ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានត្រាស់បង្គាប់តែងតាំងលោកស្រី ជា សិរី ជាអគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣។

លោកស្រី ជា សិរី គឺជាអគ្គទេសាភិបាលធនាគារជាតិ ស្ត្រីដំបូងគេនៅកម្ពុជា ដោយជំនួសឪពុករបស់លោកស្រី គឺលោក ជា ចាន់តូ។ លោកស្រី ជា សិរី មានប្រវត្តិសិក្សាខ្ពស់ ទទួលបានការសិក្សាអប់រំនៅក្រៅប្រទេសជាច្រើនរហូតបានបញ្ចប់ថ្នាក់បណ្ឌិតសេដ្ឋកិច្ចនៅប្រទេសអូស្រ្តាលី។

លោកស្រីបានចូលរួមវគ្គបណ្តុះបណ្តាលនិស្សិតជាន់ខ្ពស់នៅសាលាគោលនយោបាយសាធារណៈលីក្វាន់យូ ហើយទទួលបានសញ្ញាបត្របណ្ឌិតផ្នែកសេដ្ឋកិច្ច (PhD) ពីសាកលវិទ្យាល័យ Adelaide នៃប្រទេសអូស្រ្តាលី។

លោកស្រីមានបទពិសោធន៍ការងារជាង ២០ឆ្នាំក្នុងវិស័យហិរញ្ញវត្ថុ ដោយបានចាប់ផ្តើមការងារនៅឆ្នាំ ១៩៩៩ ជាមន្រ្តីវ័យក្មេងក្នុង ខុទ្ទកាល័យទេសាភិបាល មុននឹងចូលរួមបំពេញការងារនៅនាយកដ្ឋានត្រួតពិនិត្យ។

លោកស្រីក៏ត្រូវបានប្រគល់ភារកិច្ចជាបន្តបន្ទាប់រហូតត្រូវទទួលបានតំណែងជាអគ្គនាយករងអគ្គនាយកដ្ឋាន ត្រួតពិនិត្យ និងត្រូវបានផ្តល់សេចក្តីទុកចិត្តឱ្យកាន់មុខតំណែងជា អគ្គនាយកបច្ចេកទេសផងដែរ។

យោងតាមមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដែលមានប្រទេសជាសមាជិកសរុប ១៩០ប្រទេស មានអ្នកដឹកនាំជាស្រ្តីត្រឹមតែ ២៦រូបប៉ុណ្ណោះដែលកាន់តួនាទីជារដ្ឋមន្រ្តីហិរញ្ញវត្ថុ និងមានតែ ១៧រូបប៉ុណ្ណោះដែលកាន់តួនាទីជាអគ្គទេសាភិបាលធនាគារកណ្តាល។

តួលេខបង្ហាញថាអ្នកដឹកនាំជាស្រ្តីមានតែ ១១,៣% ប៉ុណ្ណោះដែលកាន់តួនាទីជាអ្នកដឹកនាំនៅស្ថាប័នគោលនយោបាយសេដ្ឋកិច្ចសំខាន់ទាំងពីរ គឺជាអគ្គទេសាភិបាលធនាគារកណ្តាល និងជារដ្ឋមន្រ្តីហិរញ្ញវត្ថុ៕