សម្ដេចព្រះមហាអរិយវង្ស បណ្ឌិត ឃី សុវណ្ណរតនា បានលាពីព្រះគោរម្យងារ «សម្តេចព្រះមហាអរិយវង្ស» និងលាចាកសិក្ខាបទ កាលពីថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៣។

លោក សុវណ្ណរតនា គឺជាបុគ្គលមួយរូបនៅកម្ពុជា ដែលមានចំណេះដឹងខ្ពង់ខ្ពស់ ផ្នែកភាសាអង់គ្លេស ភាសាបារាំង ភាសាសំស្ក្រឹត និងភាសាបាលី។ លោកបានទៅរៀនយកបណ្ឌិតនៅឥណ្ឌា ហើយនិងធ្លាប់ទៅប្រទេសស្រីលង្កាក៏ច្រើនឆ្នាំ អ៊ីចឹងភាសាអង់គ្លេស ភាសាបារាំង ហើយខាងធម៌សំស្ត្រឹត បាលី ក៏លោកបានសិក្សាបានខ្ពស់ ដូច្នេះលោកអាចទំនាក់ទំនងធ្វើការជាមួយសង្គម ឬក្នុងជួររដ្ឋាភិបាលបាន។

ក្នុងលិខិតក្រាបបង្គំទូលថ្វាយ សម្ដេចព្រះមហាសុមេធាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្ដេចព្រះសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា សុំព្រះបរមរាជានុញ្ញាតលាលែងពីព្រះគោរមងារ សម្ដេចព្រះមហាអរិយវង្ស សម្ដេច ឃី សុវណ្ណរតនា បានបញ្ជាក់ថា ព្រះអង្គបានសាងព្រះផ្នួសបួសជាបព្វជិត អស់រយៈពេល ៣៣វស្សា។

លោកបានរួមចំណែកកសាង និងអភិវឌ្ឍវិស្ស័យព្រះពុទ្ធសាសនា តាមរយៈស្ថាប័នសម្ដេចព្រះសង្ឃរាជ គណៈសង្ឃនាយក និងវិស័យពុទ្ធិកសិក្សានៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងចូលរួមជួយកិច្ចការសង្គម តាំងពីឆ្នាំ២០០២ រហូតដល់បច្ចុប្បន្ន គិតមកដល់ពេលនេះមានរយៈពេល ២១ឆ្នាំ បន្ទាប់ពីបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ អនុបណ្ឌិត និងបណ្ឌិត នៅប្រទេសស្រីលង្កា និងប្រទេសឥណ្ឌា។

ក្នុងលិខិតក៏បានបញ្ជាក់ផងដែរថា នាពេលបច្ចុប្បន្ន លោក សុវណ្ណរតនា មានភាពនឿយណាយក្នុងព្រះផ្នួស ហើយមានបំណងចូលរួមចំណែកបម្រើសង្គមជាតិក្នុងភាពជាឃរាវាស។

ដោយឡែកនៅក្នុងប្រទេសកម្ពុជាយើង ក៏ដូចជាប្រទេសជិតខាងយើង ដូចជាថៃជាដើម គេមិនប្រកាន់ទេ អ្នកដែលសឹកទៅ គេនៅតែគោរពរាប់អាន និងនៅតែឱ្យតម្លៃជានិច្ច៕