គណបក្សភ្លើងទៀន បានចេញសេចក្តីថ្លែងការណ៍ព័ត៌មានមួយកាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣ ដោយសម្ដែងការភ្ញាក់ផ្អើលជាខ្លាំងចំពោះការចាប់ខ្លួនសកម្មជនគណបក្សភ្លើងទៀន។
សមាជិកគណៈកម្មាធិការនាយក និងជាសមាជិកក្រុមការងារបក្សភ្លើងទៀន លោក លី រី និង ប្រធានស្តីទីគណៈកម្មាធិការប្រតិបត្តិគណបក្សភ្លើងទៀន លោក ប៊ុន ខេត ត្រូវបានអាជ្ញាធរចាប់ និងឃុំខ្លួនយ៉ាងអយុត្តិធម៌កាលពីថ្ងៃទី១៤ កក្កដា ២០២៣កន្លងទៅ។
គណបក្សភ្លើងទៀនថា ខ្លួនតែងតែប្រកាន់ខ្ជាប់នូវគោលការណ៍អហិង្សា និងសន្តិវិធីក្នុងការធ្វើសកម្មភាពនយោបាយស្របតាមស្មារតីនៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងច្បាប់ជាធរមាន ជាពិសេសច្បាប់ស្តីពីគណបក្សយោបាយ។
លោក គីមសួរ ភីរិទ្ធិ អ្នកនាំពាក្យគណបក្សភ្លើងទៀនប្រាប់Newsroom Cambodiaថា ការចាប់ខ្លួននេះគឺ ជាលទ្ធផលនៃការធ្វើវិសោធនកម្មច្បាប់ថ្មី។ ប៉ុន្តែលោកថា ការអនុវត្តច្បាប់ទាំងនេះគួរតែត្រូវបានធ្វើតាមនីតិវិធីច្បាប់។
លោកថា៖ «អាហ្នឹងវាជាលទ្ធផលនៃការធ្វើវិសោធនកម្មច្បាប់ហ្នឹងហើយ ហើយខ្ញុំមិនដឹងថាគាត់ប្រព្រឹត្តបទល្មើសអីយ៉ាងម៉េចដែលទាក់ទងនឹងច្បាប់ទេ ព្រោះបទចោទប្រកាន់សុទ្ធតែញុះញង់ បង្កចលាចលសង្គម ខ្ញុំមិនដឹងថាគាត់និយាយអីខ្លះទេ។ រឿងហ្នឹងវាស្ថិតទៅលើដៃមេធាវី ហើយខ្ញុំអត់បានតាមដានរឿងករណីការកាត់ក្តីហ្នឹងទេ»។
លោកបន្ថែមថា៖ «ចឹងខ្ញុំអាចជូនព័ត៌មានត្រឹមតែថា ទី១វាជាលទ្ធផលនៃការអនុវត្តច្បាប់ដែលទើបនឹងធ្វើវិសោធនកម្ម។ ទី២ យើងគ្រាន់តែសុំធ្វើម៉េច បើមានបញ្ហាចោទប្រកាន់ចឹងធ្វើឲ្យវាតាមនីតិវិធីទៅ កុំទៅចាប់កណ្តាលយប់មើលតែទោសព្រហ្មទណ្ឌជាក់ស្តែង ទៅប្លន់ ទៅកាប់សម្លាប់គេ។ គាត់មានអាសយដ្ឋានមានអីត្រឹមត្រូវ ចឹងយើងអាចធ្វើតាមនីតិវិធីទៅពេលខ្លះ»។
គួរបញ្ជាក់ផងដែរថា នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣នេះ មន្ត្រីជាន់ខ្ពស់គណបក្សភ្លើងទៀន ចំនួន ២ រូបបន្ថែមទៀតត្រូវបានចាប់ខ្លួន។ លោក អេង ស្រូយ សមាជិកគណៈកម្មាធិការនាយក និងជាប្រធានគណៈកម្មាធិការប្រតិបត្តិគណបក្សខេត្តត្បូងឃ្មុំ ត្រូវបានចាប់ខ្លួននៅវេលាម៉ោងប្រមាណ ៤ រសៀល និងលោកស្រី វង រុន្នី សមាជិកគណៈកម្មាធិការនាយក និងជាប្រធានចលនាស្រ្តីគណបក្សភ្លេីងទៀន ថ្នាក់ជាតិ ត្រូវបានចាប់ខ្លួននៅឯគេហដ្ឋានរបស់លោកស្រីក្នុងទីក្រុងភ្នំពេញ នៅវេលាម៉ោង ៥:១២ នាទី រសៀល៕