វិវាទដីធ្លីរាំរ៉ៃនៅសហគមន៍ឡពាងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដែលបានអូសបន្លាយជាង២០ឆ្នាំទៅនេះ សង្គមស៊ីវិលមើលឃើញថាដោយសារមន្រ្តីមានអំណាចលូកដៃទៅក្នុងប្រព័ន្ធយុត្តិធម៌ ធ្វើឱ្យពលរដ្ឋធ្លាប់អាស្រ័យផលធ្លាក់ក្នុងជីវភាពក្រដុនដាប។
សាលាឧទ្ធរណ៍រាជធានីភ្នំពេញបានបន្តកោះហៅប្រជាសហគមន៍ឡពាងចំនួន៥នាក់ ឱ្យចូលទៅបំភ្លឺនៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៣ ដើម្បីទាញហេតុផលផ្ទាល់មាត់ ជុំវិញជម្លោះដីធ្លីជាមួយក្រុមហ៊ុនខេឌីស៊ី(KDC) របស់អ្នកស្រី ជា ខេង ភរិយាលោក ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល។
បើតាមលិខិតកោះហៅ ចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ដែលNewsroom Cambodia ទទួលបានការ ចូលបំភ្លឺនេះជាលើកទី៤ ហើយតំណាងពលរដ្ឋដែលត្រូវតុលាការសួរទាញយកចំឡេីយ មាន៥នាក់ជាតំណាងអ្នកតវ៉ាសកម្មគឺ អ្នកស្រី អ៊ុំ សុភី លោក រាជ សីម៉ា លោក ស្ងួន ញឿន អ្នកស្រី កែវ វណ្ណៈ និងលោក ផេង រ៉ុម។
អ្នកស្រី កែវ វណ្ណៈ និយាយថា ការចូលទៅបំភ្លឺពាក់ព័ន្ធពាក្យបណ្តឹងអ្នកភូមិ សុំមោឃភាពកិច្ចព្រមព្រៀង ក្នុងជម្លោះដីធ្លីជាមួយអ្នកស្រី ជា ខេង ក្រោយសហគមន៍ដាក់ពាក្យបណ្តឹងក្នុង ឆ្នាំ២០១៤។
អ្នកស្រីរំឭកថា អំឡុងឆ្នាំ២០០៨ អ្នកស្រី ជា ខេង បានប្រើទាហ៊ានរារាំងប្រជាពលរដ្ឋមិនឱ្យចូលទៅរស់នៅលើដីដែលអ្នកភូមិកាន់កាប់តាំងពីសម័យរំដោះពីជំនាន់ប៉ុល ពត លុះមកដល់ឆ្នាំ២០១៤ ភាគីក្រុមហ៊ុនរបស់អ្នកស្រី ជា ខេង បានធ្វេីរបងចាក់គ្រឹះហំព័ទ្ធមិនឱ្យពួកគាត់ ចូលទៅអាស្រ័យផល។
ស្ត្រីអាយុ៦១ឆ្នាំរូបនេះ សំអាងថា វិវាទបានកើតឡើងចាប់ពីឆ្នាំ២០០០ប៉ះពាល់ពួកគាត់១៨៤គ្រួសារមានដី១០៨ហិកតា ដែលដីទាំងអស់នោះ បានធ្លាក់ក្នុងដៃក្រុមហ៊ុនលោកស្រី ជា ខេង ហេីយបញ្ហានេះ ពួកគាត់បានរកកិច្ចអន្តរាគមន៍ពីស្ថាប័នពាក់ព័ន្ធទាំងថ្នាក់ខេត្ត និងថ្នាក់ជាតិ នៅតែមិនអាចរកច្រកចេញបាន ។
អ្នកស្រី កែវ វណ្ណៈ ឱ្យដឹងទៀតថា ការអូសបន្លាយពេលជាង២០ឆ្នាំ ស្របពេលក្រុមហ៊ុនបានធ្វើរបងព័ទ្ធយកដីមិនឱ្យចូលអាស្រ័យផលបែបនេះ ធ្វើឱ្យអ្នកស្រីប្រឈមបញ្ហាជីវភាពខ្លាំង ដែលបច្ចុប្បន្នគាត់មើលកូនៗឱ្យគេបានប្រាក់២០ម៉ឺនរៀលក្នុងមួយខែ សម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃ។
អ្នកស្រីថា៖«និយាយទៅចង់តែទឹកភ្នែក តាំងបាត់បង់ដីស្រែអីមកហ្នឹង! កូនចៅក៏អត់បាននៅផ្ទះ រៀនសូត្រក៏អត់បានរៀនសូត្រ នៅតែកូនប្រុសមួយដើររើសខ្យងរាល់ថ្ងៃយប់ដើររើសតាមបឹង ហើយអាបឹងហ្នឹង ឥលូវគេជីកបូមខ្សាច់បូមអី »។
អ្នកស្រី អ៊ុំ សុភី វ័យ ៤៤ឆ្នាំ ដែលបានតវ៉ាច្រើនឆ្នាំនិយាយថា ដីគាត់២ហិកតា ត្រូវក្រុមហ៊ុន KDC ធ្វើរបងព័ទ្ធយកទាំងមិនទាន់ផ្តល់សំណង ។
ជុំវិញបញ្ហានេះ Newsroom Cambodia មិនអាចរកការបញ្ជាក់ពីលោកស្រី ជា ខេង ប្រធានក្រុមហ៊ុន KDC បានទេត្រឹមថ្ងៃសុក្រនេះ។
យ៉ាងណាអ្នកស្រី អ៊ុំ សុភី ឱ្យដឹងថា ក្នុងឆ្នាំ២០១៤ អ្នកមានវិវាទដីធ្លីនៅភូមិឡពាងជាង ២០គ្រួសារ បានទៅជួបក្រុមហ៊ុន KDC នៅសាលាស្រុកកំពង់ត្រឡាច ដែលមានទាំងវត្តមានអាជ្ញាធរ ដើម្បីដោះស្រាយសំណង។
ប៉ុន្តែគាត់ថា កិច្ចសន្យាដែលអ្នកភូមិមួយចំនួនបានផ្តិតមេដៃលើកិច្ចសន្យា ពួកគេមិនចេះអក្សរ មិនបានដឹងថា លើក្រដាសនោះគេសរសេរពីអ្វីនោះទេ ។
ក្រោយមក អ្នកដែលបានផ្តិតមេដៃទើបដឹងថា កិច្ចសន្យានោះជាការទទួលយកសំណង១លៀនរៀល ក្នុងដី១ហិកតា ខណៈអ្នកភូមិទាមទារ១ម៉ឺនដុល្លារក្នុង១ហិកតា ដែលបញ្ហានេះជំរុញឱ្យពួកគេ ដាក់ពាក្យប្តឹងទៅតុលាការដើម្បីសុំមោឃភាពកិច្ចសន្យា ដោយសំអាងថាកិច្ចសន្យាពេលនោះ ធ្វើឡើងក្រោមរូបភាពគំរាមកំហែង។
យ៉ាងណាក្តី អ្នកស្រី អ៊ុំ សុភី រំពឹងថា សាលាឧទ្ធរណ៍រាជធានីភ្នំពេញនឹងកាត់ក្តីសំណុំរឿងនៅសហគមន៍ឡពាងនេះប្រកបដោយតម្លាភាព ដើម្បីផ្តល់យុត្តិធម៌សម្រាប់អ្នកភូមិដែលកំពុងរង់ចាំយុត្តិធម៌ ។
អ្នកស្រីបន្តថា៖«សម្រាប់ខ្ញុំ ខ្ញុំសង្ឃឹមថា តុលាការនឹងផ្តល់ភាពយុត្តិធម៌ និងឯករាជ្យដល់ពួកយើង ដោយឈរលើយុត្តិធម៌ កាត់ក្តីដោយយុត្តិធម៌ ឯករាជ្យ ដោយមិនលម្អៀង»។
ជុំវិញករណីនេះដែរ ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក លោក នី សុខា លើកឡើងថា ប្រជាពលរស់នៅក្នុងសហគមន៍ឡពាង បានកាន់កាប់ដីតាំងពីអំឡុងឆ្នាំ១៩៧៩ មកម្លេះ ដែលមានន័យថា ពួកគេមានសិទ្ធិអាស្រ័យផលដោយស្របច្បាប់រួចទៅហើយ។
មួយវិញទៀតលោកថា ទោះបីជាភាគីក្រុមហ៊ុនអះអាងថា មានប្លង់កម្មសិទ្ធិក្នុងការកាន់កាប់ដីនៅសហគមន៍ឡពាងនេះក៏ដោយ ប៉ុន្តែលោកថា បណ្ណកម្មសិទ្ធិនោះនៅមានភាពចម្រូងចម្រាសដែលតម្រូវមន្រ្តីជំនាញគួរមានការស៊ើបអង្កេតបន្ថែមទៀត។
លើសពីនេះ លោកសង្កេតឃើញថា បញ្ហាដែលនាំឱ្យវិវាទដីធ្លីនេះ ដោះស្រាយមិនចេញ អាចមានជាប់ពាក់ព័ន្ធនឹងទំនាស់ផលប្រយោជន៍ ដែលមានអ្នកមានអំណាចកាងនៅខាងក្រោយខ្នង។
លោកបន្តថា៖ «យើងមើលជាមួយនឹងក្រុមហ៊ុនមួយចំនួន គឺថា វាតែងតែមានការពិបាក ក្នុងការដែលធ្វើឱ្យអាជ្ញាធរ ក្នុងការលូកដៃក្នុងការសម្រេចទាំងអស់ហ្នឹង គឺមានការលំបាកណាស់។ខ្ញុំគិតថា ក្រុមហ៊ុននីមួយៗ គឺមានឥទ្ធិពល យើងមើលជារូបភាពខាងក្រៅ គឺមានទៅលើការសម្រេចចិត្តទាំង អាជ្ញាធរ ទាំងតុលាការទាំងអីទាំងអស់ហ្នឹង»។
យោងតាមច្បាប់ភូមិបាលឆ្នាំ ២០០១ បញ្ចាក់ថា បុគ្គលដែលកាន់កាប់ដី មុនការអនុម័តលើច្បាប់នេះ អាចមានសិទ្ធិក្លាយទៅជាកម្មសិទ្ធិលើអចលនវត្ថុបាន លុះត្រាតែបុគ្គលនោះកាន់កាប់ ដោយពិតប្រាកដ គ្មានហិង្សា ដឹងឮជាសាធារណៈ គ្មានអាក់ខាន និងដោយសុចរិត។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន បានបដិសេដឆ្លើយតបសំណួរតាមរយៈបណ្តាញសង្គមតេឡេក្រាម ជុំវិញការរិះគន់ប្រព័ន្ធយុត្តិធម៌ពាក់ព័ន្ធជម្លោះដីធ្លីនៅក្នុងសហគមន៍ឡពាងនេះ។
លោកសរសេរថា៖«អធ្យាស្រ័យយើងអាចផ្តល់ព័ត៌ដល់តែបណ្តាញសារព័ត៌មានដែលចុះបញ្ជីនិងទទួលស្គាល់ដោយក្រសួងតែប៉ុណ្ណោះ»។
យ៉ាងណាក្តី ប្រជាសហគមន៍នៅឡពាងបានដាក់ក្តីរំពឹងថា សមាជិកសភាសម្រាប់អាណត្តិថ្មីនេះដែលចូលរួម ពីអ្នកតំណាងរាស្រ្តកូតាគណបក្សរាជានិយម ហ៊្វុនស៊ិនប៉ិច អាចនឹងជួយស្វែងរកដំណោះស្រាយ ចំពោះវិវាទដីធ្លីដែលកើតឡើងជិត ២០ឆ្នាំមកនេះបាន។
ឆ្លើយតបរឿនេះ អ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិច លោក ញឿន រ៉ាដែន មានប្រសាសន៍ថា ក្រុមតំណាងរាស្រ្តមកពីគណបក្សរាជានិយមមួយនេះបានប្តេជ្ញាចិត្តរួលរាល់ហើយ ដើម្បីដោះស្រាយបញ្ហាខ្វះខាតរបស់រដ្ឋាភិបាល។
លោកបន្តថា៖ «គណបក្សហ្វុនស៊ិនប៉ិចដែលមានតំណាងរាស្រ្ត ៥រូប តំណាងដោប្រជារាស្រ្តនោះ យើងនឹងខិតខំ ជាពិសេសយើងនឹងពិនិត្យមើលបញ្ហាមួយចំនួនដែលជាសេចក្តីខ្វះខាត ឬអ្វីមួយដែលប្រជារាស្រ្តលោកជួបប្រទះ»។
សម្រាប់លោក នី សុខា បើបញ្ហាដីធ្លីចេះតែអូសបន្លាយ ហើយប្រព័ន្ធយុត្តិធម៌នៅតែមិនអាចផ្តល់យុត្តិធម៌ដល់អ្នកគ្មានអំណាចបាន បញ្ហាច្រើនទៀតនឹងបន្តកើតឡើង ហើយទីបំផុតភាពអសន្តិសុខក្នុងសង្គមអាចនឹងកើតឡើង ដោយសារកម្សោយនៃប្រព័ន្ធអភិបាលកិច្ច ។
លោកបន្តថា៖ «យើងឃើញបញ្ហាហ្នឹងកើតឡើងវាអាចជះឥទ្ធិពលដល់ការប្រើប្រាស់សេរីភាព សិទ្ធិទទួលបានយុត្តិធម៌ របស់ប្រជាពលរដ្ឋ អីៗផ្សេងៗ វាអាចប៉ះពាល់ដល់ដំណើរការអភិវឌ្ឍន៍របស់រដ្ឋាភិបាល វាអាចប៉ះពាល់ដល់មុខមាត់របស់រដ្ឋភិបាល »។
របាយការណ៍ស្តីពីស្ថានភាពវិវាទដីធ្លី ដែលចេញផ្សាយដោយសមាគមការពារសិទ្ធិមនុស្សអាដហុក កាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា ជម្លោះដីធ្លីក្នុងឆ្នាំ២០២១ មានចំនួន១៦៩ករណី លើផ្ទៃដីទំហំ ជាង ៥ម៉ឺនហិកតា (៥២ ៦០១.៨៧ ហិកតា)។
ក្នុងនោះបង្កផលប៉ះពាល់ដល់ជនរងគ្រោះចំនួនជិត ២ម៉ឺនគ្រួសារ (១៧ ០៣៣ គ្រួសារ) ស្មើនឹង ជាង៦ ម៉ឺននាក់ (៦១ ៤៦៩នាក់) មានជនជាតិដើមភាគតិច ១ ៣៤៧ គ្រួសារ។
ប្រភពដដែលឱ្យដឹងទៀតថា ក្នុងនោះករណីលេចធ្លោជាងគេគឺការរំលោភយកដីដោយបុគ្គលមានអំណាចចំនួន ៦៦ករណី និងបុគ្គលអ្នកមានទ្រព្យសម្បត្តិចំនួន២៧ករណី។ របាយការណ៍រកឃើញថា កត្តាចម្បងដែលនាំឲ្យមានការចាប់ខ្លួន-ចោទប្រកាន់-ឃុំខ្លួន ប្រជាពលរដ្ឋក្នុងរឿងវិវាទដីធ្លី គឺដើម្បីបំបាក់ស្មារតីប្រជាពលរដ្ឋម្ចាស់ដី ឲ្យពួកគាត់លែងហ៊ានប្រើសិទ្ធិ ក្នុងការទាមទារតវ់ាស្វែងរកយុត្តិធម៌៕