តម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយបានកើនឡើងប្រម៉ាណជា ៤០០រៀល សម្រាប់ថ្ងៃទី១ ដល់១០ ខែសីហា ឆ្នាំ២០២៣ ក្រោយតម្លៃលើទីផ្សារក្នុងតំបន់ និងអន្តរជាតិមានការប្រែប្រួល។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម ដែលបានចេញផ្សាយលើទំព័រហ្វេសប៊ុកផេក កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ ស្តីពីថ្លៃលក់រាយប្រេងឥន្ធនៈ ដោយផ្អែកតាមតម្លៃមធ្យមលើទីផ្សារអន្តរជាតិ ថ្លៃលក់រាយប្រេងឥន្ធនៈពីថ្ងៃទី១ ដល់១០ ខែសីហា ឆ្នាំ២០២៣ នឹងត្រូវលក់ ៤,៨១៨រៀល/លីត្រ សម្រាប់សាំងធម្មតាEA92 និង៤,៧១៨រៀល/លីត្រសម្រាប់ម៉ាស៊ូត DO 50ppm។
ដើម្បីជួយដល់ជីវភាពប្រជាជន និងដោយមានការចូលរួមចំណែក ពីក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជាចំនួន ៦,៥ សេនដុល្លារ/លីត្រ។ ដូច្នេះថ្លៃលក់រាយ នឹងចុះមក៤,៥៥០រៀល/លីត្រ សម្រាប់សាំងធម្មតា EA92 និង៤,៤៥០រៀល/លីត្រ សម្រាប់ប្រេងម៉ាស៊ូត។
បើធៀបបម្រែបម្រួលថ្លៃលក់រាយកាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣កន្លងទៅ សាំងធម្មតា EA92 ៤,១៥០រៀល និងប្រេងម៉ាស៊ូត ៤,០០០រៀល។
គួរបញ្ជាក់ផងដែរថា ក្រសួងពាណិជ្ជកម្មមិនមែនជាអ្នកកំណត់ថ្លៃលក់ប្រេងឥន្ធនៈនៅកម្ពុជាទេ គឺក្រសួងគ្រាន់តែស្រង់តម្លៃឡើង-ចុះនៃប្រេងតាមទីផ្សារអន្តរជាតិ មកគណនាតាមប្រកាសដូចមានក្នុងឯកសារយោងខាងលើតែប៉ុណ្ណោះ។ អាស្រ័យហេតុនេះ សូមសាធារណៈជនមេត្តាជ្រាបជាព័ត៌មាន និងសូមស្ថានីយលក់រាយប្រេងឥន្ធនៈទាំងអស់ ប្រតិបត្តិតាមជាចាំបាច់៕