចំនួន ៣២៦គ្រឿង ម៉ូតូកង់បីចំនួន ១២០គ្រឿង និងម៉ូតូចំនួន ១១,៧៦៦គ្រឿង ដើម្បីហែក្បួន ឃោសនានៅតាមមហាវិថី និងផ្លូវមួយចំនួន នៅរាជធានីភ្នំពេញ។

រីឯគណបក្សកសិករនឹងរៀបចំជួបជុំសមាជិក សមាជិកា នៅចំណុចផ្ទះលោក ពៅ សុភ័ក្ត ស្ថិតនៅ ភូមិហា សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយមានអ្នកចូលរួមចំនួន ៣០០នាក់ បន្ទាប់មកនៅវេលាម៉ោង ០៧:០០នាទី ក្បួននឹងហែចេញពីទីតាំងចំណុចខាងលើ ឆ្ពោះទៅផ្លូវ ចំការដូង (ផ្លូវលេខ២១៧) បត់ឆ្វេងចូលមហាវិថីចោមចៅ បន្តដំណើរដោយបត់ស្ដាំចូល ផ្លូវទ្រុងមាន់ រួចបត់ស្តាំចូលផ្លូវ២០០៤ បត់ស្តាំចូលផ្លូវ២៧១ ឆ្ពោះទៅស្ពានអាកាសស្ទឹងមានជ័យ រួចបត់ស្តាំចូលផ្លូវបឹងទំពុន (ផ្លូវ៣៧១) បត់ឆ្វេងចូលផ្លូវចំការដូង (ផ្លូវលេខ២១៧) និងបន្ត ដំណើររហូតដល់ចំណុចផ្ទះលោក ពៅ សុភ័ក្ត វិញ (រំសាយ)។

ក្នុងអំឡុងពេលយុទ្ធការឃោសនានេះ អាចមានការចរាចរមមាញឹកជាខ្លាំងដោយសារមធ្យោបាយធ្វើដំណើររបស់សមាជិក។ ដើម្បីចៀសវាងការកកស្ទះចរាចរ រដ្ឋបាលរាជធានីភ្នំពេញសំណូមពរយានយន្តគ្រប់ប្រភេទទាំងអស់បញ្ចៀសចរាចរនៅទីតាំងជួបជុំរបស់គណបក្ស និងតាមតម្រាយផ្លូវនានាដែលគណបក្សនយោបាយហែលក្បួនឃោសនា។

គួររំឮកថា ការបោះឆ្នោតេជ្រើសរើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ប្រព្រឹត្តរយៈពេលមួយថ្ងៃចំថ្ងៃអាទិត្យ ទី២៣ ខែកក្ដដា ឆ្នាំ២០២៣ខាងមុខនេះ។ ក្នុងកំឡុងពេលនឹងផងដែលរដ្ឋាភិបាលបានសម្រេចឲ្យមន្រ្តីរាជការ កម្មករ និយោជិកឈប់សម្រាកពេលចំនួនបីរថ្ងៃ ដើម្បីជាភាពងាយស្រួលដល់ប្រជាពលរដ្ឋក្នុងកំឡុងពេលបោះឆ្នោតនិងមានការបោះឆ្នោតប្រព្រឹត្តទៅដោយរលូន៕