លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា លោកនឹងវិលត្រលប់មកចូលកាន់តំណែងជានាយករដ្ឋមន្ត្រីសារជាថ្មីម្តងទៀតប្រសិនបើកូនប្រុសរបស់លោកគឺលោកហ៊ុន ម៉ាណែត ដែលជាបេក្ខភាពនាយករដ្ឋមន្ត្រីថ្មីរូបនេះ មានគ្រោះថ្នាក់ដល់អាយុជីវិត។

ថែ្លងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវក្រវាត់ក្រុងទី៣ នៅព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣នេះថា ប្រសិនបើលោក ហ៊ុន ម៉ាណែត មានគ្រោះថ្នាក់ដល់ជីវិត លទ្ធភាពនៃវិលត្រលប់មកធ្វើជានាយករដ្ឋមន្ត្រីមួយរយៈ គឺរូបលោកផ្ទាល់។ បន្ទាប់ពីនោះ លោកនឹងជ្រើសរើសនរណាម្នាក់ដែលមាន​សមត្ថភាពធ្វើជានាយករដ្ឋមន្ត្រីបន្ត។

លោកបន្តថា៖ «ខ្ញុំបានជម្រាបនៅក្នុងគណៈអចិន្ត្រៃយ៍​ឆ្លងតាំងពីខែធ្នូ ឆ្នាំ២០២១ ឯណោះ បើសិនជា ម៉ាណែត គ្រោះថ្នាក់ដល់ជីវិត ខ្ញុំត្រូវវិលត្រលប់មកធ្វើជានាយករដ្ឋមន្រ្តីវិញ នេះជារឿងចាំបាច់ដើម្បីធានានូវសេចក្តីសុខរបស់ប្រជាជន»៕