រដ្ឋបាលស្រុកស្វាយលើ ខេត្តសៀមរាប កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣ បានប្រកាសថាពុំមានការយកថ្លៃចូលទស្សនាក្នុងតំបន់ឧទ្យានជាតិព្រះជ័យវរ្ម័ន នរោត្តម ភ្នំគូលែននោះទេ គឺយកតែថ្លៃចំណតសម្រាប់រថយន្តដែលចូលទស្សនាដើម្បីរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ រួមទាំងការងារបរិស្ថាន អនាម័យ និងរៀបចំចំណតឱ្យបានល្អប្រសើរ។

យោងតាមសេចក្ដីជូនដំណឹង រដ្ឋបាលស្រុកបាននិយាយថាថ្លៃផ្លូវឡើងទៅឧទ្យានជាតិព្រះជ័យវរ្ម័ន នរោត្តម ភ្នំគូលែន តម្លៃ៥ពាន់រៀល សម្រាប់រថយន្តធុនធំ ៣ពាន់រៀល រថយន្តធុនតូច ម៉ូតូតម្លៃ ១ពាន់ប្រាំរយរៀល និងភ្ញៀវបរទេស តម្ លៃ២០ដុល្លារ ក្នុងមួយនាក់។

រដ្ឋបាលស្រុកបានបន្តថា ក្រុមហ៊ុន នគរគោកធ្លក ខូអិលធីឌី បានទទួលសិទ្ធិវិនិយោគពីរាជរដ្ឋាភិបាលក្នុងតំបន់ឧទ្យានជាតិព្រះជ័យវរ្ម័ន នរោត្តម ភ្នំគូលែន ចាប់ពីឆ្នាំ១៩៩៨ រហូតមកដល់បច្ចុប្បន្ននេះ។ ប៉ុន្តែនៅឆ្នាំ២០១៦ រដ្ឋាភិបាលបានកែសម្រួលការវិនិយោគដោយមិនអនុញ្ញាតឱ្យយកថ្លៃចូលទស្សនាពីភ្ញៀវទេសចរណ៍ជាតិ ដែលបានចូលទស្សនាក្នុងតំបន់ឧទ្យានជាតិនោះទេ ដោយរក្សាយកថ្លៃចូលទស្សនាសម្រាប់ភ្ញៀវជាជនបរទេសក្នុងមួយនាក់ តម្លៃ២០ដុល្លារក្នុង១ថ្ងៃ។

ដោយឡែក ចំពោះប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិសាស្ត្រ ឃុំខ្នងភ្នំ ស្រុកស្វាយលើ និងប្រជាពលរដ្ឋទូទៅដែលធ្វើដំណើរឆ្លងកាត់ គឺពុំគិតថ្លៃនោះទេ៕