អ្នកឃ្លាំមើលសង្គម ចង់ឃើញរដ្ឋាភិបាលពង្រឹងក្រមសីលធម៌ឧកញ៉ាដើម្បីឱ្យពួកគេចូលរួមដោះស្រាយបញ្ហាសង្គមដូចពីអតីតកាល ដោយមើលឃើញថាការធ្លាក់ចុះក្រមសីលធម៌របស់ឧកញ៉ាមួយចំនួននាពេលបច្ចុប្បន្ន បានជំរុញឱ្យមានបទឧក្រិដ្ឋជួញដូរមនុស្ស អំពើឆបោក រំលោភបំពានដីធ្លី និងបទឧក្រិដ្ឋគ្រឿងញៀនជាដើម ។
ការលើកឡើងនេះ ចំពេលដែលឧកញ៉ាមួយចំនួន ត្រូវបានគេរកឃើញ ជាប់ពាក់ព័ន្ធបទឧក្រិដ្ឋគ្រឿងញៀន អំពើជួញដូរមនុស្ស ឆបោកប្រាក់ដោយជ្រកក្រោមស្លាកក្រុមហ៊ុនអចលនទ្រព្យលក់ដី ឬផ្ទះល្វែង វិវាទដីធ្លី។
ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា លោក បណ្ឌិត ប៉ា ចន្ទរឿន លើកឡើងថា ចាប់តាំងពីកម្ពុជាបានដឹកនាំប្រទេសឡើងវិញ ក្រោយកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសជាង៣០ឆ្នាំទៅនេះ ការប្រើគោរមងារជាឧកញ៉ា មានការកើនឡើងច្រើនមួយរយៈពេលចុងក្រោយនេះ។
លោកថា គោរមងារឧកញ៉ា សម្រាប់ផ្ដល់ដល់សប្បុរសជនដែលបានចំណាយថវិកាផ្ទាល់ខ្លួនជួយដល់សង្គមជាតិមានតាំងពីសម័យបុរាណ ដែលស្មើនឹងឈ្មោះឯកឧត្តម នាសម័យនេះ។
លោក ចន្ទរឿន លើកឡើងទៀតថា ការប្រើប្រាស់គោរមងារ ឧកញ៉ា នៅពេលបច្ចុប្បន្ន បានប្រើប្រាស់បែបផ្លូវរដ្ឋបាល ដល់សប្បុរសជនដែលគេចាត់ទុកថាបានជួយដល់សង្គមជាតិ។
ក៏ប៉ុន្តែលោកគិតថា ការដំឡើងគោរមងារឧកញ៉ាខ្វះការវិនិច្ឆ័យឱ្យបានត្រឹមត្រូវ ធ្វើឱ្យឧកញ៉ាមួយចំនួនបង្កនូវក្ដីបារម្ភដល់សង្គមជាតិ តាមរយៈប្រព្រឹត្តទង្វើមិនសមរម្យ ដូចជាការរំលោភដីធ្លី ការឆបោកលុយពលរដ្ឋតាមរយៈការវិនិយោគទុន និងការជួញដូរគ្រឿង។
លោកថា៖«នៅក្នុងសង្គមយើងឥឡូវមានឧកញ៉ារាប់ពាន់នាក់ហើយ មានឧកញ៉ាល្អ និងឧកញ៉ាមិនសូវល្អ។ ចំណែកឧកញ៉ាមិនសូវល្អ បានបង្កើតបញ្ហាមិនតិចទេ រាប់ចាប់តាំងពីការរកស៊ី អាកប្បកិរិយាមិនសមរម្យនៅលើបណ្ដាញសង្គមជាដើម។ យើងក៏ឃើញមានការរំលោភដីធ្លីរបស់ប្រជាពលរដ្ឋ និងការបោកប្រាស់ទំនុកចិត្តពលរដ្ឋ ដូចដែលបានឃើញជាហូរហែមកនេះ គឺជាក្ដីបារម្ភ ដែលរដ្ឋាភិបាលគួរតែពិចារណាឡើងវិញ»។
លោកយល់ថា បញ្ហាទាំងនេះ សមាគមឧកញ៉ាកម្ពុជា ទើបបង្កើតថ្មី គួរមានគោលការណ៍ក្រមសីលធម៌ វិជ្ជាជីវៈ និងក្រមប្រតិបត្តិឱ្យបានត្រឹមត្រូវសម្រាប់ក្រុមឧកញ៉ា ។
លោកបង្ហាញការព្រួយបារម្ភថា បើពុំដូច្នេះទេឧកញ៉ា«ទុច្ចរិត»មួយចំនួននៅតែបន្តប្រើឈ្មោះឧកញ៉ា ដើរច្បាមយកដីពលរដ្ឋ និងកេងប្រវ័ញ្ចកម្លាំងពលកម្មពលរដ្ឋតាមតែអំពើចិត្ត។
លោកបន្តថា ជម្រើសនេះ បើសិនជាអាចធ្វើបាន នឹងស្ដារឡើងវិញនូវគោរមងារឧកញ៉ា ឱ្យមានភាពថ្លៃថ្នូរដូចនៅសម័យបុរាណ ដែលថាសម័យបុរាណ ឧកញ៉ា គឺជាក្រុមសប្បុរសជន ដែលគិតគូរពីបញ្ហាសង្គមជាតិ បណ្ដុះស្មារតីជាតិនិយម តាមរយៈអក្សរសិល្ប៍តែងនិពន្ធ និងជំនួយថវិកាផ្សេងៗ។
រដ្ឋាភិបាលកាលពីថ្ងៃទី១០ខែមិថុនាឆ្នាំ២០២៣បានប្រកាសជាផ្លូវការសមាគមឧកញ៉ា ដែលមានលោក លី យ៉ុងផាត់ ជាប្រធានក្រុមប្រឹក្សាសមាគម។
អគ្គលេខាធិការសមាគមឧកញ៉ាកម្ពុជាលោកឧកញ៉ា ហ៊ុន ឡាក់ ប្រាប់Newsroom Cambodia នៅថ្ងៃទី០២ ខែសីហាថា សមាគមឧកញ៉ាកម្ពុជា កំពុងរៀបចំគោលការណ៍ក្រមសីលធម៌ វិជ្ជាជីវៈ និងវិន័យមួយចំនួន ដើម្បីធ្វើយ៉ាងណាជួយដល់សង្គម និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។
លោកបន្តថា ចំពោះបញ្ហាកេងប្រវ័ញ្ចដីធ្លីពលរដ្ឋ និងប្រព្រឹត្តអំពើមិនល្អរបស់ឧកញ៉ាមួយចំនួន ពុំពាក់ព័ន្ធនឹងសមាជិកសមាគមឧកញ៉ាកម្ពុជាដែលទើបបង្កើតនេះទេ។
លោកថា៖ « សមាគមនេះ គឺទើបតែបង្កើតថ្មីៗ ពុំទាន់មានសកម្មភាព ឬក៏គោលការណ៍ធំដុំនៅឡើយទេ។ ប៉ុន្តែចំពោះគោលការណ៍ក្រមសីលធម៌ ឬវិជ្ជាជីវៈ យើងបានរៀបចំជាបណ្ដើរៗ ដើម្បីធ្វើយ៉ាងណាជួយដល់កិច្ចការងារសង្គម និងការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ នៅពេលខាងមុខ។
យ៉ាងណាក្រុមអង្គការសង្គមស៊ីវិលធ្លាប់លើកឡើងថា ប្រធានក្រុមប្រឹក្សាជាន់ខ្ពស់នៃសមាគមឧកញ៉ាកម្ពុជា គឺ លោក លី យ៉ុងផាត់ ក៏មានជាប់ពាក់ព័ន្ធនឹងការរំលោភដីធ្លីពលរដ្ឋនៅខេត្តកោះកុង។
បន្ថែមពីនេះសមាគមការពារសិទ្ធិមនុស្សអាដហុក បានលើកឡើងក្នុងសេចក្តីប្រកាលមួយចុះថ្ងៃទី៨ ខែកុម្ភៈឆ្នាំ២០២១ រកឃើញថា ពលរដ្ឋ ៨៤៣គ្រួសារ មានដីសរុប ជាង១ម៉ឺនហិកតារ (១ ៧២៧,៦) ហិកតា ស្ថិតក្នុងស្រុកបុទុមសាគរ ស្រុកស្រែអំបិល និងស្រុកថ្មបាំង ខេត្តកោះកុង ក៏ត្រូវបានក្រុមហ៊ុន កោះកុងស៊ូហ្គើ( Koh Kong Sugar) និង កោះកុងផ្លេនថេសិន(Koh Kong Plantation Industry)របស់លោកឧកញ៉ា លី យ៉ុងផាត់ សមាជិកព្រឹទ្ធសភា ឈូសឆាយរំលោភយកអស់តាំងពីឆ្នាំ២០០៦។
អាដហុកនិយាយទៀតថា ប្រជាពលរដ្ឋចំនួនជិត ២ម៉ឺនគ្រួសារ (១៧ ០៣៣គ្រួសារ) បានរងផលប៉ះពាល់ដោយសារវិវាទដីធ្លី ដែលមានទំហំជាង៥ម៉ឺនហិកតា(៥២ ៦០១,៨៧ហិកតារ)។ ចំណែកពលរដ្ឋ១៥៧នាក់ កំពុងជាប់បណ្ដឹងក្រោមការត្រួតពិនិត្យពីតុលាការ ខណៈជនរងគ្រោះ ១៧នាក់ទៀត កំពុងឃុំខ្លួនបណ្ដោះអាសន្ន ក្នុងពន្ធនាគារ ដោយសារការតវ៉ាទាមទារដីធ្លីរបស់ខ្លួន។
ចំណែកឧកញ៉ា គិត ធាង ធ្លាប់ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីខែមីនា ឆ្នាំ២០១៩ ពាក់ព័ន្ធនឹងសារធាតុញៀនមេតំហ្វេតាមីននិងគ្រឿងញៀនខុសច្បាប់ផ្សេងទៀតចំនួន៥០គីឡូក្រាមរកឃើញនៅក្នុងក្លិបកម្សាន្តរ៉ុក ដែលជាកម្មសិទ្ធិរបស់លោក។
លោកត្រូវបានកាត់ទោសដាក់ពន្ធនាគារ ក្រោមបទ«ចាត់ចែងសម្រួលឱ្យមានការប្រើប្រាស់ដោយខុសច្បាប់នូវសារជាតិញៀន»។ បន្ថែមពីនេះ ឧកញ៉ា ថោង សារ៉ាត់ ត្រូវបានតុលាការចោទពីបទឃាតកម្មទុកមុន ករណីឃាតកម្មបាញ់សម្លាប់ ឧកញ៉ា អ៊ឹង ម៉េងជឺ កណ្តាលក្រុងភ្នំពេញកាលពីថ្ងៃទី២២ខែវិច្ឆិការ ឆ្នាំ២០១៤ជាដេីម។
ចំណែកអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន លើកឡើងថា ការរៀបចំឱ្យមានក្រមសីលធម៌ ឬវិជ្ជាជីវៈរបស់សមាគមឧកញ៉ា គឺជារឿងដែលល្អ។
ក៏ប៉ុន្តែ លោកថា ករណីទាំងនេះប្រហែលជាសមាគមឧកញ៉ាកម្ពុជា ដែលទើបបង្កើតថ្មីទាំងនោះ គេបានរៀបចំរួចរាល់ហើយ ដើម្បីទប់ស្កាត់កុំឱ្យមានបញ្ហាណាមួយមិនល្អដល់សង្គមជាតិ។
លោកបន្តថា៖«ចំពោះបញ្ហាឆបោកការរំលោភដីធ្លីអីនោះ និងការជួញដូរគ្រឿងញៀន ដែលកើតចេញពីសំណាក់ឧកញ៉ាមួយចំនួនកន្លងទៅ ដូចប្អូនបានដឹងអ៊ីចឹង គឺអាជ្ញាធរពាក់ព័ន្ធបានចាត់វិធានការដោះស្រាយអស់ហើយ ពុំមានទៀតនោះទេ»។
ដោយឡែក នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជាលោក សន ជ័យ មើលឃើញថា បច្ចុប្បន្ន គោរមងារ ឧកញ៉ា ខុសពីសម័យបុរាណ ពោលគឺសម័យបុរាណគោរមងារមួយនេះត្រូវបានផ្ដល់ជូនដល់ឥស្សរជនណាដែលបានលះបង់កម្លាំងកាយចិត្ត រួមនឹងថវិកាជួយសង្គមជាតិ។ ក៏ប៉ុន្តែ គោរមងារ ឧកញ៉ា សព្វថ្ងៃបែរជាផ្ដល់តម្លៃឱ្យការប្រើប្រាស់លុយជាធំ ដើម្បីទិញគោរមងារទាំងនោះ។
លោកគិតថា បញ្ហានេះជាហេតុដែលនាំឱ្យឧកញ៉ាខ្លះឆ្លៀតឱកាស យកឈ្មោះឧកញ៉ារកស៊ីប្រព្រឹត្តអបាយមុខ តាមអំពើចិត្ត ដូចជា បញ្ហាអំពើពុករលួយ ការកេងប្រវ័ញ្ច និងការរំលោភបំពានដីធ្លីពលរដ្ឋចេះតែបន្តកើតមាន ហើយ ភាគច្រើននៃបញ្ហាទាំងនោះ លោកថា កើតចេញពីក្រុមឧកញ៉ាខិលខូចមួយចំនួន ស្របពេលដែលច្បាប់យកមកអនុវត្តលើជនទាំងនោះ ហាក់ពុំសូវមានប្រសិទ្ធភាពនៅឡើយ។
លោកបន្តថា៖«អ៊ីចឹងខ្ញុំគិតថា រដ្ឋាភិបាលគួរតែពិនិត្យមើលលើលក្ខណៈវិនិច្ឆ័យដែរ ក្នុងការទទួលពាក្យ ស្នើសុំគោរមងារឧកញ៉ា។ ដូច្នេះ ត្រូវធ្វើការវិនិច្ឆ័យទៅលើសាវតារលើបុគ្គលទាំងអស់នោះ ថាតើពួកគេរកស៊ីត្រឹមត្រូវដែរឬទេ? ពួកគេមានស្នាដៃអ្វីខ្លះ ហើយពួកគេមានវារៈភាពប៉ុណ្ណា និងកម្រិតការសិក្សាបានកម្រិតណា អីជាដើម»៕