លោក ឌីថេ ហូយ៉ា ប្រធានកម្មវិធីប្រឆាំងការជួញដូរមនុស្ស និងទេសន្តរប្រវេសន៍នៃអង្គការសង់ត្រាល់ បានលើកឡើងថា ពលករចំណាកស្រុកដោយមិនមានការការពារគឺគ្រោះថ្នាក់ ដោយគាត់អាចធ្លាក់ក្នុងចំណីនៃអំពើជួញដូរមនុស្ស ជួញដូរកម្លាំងពលកម្ម រងការរំលោភបំពានទាំងផ្លូវកាយ និងផ្លូវចិត្តធ្ងន់ធ្ងរ។ លោក​បាន​អំពាវនាវឱ្យរាជរដ្ឋាភិបាលគួរធ្វើយ៉ាងណាសម្រួលដល់ការធ្វើឯកសារស្របច្បាប់ដល់ពួកគាត់ កុំឱ្យគាត់ត្រូវចំណាយប្រាក់ច្រើនដែលនាំឱ្យវាជាបន្ទុកបន្ថែមដល់ពលករចំណាកស្រុក។

ខាងក្រោមនេះជាកិច្ចសម្ភាសន៍រវាងលោក ឌីថេ ហូយ៉ា ជាមួយលោក លី រូស្សឡាន សិក្ខាកាមរបស់ Newsroom Cambodia អំពីមូលហេតុដែលពលករធ្វើចំណាកស្រុក និងបញ្ហាប្រឈមរបស់ពួកគេ ព្រមទាំងដំណោះស្រាយរបស់មជ្ឈដ្ឋានពាក់ព័ន្ធគួរមានចំពោះបញ្ហាទាំងនោះ។

Q: ជម្រាបសួរលោក ឌីថេ ហូយ៉ា!
A: បាទ ជម្រាបសួរ!

Q: តើបច្ចុប្បន្នពលករចំណាកស្រុកទៅធ្វើការនៅក្រៅប្រទេសទាំងស្របច្បាប់ និងខុសច្បាប់មានចំនួនប៉ុន្មាន?
A: តួរលេខរបស់ក្រសួងការងារយើងឃើញថាប្រមាណជា ១លាន ៣សែននាក់ហ្នឹងតួរលេខផ្លូវការ។ ក៏ប៉ុន្តែសម្រាប់អង្គការសង់ត្រាល់ យើងធ្វើកិច្ចការងារផ្ទាល់ជាមួយពលករយើងប៉ាន់ប្រមាណថាពលករដែលចំណាកស្រុកធ្វើការនៅស្រុកគេនេះ ខ្ទង់២លាន ២សែននាក់រហូតមកដល់សព្វថ្ងៃនេះបាទ ទាំងមានឯកសារ និងមិនមានឯកសារ។

Q: តើកត្តាអ្វីខ្លះដែលនាំឱ្យប្រជាពលរដ្ឋសម្រេចចិត្តចាកចេញពីស្រុកកំណើតទៅធ្វើការនៅបរទេស?
A: វាមានកត្តាធំៗពីរបី កត្តាទី១ គេហៅកត្តានៃសេដ្ឋកិច្ចគ្រួសារ ដែលគាត់នៅក្នុងស្រុកមិនមានការងារធ្វើ មានន័យថាកត្តាអត់មានការងារធ្វើនៅក្នុងស្រុក គាត់ត្រូវតែចំណាកស្រុកទៅស្រុកគេដើម្បីរកការងារធ្វើបានប្រាក់ចំណូលចិញ្ចឹមជីវភាព។ កត្តាទី២ យើងឃើញថាពលរដ្ឋ ឬពលករដែលចំណាកស្រុកទៅធ្វើការនៅស្រុកគេនោះ យើងឃើញតាមរយៈការសិក្សាស្រាវជ្រាវថ្មីៗនោះ ហេតុផលប្រមាណជា ៧០ ទៅ៨០ភាគរយដោយហេតុផលនៃការជំពាក់បំណុល ធនាគារ មីក្រូហិរញ្ញវត្ថុ ឬអ្នកដែលផ្តល់កម្ចី ហ្នឹងហេតុផលទីពីរ។

ហេតុផលទី៣ យើងឃើញថាពលរដ្ឋដែលគាត់ធ្វើស្រែ ធ្វើចម្ការ ឬធ្វើកសិកម្មហ្នឹង ហាក់ដូចជាមិនទទួលបានផលដែលអាចចិញ្ចឹមជីវភាពបាន ផ្ទុយទៅវិញផលដំណាំដាំដុះរបស់គាត់ហ្នឹងបែរទៅជាដាំហើយបានត្រឹមតែសងថ្លៃជី ឬមួយជំពាក់បំណុលថែមអីទៀតជាដើមអ៊ីចឹង។

អ៊ីចឹងយើងឃើញថា ហេតុផលពីរបីនេះជាហេតុផលធំៗដែលពលរដ្ឋខ្មែរយើង លោកចំណាកស្រុកទៅធ្វើការងារនៅស្រុកគេហ្នឹងបាទ។

Q: តើការធ្វើចំណាកស្រុកធ្វើឱ្យមានភាពវិជ្ជមាន និងអវិជ្ជមានបែបណាខ្លះចំពោះពលករ និង សង្គម?
A: វាអាចមានទាំងផលវិជ្ជមាន និងអវិជ្ជមាន ក៏ប៉ុន្តែវាអាស្រ័យទៅលើថា តើរដ្ឋមានគោលនយោបាយក្នុងការកែច្នៃឱ្យក្លាយទៅជាផលវិជ្ជមានច្រើនជាងអវិជ្ជមានយ៉ាងម៉េច ហ្នឹងគឺវាអាស្រ័យទៅលើតួអង្គរដ្ឋតែម្ដង។

ឧទាហរណ៍ថា ខ្ញុំលើកពីចំណុចវិជ្ជមានវិញ ចំណុចវិជ្ជមានមានន័យថាបើពលរដ្ឋយើងលោកធ្វើការស្រុកគេ ទី១ គាត់អាចនឹងបានជំនាញពាក់ព័ន្ធនឹងការងាររបស់គាត់ដែលគាត់ធ្វើការងារស្រុកគេហើយ អ្នកខ្លះធ្វើការរហូតដល់ ១០ឆ្នាំឯណោះ ចឹងមានន័យថាគាត់មានជំនាញផ្នែកការងាររបស់ពួកគាត់។

ឧទាហរណ៍ វិស័យសំណង់ វិស័យរោងចក្រ វិស័យឧស្សាហកម្ម និងកសិកម្មអីផ្សេងៗ ក៏ដូចនៅក្នុងប្រទេសថៃគាត់ធ្វើការតាមភោជនីយដ្ឋាន អ៊ីចឹងគាត់មានជំនាញធ្វើម្ហូបហ្នឹង គាត់អាចថាមានឱកាសក្នុងការត្រឡប់មកស្រុកខ្មែរវិញគឺគាត់អាចនឹងរកការងារធ្វើបាន ហើយក៏ជាផ្នែកមួយនៃសក្ដានុពលនៃជំនាញ ដែលអាចចូលរួមក្នុងការអភិវឌ្ឍប្រទេសជាតិនៅពេលដែលគាត់បញ្ចប់កិច្ចសន្យាការងារ ឬក៏ត្រឡប់មកស្រុកខ្មែរវិញ ហ្នឹងយើងឃើញថាចំណុចវិជ្ជមានគឺគាត់បានជំនាញ។

វិជ្ជមានទី២ យើងឃើញថា ក្នុងខណៈពេលដែលគាត់អត់មានប្រាក់ចំណូល គាត់អត់មានលុយសងបំណុលគេ ហើយគាត់ចំណាកស្រុកអាចថាមានឱកាសក្នុងការអាច ទីមួយអាចចិញ្ចឹមជីវភាពបាន ទីពីរអាចដោះបំណុលគេខ្លះៗអីជាដើម អ៊ីចឹងយើងឃើញថាកត្តាវិជ្ជមាន គឺវាមានបែបហ្នឹង។

ទី៣ យើងឃើញថាផ្នត់គំនិត ការមើលឃើញទស្សនវិស័យរបស់ពលករចំណាកស្រុកគាត់អាចមានការប្រៀបធៀបហើយថា តើដំណើរការដឹកនាំរដ្ឋនៅស្រុកគេ ហើយនិងស្រុកយើងហ្នឹង វាមានលក្ខណៈខុសគ្នាយ៉ាងម៉េច ដូចគ្នាយ៉ាងម៉េច គេហៅថាទស្សនវិស័យមើលសង្គមខាងក្រៅបានច្បាស់ជាងសង្គមតែខាងក្នុងប្រទេស យើងគិតថាវាជាចំណុចវិជ្ជមានសម្រាប់របស់ពួកគាត់។

ប៉ុន្តែផ្ទុយទៅវិញចំណុចអវិជ្ជមាននៃការធ្វើចំណាកស្រុក ប្រសិនបើគាត់ចំណាកស្រុកដោយមិនមានប្រព័ន្ធការការពារទេ ពលរដ្ឋទាំងអស់នោះមិនត្រឹមតែបានផលប្រយោជន៍ដូចខ្ញុំលើកឡើងខាងលើទេ ប៉ុន្តែវាថែមទាំងគាត់ធ្លាក់ទៅក្នុង គេហៅចំណីនៃអំពើជួញដូរមនុស្ស ជួញដូរកម្លាំងពលកម្ម។

ហើយទី២ ចំណុចអវិជ្ជមាននោះគឺថាគាត់មិនមាន គេហៅពលករ Unskilled worker (ពលករដែលមិនមានជំនាញ) ប្រភេទពលករមិនមានជំនាញនេះគឺជាពលករមួយដែលធ្វើការងារគ្រោះថ្នាក់ មិនទទួលបានការគោរពសិទ្ធការងារ ការគោរពសិទ្ធិមនុស្ស ហើយគាត់រងនូវអំពើរំលោភបំពានផ្សេងៗ ហើយប្រាក់ឈ្នួលគាត់ក៏មិនបានច្រើន អ៊ីចឹងចុងក្រោយគាត់នៅសល់តែជំងឺ ហើយត្រឡប់មកផ្ទះវិញគឺថា មិនមានលុយកាក់សល់ដើម្បីបន្តចិញ្ចឹមជីវភាព ឬមួយធ្វើមុខរបរអីផ្សេងៗ វាធ្លាក់ទៅជាបន្ទុកនៃសង្គមបន្ថែមទៀត។

ទី៣ យើងមើលឃើញថា កាលណាការធ្វើចំណាកស្រុកមួយដែលរដ្ឋមិនមានផែនការក្នុងការទទួលឱ្យគាត់បានឱកាសប្រើប្រាស់ជំនាញចំណេះដែលគាត់ធ្វើការនៅស្រុកគេទេ គាត់ត្រឡប់មកវិញគាត់នៅតែជាបុគ្គល ឬក្រុមជនដែលត្រូវបានសង្គមមើលមិនឃើញ ហើយគាត់មិនមានការងារធ្វើ ហើយកូនរបស់គាត់ហ្នឹងកាលណាគាត់អត់មានការងារធ្វើ គាត់អត់មានប្រាក់ចំណូលគាត់អត់មានមុខរបរ កូនរបស់គាត់ច្បាស់ណាស់នឹងត្រូវចំណាកស្រុកទៅដូចគាត់អ៊ីចឹង

អ៊ីចឹងការសិក្សារៀនសូត្ររបស់កូនៗនៃពលករចំណាកស្រុកហ្នឹងក៏មិនមានឱកាសល្អក្នុងការបន្តការសិក្សាឱ្យបានល្អដូចជនដទៃដែរ អ៊ីចឹងយើងឃើញថា នេះជាផលអវិជ្ជមានសម្រាប់ពលករចំណាកស្រុក។

ហើយផលអវិជ្ជមាន ដែលគិតថាវាជាផលអាក្រក់ខ្លាំងមួយទៀតនោះគឺថា ស្ត្រីដែលលោកចំណាកស្រុកទៅប្រទេសគ្រោះថ្នាក់មួយចំនួនដូចជា ប្រទេសចិន ប្រទេសម៉ាឡេស៊ី ឬមួយប្រទេសមជ្ឈឹមបូព៌ា នៅខាងអារ៉ាប់អីជាដើម។

អ៊ីចឹងយើងឃើញថាមានការរងអំពើរំលោភបំពានធ្ងន់ធ្ងរណាស់ បាត់ខ្លួនផង ត្រូវបានគេរំលោភធ្វើបាបទាំងផ្លូវកាយ ផ្លូវចិត្ត ផ្លូវភេទ ជាដើម។

អ៊ីចឹងយើងឃើញថាពួកគាត់ហ្នឹង បាត់បង់ស្មារតី គេហៅថាក្លាយជាជនដែលកង្វះស្មារតីអីជាដើម អ៊ីចឹងយើងឃើញថា ផលអវិជ្ជមាននេះវាធ្ងន់ធ្ងរប្រសិនបើយន្តការនៃការការពាររបស់រដ្ឋមិនធានានូវការគោរពសិទ្ធិមនុស្ស ការការពារសិទ្ធិមនុស្ស ការការពារសិទ្ធិពលរដ្ឋ ហើយតាមដានក្នុងការអនុវត្តគោលនយោបាយ ជាពិសេសគឺរដ្ឋដែលមាន MOU (អនុស្សារណៈនៃការយោគយល់គ្នា) ស្រាប់ជាមួយរដ្ឋកម្ពុជាហ្នឹង យើងមិនបានចុះធ្វើការកិច្ច ឬសួរអំពីសុខទុក្ខរបស់គាត់ទេ។

ពួកគាត់នឹងរងគ្រោះខ្លាំងណាស់ ដូចជាស្ត្រីបម្រើការងារតាមផ្ទះនៅក្នុងប្រទេសម៉ាឡេស៊ីអីជាដើម ដូចជាពលករដែលធ្វើការចុះទូកនៅប្រទេសថៃជាដើម ដូចជាពលករ ពលការិនីដែលធ្វើការតាមវិស័យសំណង់នៅប្រទេសថៃ ដែលជាវិស័យមួយគ្រោះថ្នាក់អីជាដើម។ អ៊ីចឹងយើងឃើញថាវាផ្តល់ផលអវិជ្ជមាន និងផ្ដល់ផលគ្រោះថ្នាក់ដល់ពលករចំណាកស្រុកមែនទែនបាទ។

Q: ងាកមកកុមារដែលជាកូនរបស់ពលករចំណាកស្រុកវិញ តើពួកគេប្រឈមនឹងបញ្ហាអ្វីខ្លះ?
A: យើងឃើញពលករដែលធ្វើការងារតាមចម្ការ ឬតាមសំណង់អីនេះ គាត់មិនមានឱកាសទទួលបានការរៀនសូត្រទេ ហើយការងារសំណង់ អត់នៅនឹងកន្លែងទេ ហើយមួយកន្លែងទៅមួយកន្លែង អ៊ីចឹងពួកគាត់នឹងមិនទទួលបានការអប់រំការរៀនសូត្រទេ ទីមួយ។

ហើយទីពីរយើងឃើញថាបរិស្ថាននៃការរស់នៅតាមសំណង់ហ្នឹង វាពិបាក កខ្វក់ អាក្រក់ ហើយគ្រោះថ្នាក់អីជាដើម អ៊ីចឹងទៅភាពលូតលាស់នៃចំណេះដឹងនៃការយល់ឃើញរបស់ពួកគាត់នឹងគឺថាវាក្រិន វាស្ថិតនៅក្នុងបរិយាកាសបែបហ្នឹង។

Q: តើគួរមានវិធានការដោះស្រាយបែបណា?
A: វិធានការដោះស្រាយ វាមានវិធានការរយៈពេលខ្លី និងរយៈពេលយូរអង្វែង ដូចខ្ញុំបានបញ្ជាក់អ៊ីចឹងថា ទី១ គឺរដ្ឋាភិបាលត្រូវតែរៀបចំនូវគោលនយោបាយវិនិយោគនៅក្នុងស្រុក ធ្វើម៉េចឱ្យមានការងារនៅក្នុងស្រុកធ្វើ កាត់បន្ថយការធ្វើចំណាកស្រុក ហើយឱ្យមានការងារធ្វើក្នុងស្រុក គាត់បានចូលរួមចំណែកក្នុងការកសាងជាតិផង គាត់បានទទួលនូវប្រយោជន៍ចិញ្ចឹមជីវភាពនៅក្នុងស្រុកផង តាមរយៈធ្វើយ៉ាងណាបង្កបរិកាសនយោបាយក្នុងការដឹកនាំរដ្ឋឱ្យមានការវិនិយោគពីបរទេសក្តី សហភាពអឺរ៉ុបក្តី ចូលមកវិនិយោគក្នុងស្រុកខ្មែររបស់យើង គឺលោកមានការងារធ្វើ។

ទី២ គឺវិស័យកសិកម្មធ្វើម៉េចជំរុញឱ្យមានការដាំដុះប្រកបដោយគុណភាព ហើយមានការនាំចេញ មានទីផ្សារ ធានាតម្លៃទីផ្សារ ដូចអ្នកជិតខាង ដូចថៃ ដូចវៀតណាមមអ៊ីចឹងទៅ គេនាំទៅប្រទេសចិនក្នុងមួយឆ្នាំៗរាប់ពាន់លានដុល្លារ ប៉ុន្តែចំណែកយើងវិញ យើងហាក់ដូចជានៅក្នុងប្រទេសកសិកម្មដែរ ប៉ុន្តែយើងមិនមានធ្វើទំនើបកម្មកសិកម្ម ហើយយើងគ្មានរកទីផ្សារឱ្យប្រជាពលរដ្ឋទៀត ហ្នឹងវាជាចំណុចដែលរដ្ឋាភិបាលត្រូវគិតគូរ។

ចំណុចទី៣ គឺពាក់ព័ន្ធនឹងរឿងធ្វើយ៉ាងណាប្រសិនបើគាត់ធ្វើចំណាកស្រុកហើយ ត្រូវតែរៀបចំផែនការឱ្យគាត់បានចំណាកស្រុកដោយសុវត្ថិភាព កុំឱ្យការចំណាកស្រុកប្រថុយប្រថានគ្រោះថ្នាក់ និងផ្លូវជួញដូរអីជាដើមអ៊ីចឹងទៅ។

ហើយយើងមានផែនការជាក់លាក់ច្បាស់លាស់ដើម្បីប្រមូលធនធានដែលគាត់មានចំណេះជំនាញ បទពិសោធធ្វើការងារនៅក្រៅប្រទេសហ្នឹង ត្រឡប់មកវិញឱ្យគាត់មានការងារធ្វើបានប្រាក់ចំណូលចូលរួមកសាងសេដ្ឋកិច្ចជាតិ ហើយនិងកសាងសេដ្ឋកិច្ចគ្រួសាររបស់ពួកគាត់។

Q: ក្នុងករណីមានការរំលោភសិទ្ធិ ឬការបោកប្រាស់ណាមួយទៅលើពលករ តើពួកគាត់អាច ស្វែងរកជំនួយបែបណាបាន?
A: គាត់អាចស្វែងរកជំនួយបានតាមរយៈ ស្ថានទូត ស្ថានកុងស៊ុល នៅប្រទេសទទួល ហ្នឹងជាយន្តការទទួលពាក្យបណ្ដឹងដោះស្រាយវិវាទ ដោះស្រាយបញ្ហា ទីមួយជាជម្រើសរបស់គាត់។ ជម្រើសទីពីរបើសិនជាគាត់មិនស្គាល់ ផេក លេខទូរសព្ទរបស់ស្ថានទូត ស្ថានកុងស៊ុលនៃប្រទេសទទួលទេ គាត់ក៏អាចទៅទាក់ទងតាមលេខទូរសព្ទរបស់អង្គការសង់ត្រាល់ តាមរយៈផេករបស់អង្គការសង់ត្រាល់បាទ។

Q: តើរដ្ឋាភិបាល ឬអង្គការពាក់ព័ន្ធគួរមានវិធានការអ្វីបន្ថែមទៀតដើម្បីជួយសម្រួលដល់ពលករចំណាកស្រុក?
A: សព្វថ្ងៃនេះបញ្ហាប្រឈមរបស់ពួកគាត់ខ្លាំងគឺ បញ្ហាការចំណាយទៅលើឯកសារស្របច្បាប់ គាត់ត្រូវចំណាយលុយច្រើនណាស់ ចឹងរឿងដែលត្រូវធ្វើជាបន្ទាន់ហ្នឹង គឺថាធ្វើម៉េចកុំឱ្យគាត់ចំណាយលុយទៅលើការធ្វើឯកសារស្របច្បាប់ ដូចជា Passport (លិខិតឆ្លងដែន) Work permit (ប័ណ្ណការងារ) អីផ្សេងៗដែលគាត់ចំណាយរហូតដល់ពាន់ដុល្លារឯណោះ ហើយគាត់ក្រផងចំណាយលើហ្នឹងទៀត មានន័យថាការចំណាកស្រុកបន្ថែមបន្ទុកឱ្យគាត់កាន់តែជំពាក់លុយគេទៀត។

អ៊ីចឹង មួយគឺត្រូវតែមិនមែនជាបន្ទុកនៃការចំណាយរបស់ពលករទេប្រសិនបើពលករចំណាកស្រុកទៅស្រុកគេ វាជាបន្ទុករបស់ថៅកែនៃប្រទេសទទួលហ្នឹង ទីមួយរដ្ឋាភិបាលត្រូវតែធ្វើឱ្យបានបញ្ហាហ្នឹង។

ទីពីរគឺរក្សានូវតម្លាភាពនៃការជ្រើសរើសពលករ ហើយប្រសិនបើយកប្រាក់ គេហៅថាថ្លៃធ្វើដំណើរ ថ្លៃធ្វើឯកសារអីទាំងអស់ហ្នឹង គឺថាត្រូវតែតម្លាភាពបញ្ជាក់ច្បាស់លាស់ថាចំនួនប៉ុន្មាន ហើយមានកម្រិតទាបបំផុត ខ្ញុំគិតថាយ៉ាងច្រើនមិនលើសពី ៥០ដុល្លារហ្នឹងវាច្រើនពេកហើយសម្រាប់ពលរដ្ឋនោះ ប៉ុន្តែសព្វថ្ងៃមិនអ៊ីចឹងទេ វាលើសរហូតដល់ពាន់ដុល្លារ អ៊ីចឹងហើយដែលរដ្ឋាភិបាលត្រូវតែធ្វើ ហើយជារឿងមួយដែលមិនពិបាកធ្វើទេ ងាយបំផុតហើយប្រសិនបើចង់ធ្វើ។

ចំពោះអង្គការពាក់ព័ន្ធ ទីមួយផ្សព្វផ្សាយទៅតាមមូលដ្ឋានឱ្យពលរដ្ឋមានការយល់ដឹងអំពីការធ្វើចំណាកស្រុកដោយសុវត្ថិភាព កុំប្រថុយប្រថាន ចៀសវាងចាញ់បោកជនទុច្ចរិត ឬក្រុមហ៊ុនទុច្ចរិតអីជាដើម ឱ្យគាត់យល់អំពី ដំណើរការនៃការធ្វើចំណាកស្រុក ធ្វើម៉េចឱ្យគាត់មានសុវត្ថិភាព។

ទីពីរ យន្ដការទទួលពាក្យបណ្ដឹងផ្សេងៗរបស់ជនរងគ្រោះហ្នឹង ក៏ត្រូវតែផ្សព្វផ្សាយបានទូលំទូលាយ នៅពេលដែលគាត់មានបញ្ហាគាត់បានដឹងថាអ្នកណាដែលអាចជួយគាត់បាន។ ទីបីអង្គការសង្គមស៊ីវិលក៏ត្រូវតែ សហការ ធ្វើកិច្ចការងារ ជំរុញឱ្យរដ្ឋាភិបាលចេញគោលនយោបាយដែលគាំពារនូវសិទ្ធិសេរីភាព ជាពិសេសគឺការការពារសិទ្ធិរបស់ពលរដ្ឋដែលធ្វើការ នៅស្រុកគេឱ្យមានប្រសិទ្ធភាព។

Q: បាទ! អរគុណលោក ឌីថេ ហូយ៉ា ដែលបានផ្តល់បទសម្ភាសន៍ដល់ Newsroom Cambodia។
A: បាទ! បាទអរគុណច្រើន៕